គណៈកម្មាធិការព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០០ ជាមួយកម្ពុជា ដើម្បីឱ្យប្រទេសថៃទទួលបានអត្ថប្រយោជន៍ផ្សេងៗ និងមិនចាញ់ប្រៀបកម្ពុជា ដោយគណៈកម្មាធិការនេះថា បើទោះជាគ្មាន MOU ឆ្នាំ២០០០ ក៏ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការចរចាព្រំដែនផ្លូវគោកអចិន្ត្រៃយ៍ជាមួយកម្ពុជាដោយសន្តិវិធីបន្តទៀត ។
គណៈកម្មាធិការព្រឹទ្ធសភាថៃត្រៀមបញ្ជូនឯកសារទៅកាន់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ចាត់វិធានការបន្តទៀត ដោយការលុបចោល MOU ឆ្នាំ២០០០ ក្នុងគោលបំណងកុំឱ្យថៃចាញ់ប្រៀបកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី២៤ ខែមីនា ។
លោក Noppadol Inna សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភា ដែលបំពេញតួនាទីសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា និយាយថា គណៈកម្មាធិការបានប្រជុំពិភាក្សាគ្នាពីការលុបចោល MOU ចំនួន២០ដង, ចុះសិក្សានៅខេត្តចំនួន៧ ដែលមានព្រំដែនជាប់កម្ពុជា, ស្តាប់របាយការណ៍លម្អិតរបស់ទីភ្នាក់ងារសន្តិសុខ និងក្រសួងការបរទេសថៃ ។
ការសិក្សារបស់គណៈកម្មាធិការបានបែងចែកជា២ផ្នែក គឺ MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ ក្នុងនោះ MOU ឆ្នាំ២០០១ គឺគណៈកម្មាធិការបានផ្ដល់អនុសាសន៍ជាឯកច្ឆ័ន្ទឱ្យលុបចោល និងប្រកាសពីការលុបចោលតាំងពីខែធ្នូ ឆ្នាំ២០២៥ ។ រីឯ MOU ឆ្នាំ២០០០ គណៈកម្មាធិការសម្រេចថា គួរតែលុបចោល បើទោះជាគ្មាន MOU ឆ្នាំ២០០០ ក៏ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការចរចាព្រំដែនផ្លូវគោកអចិន្ត្រៃយ៍ជាមួយកម្ពុជាដោយសន្តិវិធីបន្តទៀត ដើម្បីឱ្យប្រទេសថៃទទួលបានអត្ថប្រយោជន៍ផ្សេងៗ ។
បើតាមការលោក Noppadol Inna ជំហ៊ានបន្ទាប់ នឹងបញ្ចូលការលុបចោល MOU ឆ្នាំ២០០០ ទៅក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភាដើម្បីបោះឆ្នោតអនុម័ត បន្ទាប់មក ព្រឹទ្ធសភានឹងបញ្ជូនឯកសាររបស់គណៈកម្មាធិការទៅឱ្យគណៈរដ្ឋមន្ត្រីចាត់វិធានការបន្ត ។ លោករំពឹងថា ឯកសារលុបចោល MOU ឆ្នាំ២០០០ នឹងបញ្ជូនទៅកាន់កិច្ចប្រជុំព្រឹទ្ធសភានៅខែមេសា និងថា ថៃអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបានដោយយោងតាមអនុសញ្ញាទីក្រុងវីយែនស្តីពីច្បាប់សន្ធិសញ្ញា ។
គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ (ហៅកាត់ថា MOU ឆ្នាំ២០០០) ។
MOU ឆ្នាំ២០០០ មានខ្លឹមសារពង្រឹងថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដោយមានជំនឿទុកចិត្តថា ការខ័ណ្ឌព្រំសីមាព្រំដែនគោករវាងកម្ពុជា-ថៃ គឺជាប្រការមួយអាចជួយរារាំង និងដោះស្រាយនូវជម្លោះព្រំដែនដែលកើតឡើងតាមបណ្តោយព្រំដែន ព្រមទាំងសម្រួលដល់ការធ្វើដំណើរ និងសហប្រតិបត្តិការរវាងពលរដ្ឋនៅតាមបណ្តោយព្រំដែន ៕










