ជាច្រើនដងមកហើយដែលអ្នកសិល្បៈមួយចំនួនបានត្អូញត្អែរអំពីផលលំបាកក្នុងការថតរូបនៅឯប្រាសាទអង្គរវត្តក្រោមហេតុផលផ្សេងៗ។ យ៉ាងណាមិញ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងម្តងទៀតខណៈអ្នកសិល្បៈជាច្រើនរូបដូចជាតារាសម្តែង ឆឹម សក្កដា តារាសម្តែង សេង មង្គល កញ្ញា ណាក់ ស្រីណា បានបញ្ចេញប្រតិកម្មរបស់ខ្លួនឡើងមក។

នៅថ្ងៃទី២៥ ខែមីនា មានគណនីមួយឈ្មោះថា So Channou បាន Live ចេញពីតំបន់អង្គរជាមួយនឹងក្រុមសិល្បៈបុរាណមួយក្រុមសម្តែងការខកចិត្តយ៉ាងខ្លាំងដែលខាងអាជ្ញាធរជាតិអប្សរាពុំអនុញ្ញាតឱ្យចូលថតឡើយដោយតម្រូវឱ្យមានលិខិតអនុញ្ញាតជាមុនសិន។ ភាពខកចិត្តរបស់ពួកគាត់កាន់តែខ្លាំងនោះគឺថាក្រុមអ្នកសិល្បៈបានរៀបចំតែងខ្លួនតាំងពីម៉ោង២ទៀបភ្លឺស្លៀកពាក់តាមបែបប្រពៃណីខ្មែរយ៉ាងត្រឹមត្រូវប៉ុន្តែដល់ម៉ោង៩ព្រឹកទៅហើយនៅតែមិនអាចថតបាន។
រឿងរ៉ាវនេះបានធ្វើឱ្យរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមដោយមានការចែករំលែកយ៉ាងច្រើន។ ក្នុងពេលជាមួយគ្នានេះសិល្បករដែលធ្លាប់ដឹងពីផលលំបាកក្នុងការថតបានបង្ហាញប្រតិកម្មរបស់ខ្លួនឡើងមក។

តារាសម្តែង សេង មង្គល បានចែករំលែកគណនីខាងលើដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ជួបផ្ទាល់ទើបដឹងថាមិនស្រួលទេ វាធ្វើឱ្យយើងមានអារម្មណ៍ថាលែងចង់ថតផ្សព្វផ្សាយតែម្តង ស្មុគស្មាញ»។

ងាកមកកាន់តារាសម្តែង ឆឹម សក្កដា វិញបានលើកឡើងយ៉ាងដូច្នេះថា «ឧស្សាហ៍ឮរដ្ឋមន្រ្ដីមានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបជាចំណែកនៃការចូលរួមផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍…. ប៉ុន្ដែ……យល់អារម្មណ៍មួយនេះច្បាស់ណាស់ ព្រោះតែដើម្បីជាតិទើបឈឺ….ឈឺជាងសាសន៍គេបំពានទៀត….»។
ចំណែកតារាសម្តែងនិងជាពិធីការិនី ណាក់ ស្រីណា បានពោលទាំងមិនអស់ចិត្តថា «ខ្ញុំនៅតែមិនយល់ ហេតុអ្វីបានមិនឲ្យថត ហេតុអ្វី?????? ខ្ញុំឆ្អែតម្តងៗដែរ ពេលតែងខ្លួនបុរាណហើយ ទៅថតគេមិនឱ្យថត ឈឺណាស់និយាយមែន»។

គួរបញ្ជាក់ផងដែរថាកាលពីដើមខែមីនា សៃហ្វុន លំដាប់រងទី១ Miss Universe Cambodia 2023 ក៏បានបង្ហាញការខូចចិត្តនិងខកចិត្តជាខ្លាំងនៅពេលតែងខ្លួនបែបសហសម័យចង់ដើរលើកម្រាលព្រំដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ខាងអាជ្ញាធរនៅទីនោះពុំអនុញ្ញាតឡើយក្រោមហេតុផលធ្វើឱ្យខូចវប្បធម៌៕










