បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមានសភាពស្ងប់ស្ងាត់ បែរជាសារព័ត៌មានថៃនានាផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដែលដកស្រង់សម្តីរបស់ប្រធានចារកម្មថៃចោទប្រកាន់មកលើកម្ពុជាត្រៀមផ្ទុះអាវុ.ធលើកទី៣ ហើយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ថា យោងតាមការត្រួតពិនិត្យស្ថានការណ៍ ការសាកសួរ និងមានការបញ្ជាក់ពីកងទ័ព គឺកម្ពុជាមិនបានធ្វើអ្វីប៉ះពាល់ប្រទេសថៃទេ ។ នៅថ្ងៃដដែល ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់នេះថា មិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន ។
«បញ្ហាព្រំដែនកម្ពុជា-ថៃ គ្មានអ្វីគួរឱ្យព្រួយបារម្ភទេ គឺអគ្គសេនាធិការកងទ័ពជើងគោកថៃរាយការណ៍មកថា កម្ពុជាគ្រាន់តែចល័តកម្លាំងតាមធម្មតាប៉ុណ្ណោះ គ្មានអ្វីខុសប្រក្រតី សូមពលរដ្ឋថៃកុំបារម្ភ» ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី Anutin ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៤ ខែមីនា ដែលសាកសួរថា តើកម្ពុជាអាចផ្ទុះអាវុធលើកទី៣ ដែរឬទេ ។
សារព័ត៌មានថៃសួរសំណួរនេះទៅនាយករដ្ឋមន្ត្រី បន្ទាប់ពីសារព័ត៌មានថៃនានាចុះផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ដែលដកស្រង់សម្តីរបស់ប្រធានចារកម្មថៃចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ ។ ប្រធានចារកម្មថៃ លោក ធីរ៉ាណាន់ ណាន់ថាក្វាង បានបង្ហោះសារក្នុងហ្វេសប៊ុកថា ៖ «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហាក់ដូចជាមានការធ្លាក់ចុះនៃការប្រើប្រាស់កម្លាំងកងទ័ព កម្ពុជាបានប្រើប្រាស់ច្បាប់អន្តរជាតិ និងជំរុញពិភពលោកដាក់សម្ពាធថៃ ប៉ុន្តែពិភពលោកកំពុងមានជម្លោះរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ទើបមិនអាចបដិសេធបានថា នឹងគ្មានការប្រយុទ្ធគ្នាម្តងទៀត» ។
កាលពីថ្ងៃទី២៤ ខែមីនា នៅគណបក្សភូមិចៃថៃ លោកនាយករដ្ឋមន្ត្រី Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីប្រធានចារកម្មថៃចោទប្រកាន់មកលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ និងចោទប្រកាន់កម្ពុជាចល័តកម្លាំងនៅក្បែរព្រំដែន ។ លោក Anutin ថា បានសាកសួរទៅកាន់អគ្គសេនាធិការកងទ័ពជើងគោកថៃ និងទទួលបានព័ត៌មាន កម្ពុជាគ្រាន់តែចល័តកម្លាំងតាមធម្មតា មិនបានធ្វើអ្វីប៉ះពាល់ប្រទេសថៃទេ លោកក៏បានឱ្យកងទ័ពបំភ្លឺការពិតផងដែរ ដោយសារពេលនេះ ថៃកំពុងមានបញ្ហាផ្សេងទៀត (បញ្ហាសង្គ្រាមមជ្ឈិមបូព៌ា) ។
លោក Anutin បន្តថា តាមការសាកសួរស្ថានការណ៍ព្រំដែនទៅកាន់អគ្គសេនាធិការកងទ័ពជើងគោកថៃ គឺស្ថានការណ៍ព្រំដែនពេលនេះដូចមុន គ្មានអ្វីខុសប្លែក ប៉ុន្តែខាងថៃបានត្រៀមសម្ភារៈកងទ័ពសម្រាប់ប្រើប្រាស់ ហើយលោកប្រាប់ពលរដ្ឋកុំបារម្ភពីបញ្ហាព្រំដែន ។ គ្មានសញ្ញាផ្ទុះអាវុធលើកទី៣ គឺលោកមិនបានសន្និដ្ឋានខ្លួនឯងទេ ប៉ុន្តែលោកនិយាយដោយយោងតាមការត្រួតពិនិត្យស្ថានការណ៍ ការសាកសួរ និងមានការបញ្ជាក់ពីកងទ័ព ។
នៅថ្ងៃដដែល (ថ្ងៃទី២៤ ខែមីនា) ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលដកស្រង់សម្តីរបស់ប្រធានចារកម្មថៃចោទប្រកាន់មកលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ ដោយក្រសួងការពារជាតិកម្ពុជាថា មិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន ។ កងយោធពលខេមរភូមិន្ទប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន ។
កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន ៕










