កម្រនឹងសម្រក់ទឹកភ្នែកបង្ហាញជាសាធារណៈពេលនេះ សៃហ្វុន លែងខ្មាសអ្នកណាទាំងអស់ដោយសារតែការអន់ចិត្តខំចំណាយថវិកា ពេលវេលាផ្ទាល់ខ្លួនព្រោះចង់បង្ហាញតំបន់ទេសចរណ៍បែរជាមានការឃាត់ឃាំងក្រោមហេតុផលថាខុសប្រពៃណី។ ឃើញ សៃហ្វុន លើកឡើងពីបញ្ហានេះតារាសម្តែង ឆឹម សក្កដា បង្ហើបថាលោកធ្លាប់បាក់ទឹកចិត្តច្រើនដងខំចំណាយលុយច្រើនមិនទទួលបានការជួយសម្រួលតែបែរជាមកបង្អាក់ទៅវិញ។

នៅថ្ងៃទី៨ ខែមីនា សៃហ្វុន លំដាប់រងទី១ Miss Universe Cambodia 2023 បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំហត់ ពេលនេះខ្ញុំចង់សម្រាក អារម្មណ៍ស្រឡាញ់ដាក់ចិត្តដាក់កាយថានឹងធ្វើវាឱ្យបានល្អបំផុតតែឥឡូវនេះវាមិនមែនជាពេលវេលាសម្រាប់ខ្ញុំទៀតទេអរគុណ»។ នៅក្នុងវីដេអូនេះ សៃហ្វុន បាននិយាយទាំងទឹកភ្នែករលីងរលោងនាងខំធ្វើដំណើរតាំងពីភ្នំពេញមកចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីថតបង្ហាញពីតំបន់ទេសចរណ៍ បង្ហាញពីប្រាសាទ ដោយនាងនឹកឃើញថាកាលពីនាងដើរលើកម្រាលព្រំក្រហមនៅភ្នំពេញមានអ្នកទស្សនារហូតជិត១០លានដង។

យ៉ាងណាមិញ ព្រោះចង់បង្ហាញពីប្រាសាទដោយមានការរួមបញ្ជូលបែបសហសម័យបែរមានការសួរនាំបង្អាក់ដំណើរមិនឱ្យថតក្រោមហេតុផលថាខូចវប្បធម៌ ខុសប្រពៃណី។ សៃហ្វុន បានទម្លាយថាការនិយាយដាក់នាង បង្ហាញអាកប្បករិយាមកគឺមិនឱ្យតម្លៃនាងតែម្តង។ ជាមួយគ្នានេះ សៃហ្វុន បញ្ជាក់នៅក្នុងវីដេអូនេះការថតទាំងអស់ប្រើប្រាស់ដោយទូរសព្ទដៃមិនមានប្រើប្រាស់កាមេរ៉ាឌីជីថលខ្នាតធំអ្វីទាំងអស់មិនមានការផ្សព្វផ្សាយពាណិជ្ជកម្មមិនមានការផ្សព្វផ្សាយផលិតផលអ្វីផ្សេងៗបញ្ជាក់ឈុតដែលស្លៀកគឺសមស្របជាមួយនឹងសម័យលាយបុរាណ មិនមានភាពសិចស៊ីមិនមានភាពច្នៃប្រឌិតលើសលប់វាជាឈុតបែបរាត្រីស្រមោលសដែលមើលទៅរំលេចជាមួយនឹងគ្រឿងបូរាណរបស់យើង»។.png)
វីដេអូរបស់ សៃហ្វុន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ភ្លាមៗនិងមានការបញ្ចេញមតិវែកញែកជាច្រើន។ ក្នុងនោះដែរ គេសង្កេតឃើញថាតារាសម្តែង ឆឹម សក្កដា ក៏បានចែករំលែកបន្តនិងបញ្ជាក់ថាលោកបាក់ទឹកចិត្តជាច្រើនដងព្រោះជួបប្រទះមិនខុសគ្នាប៉ុន្មានពី សៃហ្វុន ឡើយ។
លោកបានរៀបរាប់ថា «និយាយតាមត្រង់ ខ្ញុំក៏បាក់ទឹកចិត្តច្រើនដងពីរឿងនេះដែរ! ចាយលុយ ចាយពេលវេលាខ្លួនឯងម្ដងៗមិនតិចទេ ដើម្បីតែជាតិ ជួយប្រម៉ូតទាំងវប្បធម៌ ទាំងទេសចរណ៍ ! តែ….. ពេលខ្លះស្នើរហើយ តែពេលទៅធ្វើមិនបានមកជួយសម្រួលយើងទេ គឺមកបង្អាក់ពេលវេលាយើង ដេញដោលមួយចប់ ពេលខ្លះខាតលុយរាប់ពាន់ទៅថតបានតែបន្ដិច ….. បើឱ្យខ្ញុំនិយាយឱ្យអស់គេមកចោទខ្ញុំថាពួកប្រឆាំងទៀតឥឡូវហើយ»។ តារាសម្តែង ឆឹម សក្កដា ថាកុំឱ្យហត់ចិត្ត ដេកផ្ទះ ហើយសង្ឃឹមថាហ្វេនៗនឹងយល់ពីលោក៕










