Home ព័ត៌មានអន្តរជាតិ ចិនដាស់តឿនអាមេរិកឈប់ដាក់សម្ពាធពាណិជ្ជកម្មលើប្រទេសនានាដែលមិនសហការ

ចិនដាស់តឿនអាមេរិកឈប់ដាក់សម្ពាធពាណិជ្ជកម្មលើប្រទេសនានាដែលមិនសហការ

9
0

ចិនបានចេញមុខដាស់តឿនអាមេរិកកុំបង្ខិតបង្ខំឱ្យប្រទេសនានាសហការក្នុងសង្គ្រា.មវាយប្រ.ហារអ៊ីរ៉ង់ និងកុំយកពាណិជ្ជកម្មមកធ្វើជាឧបករណ៍ដាក់សម្ពាធ ពីព្រោះប្រតិបត្តិការកងទ័ពលើអ៊ីរ៉ង់គឺជាការល្មើសច្បាប់អន្តរជាតិ បង្កើនភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា ដោយចិនជំរុញឱ្យភាគីជម្លោះទាំងអស់បញ្ឈប់ប្រតិបត្តិការកងទ័ពត្រឹមនេះ ។ ការដាស់តឿនរបស់ចិន បន្ទាប់ពីមេដឹកនាំអាមេរិកប្រកាសផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ដោយគ្រាន់តែអេស្ប៉ាញមិនគាំទ្រសង្គ្រា.ម ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងព័ត៌មានពីប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ដោយសារអេស្ប៉ាញមិនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពអាកាសនៅអេស្ប៉ាញវាយប្រហារអ៊ីរ៉ង់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning ថា ប្រតិបត្តិការកងទ័ពរបស់អាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ គឺជាការល្មើសច្បាប់អន្តរជាតិ ហើយអាមេរិកមិនគួរដាក់សម្ពាធពាណិជ្ជកម្មលើប្រទេសនានាដែលមិនរួមដៃទេ ។

អ្នកស្រី Mao Ning បន្តថា តាំងពីកើតសង្គ្រាមនៅអ៊ីរ៉ង់ ពលរដ្ឋចិនជាង៤៧០នាក់បានជម្លៀសចេញពីប្រទេសនេះដោយសុវត្ថិភាពក្រោមការសម្របសម្រួលរបស់ស្ថានទូតចិននៅទីក្រុងតេហេរ៉ង់ ហើយអ្នកស្រីក៏បានដាស់តឿនទៅកាន់ពលរដ្ឋចិនដែលកំពុងស្នាក់នៅអ៊ីរ៉ង់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងប្រញាប់ចាកចេញជាបន្ទាន់ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនដាស់តឿនទៅកាន់ពលរដ្ឋរបស់ខ្លួន បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក បណ្តាលមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាត់បង់ជីវិត ដែលធ្វើឱ្យអ៊ីរ៉ង់សងសឹកវិញដោយការវាយប្រហារទៅលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅឈូងសមុទ្រអារ៉ាប់ដែលមានមូលដ្ឋានកងទ័ពអាមេរិក ។

ចំណែកអ្នកនាំពាក្យសភាប្រជាជនចិន លោក Lou Qinjian បានអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការកងទ័ពជាបន្ទាន់ ចៀសវាងការបង្កើនភាពតានតឹង ងាកមកការចរចាគ្នាដើម្បីសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ។ លោកថា អធិបតេយ្យ សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ គួរតែទទួលបានការគោរព និងគ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងកិច្ចការអន្តរជាតិ ឬកំណត់ជោគវាសនារបស់ប្រទេសផ្សេងឡើយ ។

ប្រទេសចិនបានជំរុញឱ្យភាគីជម្លោះទាំងអស់បញ្ឈប់ប្រតិបត្តិការកងទ័ពត្រឹមនេះ និងងាកមកបន្តការចរចាដោយសន្តិវិធី ដោយចិនបញ្ជាក់ថា ការប្រើប្រាស់កម្លាំងគ្រាន់តែជាវិធានការបណ្តោះអាសន្នធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរខ្លាំងឡើងប៉ុណ្ណោះ ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញភ្លាមៗ និងរិះគន់ការចំណាយលើវិស័យការពារជាតិរបស់អេស្ប៉ាញ បន្ទាប់ពីរដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez មិនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពអាកាសនៅអេស្ប៉ាញវាយប្រហារអ៊ីរ៉ង់ ។ នាយករដ្ឋមន្ត្រីអេស្បាញបញ្ជាក់ពីគោលជំហរច្បាស់លាស់របស់ខ្លួនម្តងទៀតថា មិនគាំទ្រសង្គ្រាម បើទោះជាមានសម្ពាធពាណិជ្ជកម្មពីរដ្ឋាភិបាលអាមេរិកក៏ដោយ ៕