នៅលើបណ្តាញសង្គមអ្នកនៅក្នុងរង្វង់អនឡាញល្បីៗឈ្មោះប៉ុន្មានរូបដូចជាលោកស្រី ទ្រី ដាណា ជំទាវ ឡៃ ស៊ូយៀក និមល និង Ah Pop ប្អូនស្រី ម៉ាដាម ដា បានធ្វើឱ្យមានភាពរង្គោះរង្គើក្រោយពីម្ចាស់ប្រ៊េនបង្ហោះសារឆ្លើយឆ្លងគ្នាយ៉ាងក្តៅគគុក។ ឃើញអ្នកលក់អនឡាញល្បីឈ្មោះហើយបានជួបសង្គមយ៉ាងច្រើនមានបញ្ហាជាមួយគ្នា ជំទាវ ហាក់ ដាណា ថាផ្អាកឈ្លោះគ្នាសិនទៅកុំធ្វើសង្គ្រាមទាំងក្រៅនិងទាំងក្នុង។

នៅថ្ងៃទី៤ មីនា ជំទាវ ហាក់ ដាណា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំអូសមកថ្ងៃនេះពោរពេញដោយជម្លោះ ហើយម្នាក់ៗសុទ្ធតែអ្នកជួយជាប្រយោជន៍ដល់ជាតិទៀតផង។ បងប្អូនតើយើងអាចផ្អាកឈ្លោះគ្នាសិនទៅបានទេ? គួរងាកមកមើលបញ្ហាជម្លោះព្រំដែន ភៀសសឹក និងទាហានរបស់យើងវិញ»។
ជំទាវ ដាណា បង្ហើបថាទាហានយើងពេលនេះមានការខ្វះខាត និង ត្រៀមគ្រប់គោលដៅព្រោះចំណុចរសើបកើតមានឡើងរាល់ថ្ងៃ ដែលយើងម្នាក់ៗមិនបានដឹងទេ។ ពេលវេលាមិនទាន់ផ្ទុះទាន់មានឱកាសជូនដល់ពួកគាត់។ ជំទាវ ហាក់ ដាណា ថា «យើងគួរតែនាំគ្នាអួតពីភាពមនុស្សធម៌និងសីលធម៌ ព្រមទាំងការជួយប្រយោជន៍ជាតិល្អជាង ធ្វើសង្រ្គាមក្រៅកុំធ្វើសង្រ្គាមក្នុង»។

ដ្បិតមានការនិយាយឃាំងឃាត់ឱ្យអ្នកនៅក្នុងរង្វង់អនឡាញផ្អាកការឈ្លោះគ្នា ជំទាវ ហាក់ ដាណា ក៏បានបង្ហាញដែរថា «ខ្ញុំមិនអាចហាមគេមិនឱ្យខឹងឈ្លោះគ្នាសោះទេ ខ្ញុំក៏ទប់មិនជាប់ដែរពេលខ្លះអារឿងនឹង តែសុំឱ្យពួកគាត់ទប់អារម្មណ៍សិន ពួកគាត់ជួយជាតិច្រើនណាស់ រវល់ឈ្លោះគ្នា ខាតប្រយោជន៍ដល់អ្នកខ្វះខាត ចាំជួយជាតិហើយ ចប់សង្រ្គាម ហើយចាំខ្ញុំហុចរំពាត់ឱ្យម្នាក់មួយ វៃគ្នាចុះខ្ញុំធ្វើសាក្សី បិតផ្លូវឱ្យ»។
គួរឱ្យដឹងថា អំឡុងពេលថៃឈ្លានពានដីខ្មែរបង្កសង្គ្រាមអ្នកនៅក្នុងចង្កោមអនឡាញបានស្រុះដៃគ្នាជួយជាតិយ៉ាងខ្លាំងទាំងទាហានជួរមុខ និងជនភៀសសឹក ធ្វើឱ្យមានការកោតសរសើរយ៉ាងច្រើនពីសាធារណជន៕










