លោក អួន បឋម ហៅ សាយ បានចេញមកប្រតិកម្មចំពោះកំហុសឆ្គងរបស់អង្គការយូណេស្កូដែលប្រើ Font អក្សរខ្មែរពុំត្រឹមត្រូវ។ ក្រៅពីតារាចម្រៀងរូបនេះមហាជនក៏បញ្ចេញមតិប្រតិកម្មផងដែរនិងស្នើឱ្យអង្គការយូណេស្កូកែសម្រួលនិងយកចិត្តទុកដាក់ចំពោះការងារ។
ថ្មីៗនេះ (២២ កុម្ភៈ) អង្គការយូណេស្កូបានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីភាសាចម្រុះគ្នាច្រើនអំពីសន្តិភាពប៉ុន្តែជាអកុសល ក្នុងចំណោមភាសានោះអង្គការយូណេស្កូបែរជាពុំយកចិត្តទុកដាក់ធ្វេសប្រហែល Font ភាសាខ្មែរលោតពុំត្រឹមត្រូវឡើយ។ នេះនាំឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាបញ្ចេញមតិប្រតិកម្មនិងស្នើឱ្យអង្គការនេះយកចិត្តទុកដាក់លើការងាររបស់ខ្លួន។
មួយក្នុងចំណោមសាធារណជនគេបានឃើញ សាយ ជាសិល្បករដំបូងចេញមកប្រតិកម្មដូចគ្នា។ លោកបានសរសេរថា «ជិត ៧ពាន់ភាសានិយាយថា សន្តិភាព តែភាសាខ្មែរដែលជាប្រទេសដែលស្រលាញ់និងកំពុងត្រូវការ “សន្តិភាព” បំផុតនោះបែរជា UNESCO សរសេរពាក្យសន្តិភាពខុសទៅវិញ។ សូមមេត្តាយកចិត្តទុកដាក់និងផ្តល់តម្លៃភាសារបស់ប្រទេសដ៏តូចកម្សត់មួយនេះផង»។
គួរឱ្យដឹងថានេះមិនមែនជាលើកទី១នោះទេដែលពលរដ្ឋកម្ពុជាប្រតិកម្មនឹងការធ្វើការរបស់អង្គការយូណេស្កូ។ ជាក់ស្តែងកន្លងមកអង្គការមួយនេះធ្វើការយឺតយ៉ាវយ៉ាងខ្លាំងក្រោយពីថៃបើកការឈ្លានពានបង្កឱ្យខូចខាតប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌប៉ុន្តែពុំបានចេញសេចក្តីថ្លែងការណ៍ឱ្យបានលឿននោះទេទម្រាំនឹងភ្ញាក់ចំណាយពេលរាប់ថ្ងៃ៕










