អ្នកនាង សុភាព ម៉ូល្យ៉ា ភរិយារបស់ពិធីករ ជា វណ្ណារិទ្ធ បានចេញមុខបកស្រាយដល់សាធារណជនបន្ទាប់ពីមានមតិថានាងហាក់ដូចជាស្រលាញ់កូនមិនស្មើគ្នាដោយបង្ហាញតែកូនបង មិនសូវជាបង្ហាញនិងស្រលាញ់ពៅនៅលើបណ្តាញសង្គមឡើយ។
តាមរយៈការបកស្រាយនៅលើគណនីទិកតុកភរិយារបស់លោក ជា វណ្ណារិទ្ធ បាននិយាយថា កូនជាកម្មសិទ្ធរបស់នាងប៉ុន្តែនាងក៏ត្រូវគោរពកូនដូចគ្នាដោយសារតែកូនពៅរបស់ខ្លួនមិនចូលចិត្តថតនោះទេ ខណៈដែលកូនបងពេញចិត្តនឹងឱ្យម្តាយថត។ អ្នកនាងរៀបរាប់ថាកូនពៅរបស់ខ្លួនគឺជាមនុស្សដែលអៀនតែថតមិនស្រួលបានឱ្យនាងលុបចោលឬជួនកាលយូរៗម្តងបានថតកូនពៅក៏ត្រូវសុំការអនុញ្ញាតដែរមុននឹងបង្ហោះជាសាធារណៈ។

ទាក់ទិននឹងបញ្ហាសុខភាពរបស់កូនៗទាំងពីរអ្នកនាង សុភាព ម៉ូល្យ៉ា ថាពួកគេឈឺដូចតែគ្នាដោយកូនបងពេញចិត្តនឹងឱ្យថតពេលរូបគេគេងពេទ្យ បណ្តោងសេរ៉ូម ប៉ុន្តែកូនពៅគឺមិនឱ្យថតជាដាច់ខាតដោយលើកហេតុផលថាខ្មាសគេដោយសារតែការចាក់ថ្នាំរូបគេយំជាដើមដូច្នេះនាងគោរពសិទ្ធិកូន។
ភរិយាពិធីករល្បីឈ្មោះប្រចាំប្រទេសបន្តទៀតថា ការបង្ហោះនាងមិនមែនចេះតែផុសៗនោះទេពីព្រោះខ្លាចនៅពេលកូនធំឡើងកូនៗនឹងមិនសប្បាយចិត្តអ្វីដែលបានបង្ហោះ។ អ្នកនាង សង្កត់ធ្ងន់ថា កូនគឺស្រលាញ់ដូចគ្នាគ្រាន់តែមួយពេញចិត្តនឹងឱ្យបង្ហាញមួយទៀតជាមនុស្សដែលអៀន។

គួរបញ្ជាក់ផងដែរថា តារាសម្តែង និងជាពិធិករ ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុស២នាក់។ ថ្មីៗនេះភរិយារបស់ ជា វណ្ណារិទ្ធ ក៏បង្ហើបពីគម្រោងយកកូនទី៣ផងដែរ៕










