Home ព័ត៌មានអន្តរជាតិ Anutin ប្រាប់ពលរដ្ឋកុំបារម្ភពីការធ្វើរបងព្រំដែនកម្ពុជា-ថៃ ព្រោះទទួលបានថវិកាពីព្រះរាជវាំង

Anutin ប្រាប់ពលរដ្ឋកុំបារម្ភពីការធ្វើរបងព្រំដែនកម្ពុជា-ថៃ ព្រោះទទួលបានថវិកាពីព្រះរាជវាំង

24
0

ប្រទេសថៃ ៖ ប្រធានគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ថា កងទ័ពថៃនឹងចាប់ផ្តើមធ្វើរបងព្រំដែនកម្ពុជា-ថៃភ្លាមៗនៅតំបន់មួយចំនួន ពលរដ្ឋមិនចាច់ព្រួយបារម្ភពីថវិកាសម្រាប់ធ្វើរបងទេ ពីព្រោះរដ្ឋាភិបាលថៃមានថវិកាគ្រប់គ្រាន់ដែលទទួលបានពីការបរិច្ចាគ និងថវិការបស់ព្រះរាជវាំង ដោយសារព្រះរាជវង្សគ្រប់អង្គបារម្ភពីស្ថានការណ៍ព្រំដែន ។

បន្ទាប់ពីលទ្ធផលរាប់សន្លឹកឆ្នោតមិនផ្លូវការបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ពលរដ្ឋថៃនៅខេត្តបុរីរាំ និងខេត្តត្រាត ទាមទារឱ្យរដ្ឋាភិបាលធ្វើរបងព្រំដែនកម្ពុជា-ថៃជាបន្ទាន់តាមការសន្យាពេលរកសំឡេងឆ្នោត ។ ជាការឆ្លើយតប លោក Anutin ប្រាប់ពលរដ្ឋកុំបារម្ភពីការធ្វើរបងព្រំដែននេះ រដ្ឋាភិបាលនឹងធ្វើចាប់ផ្តើមធ្វើភ្លាមៗ ពីព្រោះមានថវិកាគ្រប់គ្រាន់ ព្រមទាំងទទួលបានថវិកាពីព្រះរាជវាំងផងដែរ ។

ពលរដ្ឋថៃបានបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃយ៉ាងភ្លូកទឹកភ្លូកដី ដែលធ្វើឱ្យគណបក្សនេះទទួលបានអាសនៈក្នុងរដ្ឋសភាច្រើនជាងគណបក្សផ្សេងៗ បន្ទាប់ពីសន្យាជាមួយពលរដ្ឋ បើឈ្នះឆ្នោត នឹងធ្វើរបងព្រំដែនកម្ពុជា-ថៃ, បិទព្រំដែនជាមួយកម្ពុជារៀងរហូត និងលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ឆ្នាំ២០០១ ស្តីពីការបែងចែកផលប្រយោជន៍ដែនសមុទ្រ ខណៈលោក Anutin ជាមនុស្សជំនិតរបស់ព្រះមហាក្សត្រ ។

ការជ្រើសយកការធ្វើសង្គ្រាមបង្ហូរឈាមជាមួយកម្ពុជារបស់លោក Anutin គឺដើម្បីដូរនឹងសន្លឹកឆ្នោត ហើយលទ្ធផលឈ្នះឆ្នោតបង្ហាញថា ថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាកន្លងមក គឺជាផែនការយ៉ាងច្បាស់លាស់ក្នុងបំណងដណ្តើមទឹកដីផង និងបំពេញមហិច្ឆតាស្តារអំណាចរបស់ព្រះមហាក្សត្រផង ដោយសារគណបក្សប្រជាជនទាមទារឱ្យធ្វើកំណែទម្រង់កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន បន្ទាប់ពីធ្វើជាអធិបតីក្នុងពិធីរំលឹកខួប៧២ឆ្នាំ នៃការបង្កើតកងទ័ពស្ម័គ្រចិត្តការពារជាតិ ថាពលរដ្ឋថៃទាមទារឱ្យធ្វើរបងព្រំដែនកម្ពុជា-ថៃជាបន្ទាន់ គឺកងទ័ពថៃនឹងរាយការណ៍ពីតំបន់ដែលអាចធ្វើរបងភ្លាមៗ រីឯថវិកាវិញបានត្រៀមរួចហើយ ។ ក្រៅពីនេះ ក៏មានការបរិច្ចាគថវិកាយ៉ាងច្រើនសម្រាប់ធ្វើរបង ព្រមទាំងថវិកាពីព្រះរាជវាំងផងដែរ ពលរដ្ឋមិនបាច់បារម្ភទេ ។

ចំណែកស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពថៃត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា ។ បន្ទាប់ពីថៃបោះឆ្នោតរួចរាល់ បញ្ហាជាមួយកម្ពុជាត្រូវតែអនុវត្តតាមលក្ខខណ្ឌនៃការជជែកគ្នា ព្រមទាំងមានការងារជាច្រើនទៀតដែលប្រទេសទាំងពីរធ្វើរួមគ្នា ដូចជា ៖ ការបោសសម្អាតគ្រាប់មីនក្នុងដែនដីរៀងៗខ្លួន ភាគីណាទទួលខុសត្រូវតំបន់ណា ហើយគ្រប់យ៉ាងនឹងដំណើរការតាមគោលការណ៍មនុស្សធម៌ ព្រមទាំងការដកអាវុធធុនធ្ងន់ ។

គួរបញ្ជាក់ថា ពលរដ្ឋថៃនៅខេត្តព្រំដែនជាប់កម្ពុជា ដូចជា ខេត្តបុរីរាំ និងត្រាត ទាមទារឱ្យលោក Anutin ដែលពលរដ្ឋនៅទូទាំងប្រទេសបោះឆ្នោតគាំទ្រ ត្រូវធ្វើរបងព្រំដែនកម្ពុជា-ថៃឱ្យបានឆាប់បំផុតតាមការសន្យាពេលរកសំឡេងឆ្នោត និងផ្តោតលើបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យខ្លាំងជាងការអភិវឌ្ឍសេដ្ឋកិច្ច ។ ក្រៅពីនេះ ពលរដ្ឋថៃបារម្ភពីកងទ័ពថៃអាចនឹងបើកការវាយប្រ.ហារធ្វើសង្គ្រា.មឈ្លាមពានកម្ពុជា លើកទី៣ ប៉ះពាល់ដល់ការប្រមូលផលដំណាំ ៕