Home ព័ត៌មានអន្តរជាតិ បាតុកម្មនៅតែបន្ត! និស្សិត និងពលរដ្ឋខេត្តមហាសារ៉ាខាម និងសុផាន់បុរី ទាមទាររាប់សន្លឹកឆ្នោតឡើងវិញដើម្បីយុត្តិធម៌

បាតុកម្មនៅតែបន្ត! និស្សិត និងពលរដ្ឋខេត្តមហាសារ៉ាខាម និងសុផាន់បុរី ទាមទាររាប់សន្លឹកឆ្នោតឡើងវិញដើម្បីយុត្តិធម៌

14
0

ប្រទេសថៃ ៖ ក្រុមនិស្សិត និងពលរដ្ឋនៅខេត្តមហាសារ៉ាខាម និងខេត្តសុផាន់បុរី បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំខេត្ត ដើម្បីដាក់សម្ពាធឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសាររកឃើញភាពខុសប្រក្រតីជាច្រើនកើតឡើងក្នុងមណ្ឌលបោះឆ្នោត ។ ការធ្វើបាតុកម្មនៅខេត្តទាំងពីរប្រឆាំងនឹងលទ្ធផលរាប់សន្លឹកឆ្នោតនេះ ស្របគ្នានឹងពលរដ្ឋខេត្តផ្សេងទៀតក៏ធ្វើបាតុកម្មតវ៉ាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigjx0mitY16nwv9GOz4P42sfS1OBaL2zNtIa5MBC0EJQIH9Ryb2RHIn4cnARfSXK5-GK2rvcZ9BR2F7d998YWrN9qJsnGilL-bCQ1DzEsMnpG5PCumezG4FPqGnUqTrrChAxmznk1zvDxZOjEwPDYenuf3mPRrMzY2dpCAUdsTrnKOPNGmvODLscYpZeRV/s1280/photo_2026-02-11_09-18-46%20(2).jpg
ពលរដ្ឋថៃខេត្តឈុនបុរី មហាសារ៉ាខាម ប៉ាធុមថានី សុផាន់បុរី និងស្រះបុរី បានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដោយសារគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ រួមមាន ៖ ការកេងបន្លំសន្លឹកឆ្នោត, រាប់សន្លឹកឆ្នោតគ្មានតម្លាភាព, ហិបឆ្នោតបិទមិនជិត, សន្លឹកឆ្នោតក្នុងហិបច្រើនជាងចំនួនពលរដ្ឋពិតប្រាកដ និងមន្ត្រីមណ្ឌលមិនអនុញ្ញាតឱ្យពលរដ្ឋចូលក្បែរហិបឆ្នោត ដែលភាពមិនប្រក្រតីទាំងអស់នេះធ្វើឱ្យគណបក្សផ្សេងៗបាត់បង់សំឡេងឆ្នោត ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណខាងមុខការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តមហាសារ៉ាខាម ក្រុមនិស្សិត និងពលរដ្ឋ សរុបជាង១០០នាក់ បានធ្វើបាតុកម្មដាក់សម្ពាធឱ្យរាប់សន្លឹកឆ្នោតឡើងវិញដោយសារមានភាពខុសប្រក្រតីជាច្រើននៅមណ្ឌលបោះឆ្នោត ដោយពួកគេបោះតង់សម្រាកទាមទាររកភាពយុត្តិធម៌ ។ រីឯគណៈកម្មាធិការរៀបចំការបោះឆ្នោតអនុញ្ញាតឱ្យអ្នកស្ម័គ្រចិត្តចំនួន១០នាក់ ឈរយាមនៅមុខអគារដើម្បីកុំឱ្យក្រុមអ្នកតវ៉ាសង្ស័យពីការបញ្ជូនហិបឆ្នោតទៅកន្លែងផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_pYMnaAzAMbBoL3PZ7y8NJotyv26FQapJMBh1ul5UmhjKbJ1Gtx0_mWfudU-og4esklNfVyfQkG5FxzRkxont8trfH86fCO_QuE726Hil_weyO1j_Q0gpM2BLT9-hgG8FO7NQ0tiXpcG2z54v8PJYyjvdOAs7Z4pgr81w98U97N5nphoVSw4inSLh9gwk/s1280/photo_2026-02-11_09-18-46.jpg

និស្សិត និងពលរដ្ឋខេត្តមហាសារ៉ាខាម បានធ្វើដំណើរមកចូលរួមបាតុកម្មជាបន្តបន្ទាប់ដើម្បីឱ្យរាប់សន្លឹកឆ្នោតឡើងវិញកាលពីព្រលប់ថ្ងៃទី១០ ខែកុម្ភៈ ខណៈអ្នកដំណើរឆ្លងកាត់បានផ្តល់អាហារ និងទឹកបរិសុទ្ធឱ្យក្រុមអ្នកតវ៉ាដើម្បីផ្តល់កម្លាំងចិត្តទាមទាររកយុត្តិធម៌ ។

បើតាមអ្នកសង្កេតការណ៍ដែលមករង់ចាំការបំភ្លឺពីគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំខេត្តមហាសារ៉ាម និយាយថា ភាពមិនប្រក្រតីកើតឡើងនៅមណ្ឌលបោះឆ្នោតក្នុងខេត្តចំនួន៣ គឺឈុនបុរី មហាសារ៉ាខាម និងប៉ាធុមថានី ។ មន្ត្រីមណ្ឌលបោះឆ្នោតនៅខេត្តឈុនបុរី រញ៉េរញ៉ៃខ្លាំង រីឯមណ្ឌលបោះឆ្នោតនៅខេត្តមហាសារ៉ាខាម មានកំហុសតួលេខក្នុងការរាប់សន្លឹកឆ្នោត ដោយសាររាប់សន្លឹកឆ្នោតបាត់១មណ្ឌល ខណៈខេត្តប៉ាធុមថានី រាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ ទើបមានការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLLNnWjH3bunkUrxla9ck6_pKY9VwBcGd3WBP-CZVTsGjquMob8kd-zlGSMOHSpZ6yViOvLBerUSshXAaVUEkQsWynlxUPPXOel_JHfkPy7TVwPm-vLM7CekfldrbUBFYjOcpQrQjEpI0EYF4T81z6iOFZw_FfqakrU7ayO9BFIWtZF4eMT80xCFWjdjWQ/s1200/photo_2026-02-11_09-18-47.jpg

ចំណែកពលរដ្ឋខេត្តសុផាន់បុរី ក៏បានធ្វើបាតុកម្មទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំខេត្តរាប់សន្លឹកឆ្នោតឡើងវិញដែរកាលពីថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីរកឃើញសកម្មភាពគួរឱ្យសង្ស័យជាច្រើន ។ ពលរដ្ឋប្រមាណ៣០០នាក់ បានប្រមូលគ្នាតវ៉ានៅសាលប្រជុំខាងមុខសាលាស្រុកមឿងសុផាន់បុរី ទាមទារឱ្យរាប់សន្លឹកឆ្នោតជាថ្មី ចំនួន៥មណ្ឌល ពួកគេមិនព្រមទទួលយកលទ្ធផលបោះឆ្នោតទេ ដោយទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតគោរពច្បាប់ ។

ពលរដ្ឋខេត្តសុផាន់បុរី តវ៉ារហូតដល់ម៉ោង៨ និង៣០នាទីយប់ (យប់ថ្ងៃទី១០ ខែកុម្ភៈ) ទាមទារឱ្យរាប់សន្លឹកឆ្នោតជាថ្មីភ្លាមៗ ប្រសិនបើមិនរាប់ទេ ពួកគេមិនបញ្ឈប់ការតវ៉ាឡើយ ។ ទោះជាអាជ្ញាធរព្យាយាមពន្យល់ពីច្បាប់ផ្សេងៗក្តី ក៏ពលរដ្ឋនៅតែមិនស្តាប់ និងទាមទាររាប់សន្លឹកឆ្នោតជាបន្ទាន់ដើម្បីតម្លាភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYcdVFwR1b5ZrcJBwb0pQa5apbKvOlNZaPicOUbgfemql_043tkdCayGOldMXzF-48mW6H2KPytOZU5vYkrAPEHsWy620PVn4BumkCbXQS7esiPxPpgcI4Plp6hLFut4QwrbXckyBNGxynj3uJ8b1WLr5JW0cRZHJt7OPbKEna9WnBhyV0nYGdGf5lpUv/s1200/photo_2026-02-11_09-18-49.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃនៅតាមបណ្តាខេត្តនានាបានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលការរាប់សន្លឹកឆ្នោតកាន់តែច្រើន និងតវ៉ាចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ដោយសារភាពមិនប្រក្រតី និងការក្លែងបន្លំសន្លឹកឆ្នោត ៕