Home ព័ត៌មានអន្តរជាតិ សកម្មជននយោបាយថៃស្នើពន្យារពេលការបោះឆ្នោតដោយសារគណបក្សនានាសម្រុកទិញសន្លឹកឆ្នោត

សកម្មជននយោបាយថៃស្នើពន្យារពេលការបោះឆ្នោតដោយសារគណបក្សនានាសម្រុកទិញសន្លឹកឆ្នោត

18
0

ប្រទេសថៃ ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី ហើយគណបក្សនយោបាយនានាបានឃោសនាពីគោលនយោបាយរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំងមានការផ្តល់ប្រាក់ឱ្យពលរដ្ឋដើម្បីទិញសន្លឹកឆ្នោតនៅទូទាំងប្រទេស ។ នៅថ្ងៃទី៥ ខែកុម្ភៈ នេះ សកម្មជននយោបាយថៃបានស្នើឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតពន្យារពេលការបោះឆ្នោតទៅខែមីនា ឬខែមេសា ដើម្បីឱ្យការបោះឆ្នោតមានភាពយុត្តិធម៌ ។

នៅថ្ងៃទី៥ ខែកុម្ភៈ លោក ស៊ុនធិយ៉ា សាវ៉ាត់ឌី សកម្មជននយោបាយបានដាក់លិខិតទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីស្នើពន្យារពេលថ្ងៃបោះឆ្នោត ខណៈថៃនឹងបោះឆ្នោតទូទាំងប្រទេសនៅថ្ងៃទី៨ ខែកុម្ភៈ ដោយនិយាយថា គណបក្សនយោបាយនានាផ្តល់ប្រាក់ឱ្យពលរដ្ឋដើម្បីទិញសន្លឹកឆ្នោត ដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតគ្មានភាពយុត្តិធម៌ ។

ក្រៅពីនេះ មានទិន្នន័យពីធនាគារស្តីពីគណបក្សនយោបាយមួយចំនួនដកប្រាក់ខុសប្រក្រតីរហូតដល់២លើក សរុបចំនួន៤៥០លានបាត (ស្មើជាង១៤លានដុល្លារ) ទើបលោកដាក់លិខិតទៅការិយាល័យប្រឆាំងការលាងលុយកខ្វក់ ដើម្បីឱ្យត្រួតពិនិត្យជាមួយធនាគារ ថាតើគណបក្សនយោបាយដកប្រាក់យកទៅធ្វើអ្វី និងពាក់ព័ន្ធជាមួយនយោបាយដែរឬទេ ។

លោក ស៊ុនធិយ៉ា សំណូមពរឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតដោះស្រាយបញ្ហានេះ និងត្រួតពិនិត្យយ៉ាងលម្អិត ប្រសិនបើគណៈកម្មការរៀបចំការបោះឆ្នោតចាត់វិធានការ គឺគណបក្សនយោបាយផ្សេងទៀត រួមទាំងលោក នឹងប្តឹងទៅតុលាការធម្មនុញ្ញឱ្យចាត់ទុកការបោះឆ្នោតនេះជាមោឃៈ និងស្នើពន្យារពេលបោះឆ្នោត ។ លោកចង់ឃើញការបោះឆ្នោតមានភាពយុត្តិធម៌ ហើយគណៈកម្មាធិការអាចរៀបចំការបោះឆ្នោតនៅខែមីនា ឬខែមេសា ឆ្នាំ២០២៦ វិញ ។

លោកមានឯកសារការទិញសន្លឹកឆ្នោតនៅខេត្តសមុទ្រសាខន ដោយគណបក្សនយោបាយបានដើរស្រង់ឈ្មោះពលរដ្ឋ ប៉ុន្តែមិនទាន់បានផ្តល់ប្រាក់ឱ្យទេ ដោយសារលោករាយការណ៍ប្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំខេត្ត ។ លោកបារម្ភពីគណបក្សនយោបាយអាចនឹងផ្តល់ប្រាក់ឱ្យពលរដ្ឋមុនថ្ងៃបោះឆ្នោតមួយថ្ងៃ ឬផ្តល់ប្រាក់នៅព្រឹកថ្ងៃបោះឆ្នោត (ថ្ងៃទី៨ ខែកុម្ភៈ) ពេលនេះ មានគណបក្សចំនួន២ត្រៀមទិញសន្លឹកឆ្នោត ដោយចែកប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ ចាប់ពី២០០បាត ទៅ៥០០បាត ។

ចំណែកលោក ស្វែង ប៊ុនមី អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោតបញ្ជាក់ថា គណបក្សនយោបាយនានាអាចដកប្រាក់ពីធនាគារដើម្បីត្រៀមខ្លួនបាន ប៉ុន្តែហាមយកប្រាក់ទៅទិញសន្លឹកឆ្នោត ពីព្រោះចាត់ទុកជាបទល្មើស និងខ្វះសីលធម៌ ។

គួរបញ្ជាក់ថា កន្លងមក ក៏លេចឮព័ត៌មានគណបក្សនយោបាយជាច្រើននៅប្រទេសថៃប្រជែងគ្នាទិញសន្លឹកឆ្នោតដែរ ដោយផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់រហូតដល់រាប់ពាន់បាត ជាពិសេស នៅទីក្រុងបាងកក ៕