ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ប្រទេសកូរ៉េខាងត្បូងបានប្រកាសអនុវត្តច្បាប់មូលដ្ឋានគ្រប់គ្រងបច្ចេកវិទ្យា AI (AI Basic Act) មុនគេនៅលើពិភពលោក ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗរបស់បច្ចេកវិទ្យាដែលមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុនបច្ចេកវិទ្យានានាត្រូវកំណត់ឱ្យទប់ស្កាត់ខ្លឹមសារបង្កើតឡើងដោយបច្ចេកវិទ្យា AI ឬព័ត៌មានក្លែងក្លាយ និងបង់ប្រាក់ពិន័យរហូតដល់ជាង២ម៉ឺន ៥ពាន់ដុល្លារ ប្រសិនបើល្មើសច្បាប់ ។
ក្រុមហ៊ុនបច្ចេកវិទ្យានានាត្រូវតែត្រួតពិនិត្យឱ្យប្រាកដចិត្តថា តើបានគ្រប់គ្រងបច្ចេកវិទ្យា AI ដែរឬទេ ជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យាណាមួយដែលមានហានិភ័យខ្ពស់ចំពោះអ្នកប្រើប្រាស់ គឺក្រុមហ៊ុនត្រូវត្រួតពិនិត្យសុវត្ថិភាព និងជូនដំណឹងឱ្យអ្នកប្រើប្រាស់បានជ្រាបពីគ្រោះថ្នាក់ ។.jpg)
ក្រៅពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាក៏ត្រូវទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងអ៊ីនធើរណេត និងបញ្ជាក់ពីខ្លឹមសារ ឬរូបភាព ឬវីដេអូ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ដើម្បីការពារការបោកប្រាស់អ្នកប្រើប្រាស់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ។
ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ៖ Google និង OpenAI នឹងតម្រូវឱ្យបញ្ជូនអ្នកតំណាងរបស់ខ្លួនមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីត្រួតពិនិត្យខ្លឹមសារផ្សេងៗក្នុងបណ្តាញសង្គមដែលបង្កគ្រោះថ្នាក់ខ្លាំង ។
.jpg)
ប្រសិនបើល្មើសច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI ក្រុមហ៊ុនបច្ចេកវិទ្យានានានឹងត្រូវបង់ប្រាក់ពិន័យរហូតដល់៣០លានវ៉ុន (ឬស្មើជាង ២ម៉ឺន ៥ពាន់ដុល្លារ) ។ ប៉ុន្តែកូរ៉េខាងត្បូងនឹងទុករយៈពេលអនុគ្រោះចំនួន១ឆ្នាំ សម្រាប់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមានពេលវេលាចាត់ចែង និងសម្របខ្លួនតាមច្បាប់កូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា ការបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI ធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសនាំមុខគេក្នុងការកំណត់ស្តង់ដារគ្រប់គ្រងបច្ចេកវិទ្យា AI លើសាកលលោក និងចាត់ទុកជាការដាក់ទោសក្រុមហ៊ុនបច្ចេកវិទ្យាដែលល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ។ លើសពីនេះ កូរ៉េខាងត្បូងបាននាំមុខការអនុវត្តច្បាប់មូលដ្ឋានគ្រប់គ្រងបច្ចេកវិទ្យា AI (AI Basic Act) របស់សហភាពអឺរ៉ុប ដែលគ្រោងនឹងអនុវត្តនៅឆ្នាំ២០៣០ ៕










