ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ ប្រទេសថៃមានហេតុការណ៍ភ្លើងឆេះជាញឹកញាប់ មិនថាឆេះអគារធំៗ ផ្ទះពលរដ្ឋ និងរោងចក្រ ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ភ្លើងបានឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូដ៏ធំមួយកន្លែងនៅខេត្តនគរាជសីម៉ា បណ្តាលឱ្យខូចខាតសម្ភារៈអស់គ្មានសល់ បើទោះជារថយន្តបាញ់ទឹកជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុក្តី ដោយសារក្នុងរោងចក្រសុទ្ធតែជ័រ និងថ្នាំពណ៌ ។

កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូ ស្ថិតក្នុងតំបន់ឧស្សាហកម្មនៅផ្លូវរាជសីម៉ាជោគជ័យ ឃុំណងរ៉ាក់វៀង ស្រុកមឿងនគរាជសីមា ខេត្តនគរាជសីមា ប្រទេសថៃ បណ្តាលឱ្យមានផ្សែងខ្មៅហុយពាសពេញអាកាស ។ បើទោះជាហេតុការណ៍នេះពុំបណ្តាលឱ្យមានមនុស្សរងរបួស និងស្លា.ប់ ប៉ុន្តែខូចខាតទ្រព្យសម្ភារៈទាំងអស់ ពីព្រោះភ្នាក់ងារពន្លត់ភ្លើងពិបាកគ្រប់គ្រងស្ថានការណ៍ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន PPTV នៅថ្ងៃទី៣១ ខែមករា ក្នុងពេលភ្លើងកំពុងតែឆេះរោងចក្រ គឺជាពេលដែលបុគ្គលិក និងកម្មករចេញពីរោងចក្រទៅបរិភោគអាហារថ្ងៃត្រង់ ហើយមានបុគ្គលិកខ្លះក្នុងរោងចក្រ ប៉ុន្តែបានរត់ចេញទាន់ពេលវេលា ។ រីឯនៅផ្នែកខាងក្នុងរោងចក្រមានសម្ភារៈជាច្រើនសម្រាប់ផលិតគ្រឿងបន្លាស់រថយន្ត-ម៉ូតូ ដូចជា ៖ ជ័រ និងថ្នាំពណ៌ ទើបបណ្តាលឱ្យភ្លើងកាន់តែខ្លាំងយ៉ាងឆាប់រហ័ស ។

រថយន្តបាញ់ទឹករហូតដល់ជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ និងព្យាយាមបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆេះរាលដាលខ្លាំង ប៉ុន្តែរហូតមកដល់ម៉ោងជាង២រសៀលថ្ងៃដដែល ភ្នាក់ងារពន្លត់ភ្លើងនៅតែពុំអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារខ្យល់ខ្លាំង និងឆេះសារធាតុគីមី ទើបធ្វើឱ្យពិបាកពន្លត់ភ្លើង ។ បើតាមសេចក្តីរាយការណ៍បឋម ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លាប់ទេ រីឯមូលហេតុភ្លើងឆេះរោងចក្រ គឺសមត្ថកិច្ចកំពុងតែស៊ើបអង្កេត ។.jpg)
គួរបញ្ជាក់ថា មុនពេលភ្លើងឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូនៅខេត្តនគរាជសីម៉ា គឺរោងចក្រផលិតកាំជ្រួច នៅភូមិដងកាក់សា ឃុំរ៉ៃរុត ស្រុកដនជេឌី ខេត្តសុផាន់បុរី ប្រទេសថៃ ទើបតែផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី៣០ ខែមករា បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសធ្ងន់ជាច្រើននាក់ ៕










