ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធទំនិញនាំចូលពីកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយនៅតំបន់អាស៊ី ចាប់ពីអត្រា១៥% រហូតដល់២៥% រួមមាន ៖ រថយន្ត ឈើកែច្នៃ និងឧបករណ៍វេជ្ជសាស្ត្រ ក្រោមហេតុផលរដ្ឋាភិបាលកូរ៉េខាងត្បូងមិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកកាលពីឆ្នាំ២០២៥ ខណៈអាមេរិកបានអនុវត្តតាមកិច្ចព្រមព្រៀងដោយកាត់បន្ថយពន្ធទំនិញកូរ៉េខាងត្បូងកន្លងមក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។.jpg)
បើទោះជាប្រធានាធិបតីអាមេរិកថា ការដំឡើងពន្ធទំនិញកូរ៉េខាងត្បូងនេះ ដោយសាររដ្ឋាភិបាលកូរ៉េខាងត្បូងមិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ប៉ុន្តែបើតាមអ្នកវិភាគ ការដំឡើងពន្ធមកពីអាមេរិកមិនពេញចិត្តមេដឹកនាំកូរ៉េខាងត្បូងបច្ចុប្បន្ន ដែលងាកទៅពង្រឹងទំនាក់ទំនងជាមួយចិន និងជប៉ុនខ្លាំងជាងមុន ។
មន្ត្រីកូរ៉េខាងត្បូងថា អាមេរិកមិនទាន់ជូនដំណឹងជាផ្លូវការអំពីការដំឡើងពន្ធទំនិញទេ កូរ៉េខាងត្បូងត្រូវចរចាជាមួយអាមេរិកជាបន្ទាន់ ។ រដ្ឋមន្ត្រីក្រសូងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធានធម្មជាតិកូរ៉េខាងត្បូង នឹងធ្វើដំណើរទៅចរចាពន្ធទំនិញជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក នាពេលឆាប់ៗនេះ ។.jpg)
អាមេរិកបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចសន្យាវិនិយោគរបស់កូរ៉េខាងត្បូងនៅអាមេរិក ស្មើទឹកប្រាក់ ៣សែន ៥ម៉ឺនលានដុល្លារ ក្នុងនោះមានការវិនិយោគផ្នែកឧស្សាហកម្មផលិតកប៉ាល់ ខណៈកូរ៉េខាងត្បូងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងឆ្លងកាត់សភាអនុម័តនៅខែកុម្ភៈ ។
មុនពេលលោកប្រធានាធិបតី Trump ដំឡើងពន្ធទំនិញកូរ៉េខាងត្បូង លោកទើបតែដំឡើងពន្ធទំនិញកាណាដា រហូតដល់អត្រា១០០% ប្រសិនបើកាណាដាធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ខណៈមន្ត្រីចិនថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន-កាណាដា គ្មានចេតនាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចប្រទេសណាមួយឡើយ ។
ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បញ្ជាក់ថា កាណាដាមិនបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិនទេ ហើយកាណាដាក៏មិនធ្លាប់គិតពីការធ្វើកិច្ចព្រមព្រៀងដែរ មន្ត្រីកាណាដាបានជូនដំណឹងពីបញ្ហានេះយ៉ាងច្បាស់លាស់ទៅអាមេរិករួចហើយ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump ប្រកាសដំឡើងពន្ធទំនិញកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន លោក Lee Jae Myung បានផ្លាស់ប្តូរគោលនយោបាយការបរទេស ដោយផ្តោតលើការស្តារទំនាក់ទំនងជាមួយប្រទេសជិតខាងខ្លាំងជាងមុន ជាពិសេស ពង្រឹងទំនាក់ទំនងជាមួយចិន និងជប៉ុន ៕










