ខេត្តបាត់ដំបង៖ គម្រោងផ្លូវបេតុងប្រវែងប្រមាណ៨គីឡូម៉ែត្រ ស្ថិតនៅលើខ្នងទំនប់អាងកំពីងពួយ ដែលមានទីតាំងក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ចប់រួចរាល់ជាស្ថាពរ ដោយបានជួយលើកសម្រស់ដល់រមណីយដ្ឋានប្រវត្តិសាស្រ្តកែច្នៃនេះឲ្យកាន់តែទាក់ទាញ និងស្អាតប្លែកភ្នែកថែមមួយកម្រិតទៀត។
បើតាមការបញ្ជាក់របស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា ក្នុងពេលកន្លងមកបានលើកឡើងថា ដោយមើលឃើញថាលើខ្នងទំនប់នេះសម្បូរទៅដោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្ដនាចុងសប្តាហ៍ និងថ្ងៃសម្រាក និងឃើញពីការលំបាករបស់ប្រជាពលក្នុងការធ្វើដំណើរឆ្លងកាត់ផងនោះ ក្រសួងក៏សម្រេចកសាងផ្លូវបេតុងនេះឡើង ដើម្បីឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។ គម្រោងផ្លូវបេតុងនេះមានទទឹង ៨ម៉ែត្រ បណ្ដោយ ៨.០០០ ម៉ែត្រ សាងសង់លើខ្នងទំនប់ទាំងស្រុង។.jpg)
ជាមួយគ្នានេះ លោក ស្រេង សុខា អភិបាលស្រុកបាណន់ និងគណៈកម្មការគ្រប់គ្រងតំបន់ទេសចរណ៍ខេត្តបាត់ដំបងបានដាក់ក្ដីរំពឹងថា ជាមួយនឹងមុខមាត់ថ្មី និងការរៀបចំកែលម្អសោភណភាពតំបន់ឡើងវិញនេះ រមណីយដ្ឋានអាងកំពីងពួយ នឹងអាចស្រូបទាញកំណើនភ្ញៀវទេសចរបន្ថែមទៀត ខណៈតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយក្នុងចំណោមតំបន់ទេសចរណ៍ដ៏ពេញនិយមទាំង ៤ ក្នុងខេត្តបាត់ដំបង។.jpg)
សូមជម្រាបថា អាងកំពីងពួយ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តកែច្នៃ ដែលត្រូវបានសាងសង់ឡើងដោយកម្លាំងប្រជាជនខ្មែររាប់ម៉ឺននាក់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ វាជាតំបន់ទេសចរណ៍បរិស្ថានធម្មជាតិមួយដែលស្ថិតនៅចម្ងាយប្រមាណ ៣៥គ.មពីទីរួមខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។
.jpg)
នៅពេលបានទៅដល់ ញៀវទេសចរអាចមើលឃើញ ផ្ទៃទឹកដ៏ធំល្វឹងល្វើយ លាតសន្ធឹងពីភ្នំម្ខាងទៅភ្នំម្ខាង សឹងដាច់កន្ទុយភ្នែក ហើយរដូវបុណ្យទានម្ដងៗ គេសង្កេតឃើញភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចុះទៅងូតទឹកលេងកម្សាន្តនៅខាងក្រោមទ្វារទឹកដែលមានទឹកហូរថ្នាក់ៗតាមកម្មជណ្ដើរ យ៉ាងសប្បាយរីករាយ។ លើសសពីនេះអ្នកទេសចរក៏អាចសំរាក ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។

ជាមួយនឹងការស្ថាបនាផ្លូវបេតុងកាត់លើខ្នងទំនប់អាងកំពីងពួយនេះឡើង វានឹងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ព្រមទាំងផ្ដល់នូវលក្ខខណ្ឌអំណោយផលក្នុងការទៅទស្សនាកម្សាន្តសម្រាប់ភ្ញៀវទេសចរបានមួយកម្រិតទៀត៕










