តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអង្គការ NASA គឺនៅមុនពេលមានគ្រោះធម្មជាតិផ្សេងៗកើតឡើង ដើមឈើនៅជុំវិញខ្លួនយើងតែងតែបង្ហាញភាពខុសប្លែក ជាពិសេស មុនពេលកើតបន្ទុះភ្នំភ្លើងយ៉ាងខ្លាំងក្លា ។ អ្នកវិទ្យាសាស្ត្រចាត់ទុកភាពខុសប្លែកនេះ គឺជាសញ្ញាជូនដំណឹងពីគ្រោះធម្មជាតិនឹងកើតឡើងក្នុងរយៈពេលដ៏ខ្លី ហើយមនុស្សអាចជម្លៀសចេញពីតំបន់គ្រោះថ្នា.ក់ទាន់ពេលវេលា ។

អ្នកវិទ្យាសាស្ត្រអង្គការ NASA បានតាមដានពីភាពខុសប្លែករបស់ដើមឈើ ដែលជាសញ្ញាប្រាប់ពីគ្រោះធម្មជាតិនឹងកើតឡើងនាពេលឆាប់ៗ ជាពិសេស គឺបន្ទុះភ្នំភ្លើងយ៉ាងខ្លាំងក្លាបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សជាច្រើននាក់ ។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា ការស្រាវជ្រាវថ្មីនេះអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារបន្ទុះភ្នំភ្លើង និងសង្គ្រោះជីវិតមនុស្ស តាមរយៈការសង្កេតភាពខុសប្លែករបស់ដើមឈើក្បែរខ្លួន ។
ជាទូទៅ មានសញ្ញាជាច្រើនដែលអាចប្រាប់ពីបន្ទុះភ្នំភ្លើងនឹងកើតឡើងឆាប់ៗ ដូចជា ៖ ការផ្លាស់ប្តូរកម្ពស់ដី និងរលករញ្ជួយដី ប៉ុន្តែអ្នកវិទ្យាសាស្ត្រអង្គការ NASA រកឃើញថា ប្រសិនបើដើមឈើមានពណ៌បៃតងខ្លាំងជាងធម្មតា គឺជាសញ្ញាព្រមានពីភ្នំភ្លើងជិតផ្ទុះឡើង ដោយសារភ្នំភ្លើងបញ្ចេញកាបូនឌីអុកស៊ីតរយៈពេលយូរធ្វើឱ្យដើមឈើមានពណ៌បៃតងខ្លាំង ហើយយើងអាចសង្កេតឃើញដើមឈើពណ៌បៃតងខ្លាំងតាមផ្កាយរណប ។
ក្រៅពីការសង្កេតដើមឈើមានពណ៌បៃតងខ្លាំងដោយសារភ្នំភ្លើងបញ្ចេញកាបូនឌីអុកស៊ីតនឹងមានបន្ទុះភ្នំភ្លើងឆាប់ៗ អ្នកវិទ្យាសាស្ត្រក៏បានស្រាវជ្រាវពីដើមឈើអាចស្រូបយកកាបូនឌីអុកស៊ីតកម្រិតណា ដែលជាសញ្ញាបង្ហាញពីហេតុការណ៍នាថ្ងៃអនាគតរបស់ពិភពលោក ប្រសិនបើដើមឈើទាំងអស់លើពិភពលោក ប្រឈមនឹងកម្រិតកាបូនឌីអុកស៊ីតខ្ពស់ជាងពេលបច្ចុប្បន្ន ។
ពេលនេះ អ្នកវិទ្យាសាស្ត្រកំពុងតែតាមដានការប្រែប្រួលរបស់ដើមឈើ ដោយប្រើប្រាស់រង្វាស់ហៅថាសន្ទស្សន៍ភាពខុសគ្នានៃរុក្ខជាតិធម្មតា ដែលអាចត្រួតពិនិត្យតាមរយៈផ្កាយរណបលើអាកាស ។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា នឹងអាចត្រួតពិនិត្យភាពខុសប្លែករបស់ដើមឈើពីចម្ងាយសម្រាប់ដើមឈើនៅតំបន់ដែលពិបាកធ្វើដំណើរទៅដល់ ។
បើទោះជាការស្រាវជ្រាវស្តីពីភាពខុសប្លែករបស់ដើមឈើពាក់ព័ន្ធនឹងបន្ទុះភ្នំភ្លើង មិនទាន់បញ្ចប់ទាំងស្រុងក្តី ប៉ុន្តែអ្នកវិទ្យាសាស្ត្រសង្ឃឹមថ្ងៃអនាគត ពួកគេនឹងបន្តការស្រាវជ្រាវនេះពាក់ព័ន្ធនឹងគ្រោះធម្មជាតិផ្សេងៗ រួមមាន ៖ គ្រោះរញ្ជួយដី រាំងស្ងួត និងទឹកជំនន់ ៕










