ប្រទេសថៃ ៖ គ្រូទាយថៃដ៏ល្បីល្បាញ អ្នកស្រី ផ្លាយ ប្រាយក្រាស៊ីប ដែលធ្លាប់បានទស្សន៍ទាយពីហេតុការណ៍អាក្រ.ក់កើតឡើងនៅប្រទេសថៃ ដូចជា ៖ គ្រោះរញ្ជួយដី និងទឹកជំនន់ ហើយការទស្សន៍ទាយត្រឹមត្រូវភាគច្រើន បានទស្សន៍ទាយពីប្រទេសថៃនៅឆ្នាំ២០២៦ មិនទាន់ផុតគ្រោះថ្នា.ក់ទេ នឹងកើតហេតុការណ៍អាក្រ.ក់ៗ ចាប់ពី២លើក ទៅ៣លើកទៀត នៅភាគខាងជើង និងខាងត្បូងប្រទេសក្នុងពេលជាមួយគ្នា ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai News កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ អ្នកស្រី ផ្លាយ បានទស្សន៍ទាយថា នៅឆ្នាំ២០២៦ ប្រទេសថៃនឹងកើតហេតុការណ៍អាក្រក់ៗ ចាប់ពី២លើក ទៅ៣លើកទៀត នៅភាគខាងជើង និងខាងត្បូងប្រទេសក្នុងពេលជាមួយគ្នា ដោយអ្នកស្រីបញ្ជាក់ថា ហេតុការណ៍អាក្រក់ទាំងនេះនឹងកើតឡើងនៅទីកន្លែងដដែលៗ ហើយវានឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ។

អ្នកស្រី ផ្លាយ បានមើលឃើញរូបភាពស្នាមប្រេះ និងច្រែះនៅភាគខាងជើង និងស្នាមប្រហោងនៅភាគខាងត្បូងប្រទេសថៃ ហើយអ្នកស្រីសំណូមពរឱ្យអ្នកធ្វើដំណើរនៅភូមិភាគទាំង២នេះ រួមទាំងអ្នកដំណើរតាមរថភ្លើងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។ ប៉ុន្តែមានមតិមួយចំនួនថា អ្នកធ្វើដំណើរតាមរថភ្លើងមិនដឹងពីវិធីការពារខ្លួនទាំងអស់នោះទេ ។

អ្នកស្រីសង្ឃឹមថា ស្ថាប័នទទួលខុសត្រូវរថភ្លើងនឹងរៀបចំវិធានការធានាសុវត្ថិភាពអ្នកធ្វើដំណើរតាមរថភ្លើង ដើម្បីកុំឱ្យកើតគ្រោះថ្នាក់ម្តងហើយម្តងទៀត ដោយសារថ្មីៗនេះ មានហេតុការណ៍គ្រោះថ្នាក់លើអ្នកដំណើរជិះរថភ្លើង និងបាក់ដងស្ទួចជាញឹកញាប់ ។ អ្នកស្រីបានណែនាំអ្នកដែលចាំបាច់ត្រូវធ្វើដំណើរតាមរថភ្លើង គួរតែពិនិត្យអាកាសធាតុជាមុន ពីព្រោះអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ប្រសិនបើដឹងថាមានទឹកលិចផ្លូវ គួរចៀសវាងកុំធ្វើដំណើរតាមផ្លូវក្រោមដី ។

ចំណែកអ្នកប្រើប្រាស់រថយន្តអគ្គិសនីក្នុងរដូវវស្សា ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យខ្លាំងផងដែរ និងគួរទិញធានារ៉ាប់រងដែលគ្របដណ្តប់លើការថែទាំរថយន្តពេលមានគ្រោះថ្នាក់ ។ ក្រៅពីនេះ អ្នកដែលត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ ដូចជា ៖ ជិះរថយន្តក្រុងចាស់ៗ ត្រូវពិនិត្យមើលថា តើវាមានសុវត្ថិភាពដែរឬទេ ។

គួរបញ្ជាក់ថា អ្នកស្រី ផ្លាយ ធ្លាប់បានទស្សន៍ទាយពីហេតុការណ៍ផ្សេងៗកើតឡើងនៅប្រទេសថៃ ដូចជា ៖ គ្រោះរញ្ជួយដី និងទឹកជំនន់ ហើយការទស្សន៍ទាយរបស់អ្នកស្រីត្រឹមត្រូវភាគច្រើន ទើបពលរដ្ឋថៃមានជំនឿ ។ ការទស្សន៍ទាយលើកនេះ គឺអាចកើតហេតុការណ៍អាក្រក់ជាច្រើនទៀតលើអ្នកធ្វើដំណើរតាមរថភ្លើង ទើបអ្នកស្រីសំណូមពរឱ្យប្រុងប្រយ័ត្នបំផុត ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកន្លងមក អ្នកស្រីថា ខ្លួនមិនមែនជាគ្រូទាយទេ គ្រាន់តែអាចដឹងពីជោគវាសនាប្រទេសថៃនាថ្ងៃអនាគត និងមើលឃើញអមនុស្សតាំងពីក្មេង ៕