សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះរូបភាពខ្លួនលោកកាន់ទង់ជាតិអាមេរិកឈរលើកោះហ្គ្រីនឡែនក្នុងបណ្តាញសង្គម Truth Social ដែលមានអនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ឈរនៅក្បែរ ព្រមទាំងមានស្លាកសញ្ញាសរសេរថា «កោះហ្គ្រីនឡែន គឺជាទឹកដីអាមេរិកនៅឆ្នាំ២០២៦» ។
នៅថ្ងៃដដែលនេះ លោកប្រធានាធិបតី Trump ក៏បានបង្ហោះរូបភាពមួយផ្សេងទៀតបង្ហាញពីលោកអង្គុយពិភាក្សាជាមួយមេដឹកនាំអឺរ៉ុបជាច្រើនរូបក្នុងបន្ទប់ធ្វើការ (Oval Office) ដែលនៅក្នុងបន្ទប់នោះមានផ្ទាំងផែនទីប្រទេសកាណាដា វេណេស៊ុយអេឡា និងកោះហ្គ្រីនឡែន សុទ្ធតែដាក់ទង់ជាតិអាមេរិក ។
លោកប្រធានាធិបតី Trump បង្ហោះសារក្នុងបណ្តាញសង្គមថា បានជជែកតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ស្តីពីកោះហ្គ្រីនឡែន (Greenland) ដោយបានបង្ហាញជំហរទៅកាន់មនុស្សគ្រប់គ្នាយ៉ាងច្បាស់លាស់ថា កោះហ្គ្រីនឡែនមានភាពចាំបាច់យ៉ាងខ្លាំងសម្រាប់សន្តិសុខអាមេរិក និងពិភពលោក ។ លោកមិនអាចត្រឡប់ក្រោយរឿងកោះនេះទេ សង្ឃឹមគ្រប់គ្នាយល់ស្រប ។
ចំណែកនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន លោក Jens-Frederik Nielsen និយាយកាលពីថ្ងៃទី២០ ខែមករា ថា ការបង្ហោះរូបភាពរបស់លោកប្រធានាធិបតី Trump បង្ហាញពីអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន គឺជាទង្វើមិនគោរពអធិបតេយ្យភាព ។ លោកបានតាមដានការបង្ហោះរូបភាពនេះក្នុងបណ្តាញសង្គម វាជាការមិនផ្តល់កិត្តិយសឱ្យគ្នា កោះហ្គ្រីនឡែនចង់ចរចាតាមរយៈវិធីសមស្របដើម្បីកុំឱ្យមានការបង្ហោះរូបភាពបែបនេះក្នុងបណ្តាញសង្គម និងសារព័ត៌មាននានា ។
លោកនាយករដ្ឋមន្ត្រី Nielsen បានបញ្ជាក់ពីកោះហ្គ្រីនឡែនត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍កើតឡើង ដោយសារលោកប្រធានាធិបតី Trump អាចនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់កោះ ។ កោះនេះជាផ្នែកមួយរបស់អង្គការ NATO ហើយការធ្វើប្រតិបត្តិការរបស់កងទ័ពអាមេរិកនឹងប៉ះពាល់ហួសពីព្រំដែនហ្គ្រីនឡែន ពេលនេះ ស្ថានការណ៍តានតឹងនៅតំបន់អាកទិក យើងត្រូវបង្កើនកម្លាំងទ័ពឱ្យច្រើន ។
គួរបញ្ជាក់ថា រូបភាពលោកប្រធានាធិបតី Trump អង្គុយពិភាក្សាជាមួយមេដឹកនាំអឺរ៉ុបជាច្រើនរូបក្នុងបន្ទប់ធ្វើការ ដែលក្នុងបន្ទប់នោះមានផ្ទាំងផែនទីប្រទេសកាណាដា វេណេស៊ុយអេឡា និងកោះហ្គ្រីនឡែន ដាក់ទង់ជាតិអាមេរិក ដែលលោក Trump យកមកបង្ហោះក្នុងបណ្តាញសង្គម គឺជារូបភាពចាស់ ។ រូបភាពចាស់នេះថតតាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលលោកពិភាក្សាពីបញ្ហាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីដណ្តើមកាន់កាប់ដែនដីខាងជើង និងខាងកើតរបស់អ៊ុយក្រែន ។
ការបង្ហោះរូបភាពទាំងនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅទូទាំងពិភពលោក រិះគន់យ៉ាងខ្លាំងពីប្រធានាធិបតីអាមេរិកមិនត្រឹមតែចង់គ្រប់គ្រងកោះហ្គ្រីនឡែនរបស់ដាណឺម៉ាកប៉ុណ្ណោះទេ គឺថែមទាំងចង់គ្រប់គ្រងប្រទេសកាណាដា និងវេណេស៊ុយអេឡាផងដែរ ៕










