(ភ្នំពេញ) ៖ ទូតចិនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន មេខ្លោងជនជាតិចិននិងបក្ខពួកពាក់ព័ន្ធនឹងបណ្ដាញឆបោ.កអនឡាញ និងបញ្ជូនត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេតនិងផ្តន្ទាទោស។ 
ការអរគុណនេះ ធ្វើឡើងក្នុងពេល លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។
នៅក្នុងពេលជំនួបនោះ លោក វ៉ាង វិនពីន បានថ្លែងគុណដល់រាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចរបស់កម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ ជាសក្ខីកម្មសបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។.jpg)
ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានធ្វើការបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើជនល្មើសផងដែរ។ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាបំបែកសម្បុកក្រុមឧក្រិដ្ឋជនទាំងនោះឲ្យបាន។ .jpg)
ហើយភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ៕










