ក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់បន្ទាប់ពីបង្ហោះវីដេអូជាមួយនឹងសំណេរថាចាកចេញពីអ្នកគាំទ្រនិងអរគុណអ្នកគាំទ្រសម្រាប់រយៈពេលកន្លងមក។ នេះបានជំរុញឱ្យមានការសង្ស័យថាតើនេះជាការបំបែកក្រុមរបស់ពួកគេ ឬមួយគ្រាន់តែជាការ Prank ?។ ទោះយ៉ាងណា ការបង្ហោះមិនអស់សេចក្តីដោយមិនមានពាក្យថា «បំបែកក្រុម» នៅតែធ្វើឱ្យអ្នកគាំទ្រសង្ស័យនិងសង្ឃឹមថាពួកគេនៅតែបន្តទៅមុខ។

នៅរសៀលថ្ងៃទី១៩ ខែមករា ក្រុមចម្រៀង Lacima បានបង្ហោះវីដេអូដោយភ្ជាប់ជាមួយនឹងចំណងជើងថា «រយៈពេលជិត ៦ ឆ្នាំហើយ ដែលពួកយើងបានដើរនៅលើផ្លូវជាមួយគ្នា… ហើយ Cartel ក៏ដល់ពេលដែលត្រូវចាកចេញពីអ្នកគាំទ្រទាំងអស់ដូចគ្នា។ អរគុណ Falcons សម្រាប់រយៈពេលកន្លងមកនេះ »។ សមាជិកក្នុងក្រុមទាំង៧នាក់បាននិយាយរៀបរាប់ថា ពួកគេពិតជាអរគុណអ្នកគាំទ្រមែនទែនសម្រាប់ការគាំទ្រ ហើយការគាំទ្រនេះគឺពិតជាធ្វើឱ្យពួកគេសប្បាយចិត្តនិងជំរុញទឹកចិត្តពួកយើងឱ្យបន្ត។
Lacima ថាអ្នកគាំទ្របានផ្តល់អនុសាវរីយ៍ល្អៗជាមួយ Lacima Cartel តាំងពីដំបូងឬអ្នកគាំទ្រដែលស្គាល់ថ្មីៗដោយសង្ឃឹមថានឹងនៅតែបន្តគាំទ្រពួកគេបន្តទៀត ហើយពួកគេពិតជាសប្បាយចិត្តរាល់ពេលដែលបទចម្រៀងពួកគេធ្វើក្លាយជាផ្នែកមួយដែលធ្វើឱ្យទស្សនិកជនសប្បាយចិត្តភ្លេចទុក្ខកង្វល់។ នេះក៏ជាផ្នែកមួយដែលធ្វើឱ្យពួកគេបន្តទៅមុខទៀត ហើយដល់ពេលដែល Cartel ចាកចេញពីអ្នកទាំងអស់គ្នា ខណៈអលជ្ជី បានលើកដៃ bye bye លាអ្នកគាំទ្រ។ .png)
ក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រជ្រួលច្របល់និងមានសំណួរជាច្រើនថា ពួកគេបំបែកក្រុមឬយ៉ាងណា ដោយសារតែពួកគេមិនបានប្រាប់ចំៗនោះទេដោយគ្រាន់តែលាអ្នកគាំទ្រប៉ុណ្ណោះ។ អ្នកមួយចំនួនថែមទាំងគិតថាក្រុមចម្រៀងនេះអាចថា Prank អ្នកគាំទ្រដោយមានការប្រកាសអ្វីថ្មីប៉ុណ្ណោះ ស្របពេលដែលសមាជិកនីមួយៗបង្ហោះរូបភាពពណ៌សដូចគ្នា។
គួរបញ្ជាក់ថា បទចម្រៀងរបស់ក្រុម La Cima Cartel ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរួមមាន បទ «កម្រ», «អូនសីតា», «ស្រាមួយកែវ» និងបទ «10» ជាដើម៕










