« សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ឆាណែល Admin Sreytouch ម្តងទៀតហើយណា» នេះជាសំឡេងបើកក្បាលវីដេអូរបស់អ្នកសម្រាយរឿងមានឈ្មោះថា Ra Sreytouch ដែលមានមនុស្សជាច្រើនស្គាល់នៅលើ Youtube។ ទោះជាយ៉ាងណា មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលថ្មីៗនេះពីព្រោះ Admin Ra Sreytouch ក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមច្រើននាក់របស់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។
.png)
តាមរយៈវីដេអូដែលមានការចែករំលែកនៅលើបណ្តាញសង្គម អ្នកសម្រាយរឿងរូបនេះបាននិយាយទាំងអួលដើមកពីផលលំបាករបស់ខ្លួនដែលរង់ចាំផ្ទះពីគម្រោង បុរី ឡេង ណាវ៉ាត់ត្រា។ Admin Ra Sreytouch បាននិយាយថានៅពេលទៅមើលផ្ទះគំរូដំបូងក្រុមគ្រួសាររបស់នាងមានអារម្មណ៍រំភើបសប្បាយចិត្តខ្លាំងណាស់ថែមទាំងមានចិត្តចង់លក់ដីនៅខេត្តដើម្បីមកទិញផ្ទះនៅជិតកូន។ ប៉ុន្តែមកដល់ពេលនេះការទិញផ្ទះរបស់នាងធ្វើឱ្យពិបាកចិត្តទាំងក្រុមគ្រួសារហើយរូបនាងបានត្រឹមព្យាយាមកុហកអ្នកផ្ទះថាបន្តិចទៀតនឹងបានផ្ទះនៅហើយ។
វីដេអូការសម្ភាសន៍របស់ Admin Ra Sreytouch បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះសំឡេងអ្នកសម្រាយរឿងដែលពួកគេតែងតែគាំទ្រកន្លងមកបានជួបប្រទះនូវបញ្ហាបែបនេះ។ 
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះមានពលរដ្ឋជាង១០០នាក់ ទាមទារក្រសួងដែនដីជួយដោះស្រាយក្រោយទិញពីគម្រោងឧកញ៉ា ឡេង ណាវ៉ាត្រា មិនបានដីនិងផ្ទះអស់រយៈពេលជាង៤ឆ្នាំមកហើយ៕










