រយៈពេល១ឆ្នាំដែលមានទំនាក់ទំនងជាមួយគ្នាតារាចម្រៀង ទីងតុង បានបង្ហាញមុខមាត់គូស្នេហ៍ជាភេទដូចគ្នា ជាសាធារណៈហើយអ្នកទាំងពីរពិតជាផ្អែមល្ហែមនិងរស់នៅចុះសម្រុងគ្នាយ៉ាងខ្លាំងថែមទាំងមានជាបទចម្រៀងនិយាយពីស្នេហាអ្នកទាំងពីរទៀតផង។
លោក ឈិត សុវណ្ណនិមិត្ត ហៅ ទីងតុង អតីតបេក្ខជន The Voice Cambodia រដូវកាលទី៣ បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុកជាមួយនឹងគូស្នេហ៍ដោយបញ្ជាក់ថាការស្រលាញ់គ្នារបស់អ្នកទាំងពីរមានរយៈពេល១ឆ្នាំហើយ។ តារាចម្រៀងរូបនេះថារូបគេមិនលាក់បាំងទស្សនិកជននោះទេហើយការស្រលាញ់គ្នានេះក៏មិនមែនដើម្បីតែភាពល្បីល្បាញដែរ។ ដើម្បីបង្កើតអនុស្សារវីយ៍ជាមួយគ្នានឹងគូស្នេហ៍ តារាចម្រៀង ទីងតុង បានបង្កើតបទចម្រៀងមួយបទមានចំណងជើងថា «គ្រប់យ៉ាងនៃខ្ញុំ»។
នៅក្នុងផ្នែកបញ្ចេញមតិយោបល់ ទីងតុង បានបញ្ជាក់ថានេះជាការឆ្លើយតបដ៏គួរឱ្យគោរព ចំពោះអ្នកដែលមានសំណួរអំពីជីវិតផ្ទាល់ខ្លួននិងសំណួរបែបចំអកថាយកប្រពន្ធឬប្តី ជា TOP ឬអ្វីផ្សេង។ តារាចម្រៀងរូបនេះលើកឡើងទៀតថា ចំពោះមនុស្ស LGBTQ បានឆ្លងកាត់ការវិនិច្ឆ័យ ការតស៊ូ បញ្ហាប្រឈម និងការរំពឹងទុកជាច្រើនពីសង្គមតែយើងគោរព និងស្រឡាញ់ខ្លួនឯងច្រើនជាងអ្នកដទៃ។ 
ការបង្ហាញសេចក្តីស្រលាញ់ដោយបើកចំហរមិនខ្វល់ថាខ្លួនមានអាជីពសិល្បៈរបស់ ទីងតុង ក៏បានធ្វើឱ្យទស្សនិកជនមានការសរសើរចំពោះភាពក្លាហានរបស់លោកផងដែរជាមួយនឹងពាក្យជូនពរជាច្រើន៕










