ប្រទេសថៃ៖ សភាពាណិជ្ជកម្មភាគខាងត្បូងប្រទេសថៃបានបង្ហាញថា ភ្ញៀវទេសចរបរទេសជាបន្តបន្ទាប់បានលុបចោលដំណើរកម្សាន្តរបស់ពួកគេមកកាន់ភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែ.កនៅក្នុងខេត្តចំនួន 3។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod ថ្ងៃទី១២ មករា ឆ្នាំ២០២៦។
លោក Natthanon Pongthanyawiriya ប្រធានសភាពាណិជ្ជកម្ម នៅខេត្ត Pattani បានបង្ហាញថា ការបំផ្ទុះគ្រាប់បែ.ក និងការដុតស្ថានីយប្រេងឥន្ធនៈចំនួន 11 ទីតាំងនៅក្នុងខេត្ត Yala, Narathiwat និង Pattani បានប៉ះពាល់ដល់ទំនុកចិត្តលើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍នៅក្នុងខេត្តព្រំដែនភាគខាងត្បូងយ៉ាងតំណម។.jpg)
ឧប្បត្តិហេតុទាំងនេះបានធ្វើឲ្យខូចទំនុកចិត្តផ្នែកសន្តិសុខ ដែលនាំឱ្យភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស មានការព្រួយបារម្ភហើយលុបចោលដំណើរកម្សាន្តទៅកាន់ខេត្តទាំងបី, លុបចោលការកក់កន្លែងស្នាក់នៅ និងចូលរួមក្នុងកម្មវិធីកម្សាន្តផ្សេងៗ ចំពេលដែលខេត្ត Pattani កំពុងរៀបចំសម្រាប់ពិធីបុណ្យ Lim Ko Niao Shrine ដ៏ធំបំផុតនៅភាគខាងត្បូង ហើយរំពឹងថានឹងទាក់ទាញអ្នកទេសចរបានយ៉ាងច្រើន។ ប៉ុន្តែផ្ទុយទៅវិញ បើយោងតាមស្ថានការណ៍នាពេលបច្ចុប្បន្ននេះ វាបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម វិស័យទេសចរណ៍ និងទេសចរណ៍ទាំងមូលនៅក្នុងខេត្ត។
លោក Natthanon បានទទូចថា រដ្ឋាភិបាលត្រូវតែដោះស្រាយភាពចលាចលនេះជាបន្ទាន់ ដើម្បីស្តារទំនុកចិត្តឡើងវិញនៅក្នុងវិស័យអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅក្នុងខេត្តព្រំដែនភាគខាងត្បូងទាំងបីឡើងវិញ។ លោកបានប៉ាន់ប្រមាណថា វានឹងចំណាយពេលយ៉ាងហោចណាស់ប្រាំពីរខែដើម្បីទទួលបានទំនុកចិត្តមកវិញ។
ដោយឡែក បើតាមលោកស្រី Siriporn Lauhakul, ប្រធានសភាពាណិជ្ជកម្មខេត្តណារ៉ាធីវ៉ាត ក៏បានត្អូញត្អែដែរថា ចាប់តាំងពីមានគ្រោះទឹកជំនន់នៅស្រុកហាតយ៉ៃ សេដ្ឋកិច្ចនៃខេត្តជាប់ព្រំដែនភាគខាងត្បូងទាំងបីបានរងផលប៉ះពាល់យ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកទេសចរស្ទាក់ស្ទើរក្នុងការធ្វើដំណើរទៅកាន់តំបន់នោះ។.jpg)
លោកស្រីបានកត់សម្គាល់ឃើញថា ក្រោយមកវិស័យទេសចរណ៍នៅក្នុងខេត្តទាំងបីនោះចាប់ផ្ដើមប្រសើរឡើងវិញខ្លះទៅហើយ ប៉ុន្តែឥឡូវនេះបញ្ហាថ្មីបានកើតឡើងបន្ថែមទៀត ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តភាគខាងត្បូងទាំងនេះកាន់តែដុនដាប និងស្ងាត់ភ្ញៀវទេសចរកាន់ខ្លាំង៕










