ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon Online រាយការណ៍ថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍ប្តេជ្ញាចិត្តអនុវត្តបទឈប់បា.ញ់ និងដោះស្រាយបញ្ហាតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគី និងកិច្ចប្រជុំ JBC នាពេលឆាប់ៗ ។ ការចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីថៃបដិសេធមិនចូលរួមកិច្ចប្រជុំ JBC តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ម្តងហើយម្តងទៀត ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង និងទុកការងារនេះឱ្យរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្រសួងការបរទេសថៃបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមកិច្ចប្រជុំ JBC ជាមួយកម្ពុជាឡើងវិញ ប៉ុន្តែប្រទេសថៃត្រូវរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីឱ្យរួចរាល់សិន បន្ទាប់មក ថៃនឹងជូនដំណឹងជាផ្លូវការអំពីកាលបរិច្ឆេទ និងរបៀបវារៈនៃកិច្ចប្រជុំ JBC ឱ្យកម្ពុជាបានជ្រាប ។

ការបដិសេធរបស់ថៃមិនចូលរួមកិច្ចប្រជុំ JBC ត្រូវបានគេមើលឃើញថា គ្រាន់តែជាលេសអូសបន្លាយពេលដើម្បីឱ្យកងទ័ពខ្លួនឈូសឆាយផ្ទះសម្បែង និងព័ទ្ធយកទឹកដីកម្ពុជា ដែលពួកគេទើបតែឈ្លានពានបានដោយខុសច្បាប់ក្នុងអំឡុងពេលកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា លើកទី២ ចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រវាងកម្ពុជា-ថៃ ដែលគ្រោងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង ។ មន្ត្រីរដ្ឋាភិបាលចាំផ្ទះថៃថា ការពន្យារពេលកិច្ចប្រជុំ JBC ជាមួយកម្ពុជា ពីព្រោះថៃរវល់រៀបចំតំបន់ជាច្រើនកន្លែងដែលទើបឈ្លានពានពីកម្ពុជាឱ្យក្លាយជាកម្មសិទ្ធិរបស់ខ្លួន ។

បន្ទាប់មក កម្ពុជាក៏បានស្នើទៅភាគីថៃជាថ្មី តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួន ។ ប៉ុន្តែរដ្ឋាភិបាលថៃបានបដិសេធម្តងទៀតមិនចូលរួមប្រជុំ ក្រោមហេតុផលទុកការងារនេះឱ្យរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ ការបដិសេធរបស់ថៃគ្រាន់តែជាលេសអូសបន្លាយពេលដើម្បីឱ្យកងទ័ពខ្លួនឈូសឆាយផ្ទះ និងព័ទ្ធយកទឹកដីកម្ពុជា ដែលពួកគេទើបឈ្លានពានបានដោយខុសច្បាប់ ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជានឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន និងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ៕