ប្រទេសថៃ ៖ ប្រធានសភាពាណិជ្ជកម្មថៃបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចជាច្រើនផ្នែកដោយសារស្ថានការណ៍តានតឹងរវាងអាមេរិក និងវេណេស៊ុយអេឡា ព្រមទាំងអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី ក៏ដូចជាគោរពច្បាប់អន្តរជាតិ ។ ការអំពាវនាវរបស់ថៃនេះ បន្ទាប់ពីកងទ័ពអាមេរិកវាយប្រ.ហារតាមផ្លូវអាកាសនៅវេណេស៊ុយអេឡា និងចា.ប់ខ្លួនលោកប្រធានាធិបតី លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។
នៅថ្ងៃទី៥ ខែមករា លោក ផុត អារ៉ាមវឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយពីស្ថានការណ៍តានតឹងរវាងអាមេរិក និងវេណេស៊ុយអេឡា ថា សភាពាណិជ្ជកម្មថៃតាមដានស្ថានការណ៍យ៉ាងដិតដល់ពាក់ព័ន្ធនឹងអាមេរិកចាត់វិធានការលើមេដឹកនាំវេណេស៊ុយអេឡា ដោយសារវាប៉ះពាល់ដល់នយោបាយអន្តរជាតិ និងទំនុកចិត្តលើប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ក្នុងពេលសេដ្ឋកិច្ចពិភពលោកកំពុងផុយស្រួយ ព្រមទាំងប្រឈមនឹងភាពមិនប្រាកដប្រជាដោយសារកត្តាជាច្រើន ។
សភាពាណិជ្ជកម្មថៃយល់ថា ស្ថានការណ៍តានតឹងរវាងអាមេរិក និងវេណេស៊ុយអេឡា គួរតែដោះស្រាយតាមរយៈការចរចាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់យន្តការសហគមន៍អន្តរជាតិជាចម្បងដើម្បីបញ្ចៀសជម្លោះកុំឱ្យតានតឹង ។ ស្ថានការណ៍នេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅលើពិភពលោក ។
ចំណែកប្រទេសថៃរងផលប៉ះពាល់ដោយផ្ទាល់បណ្តាលមកពីការធ្វើពាណិជ្ជកម្មរវាងថៃនិងវេណេស៊ុយអេឡា និងការវិនិយោគរយៈពេលខ្លី ។ ប៉ុន្តែអ្វីគួរឱ្យបារម្ភ គឺផលប៉ះពាល់ដោយប្រយោល ជាពិសេស ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ, តម្លៃទំនិញ និងផលិតផលកសិកម្ម ហើយវានឹងមានឥទ្ធិពលដល់វិស័យថាមពល, កសិកម្ម និងការចំណាយដើមទុនអាជីវកម្ម ។
ក្រៅពីនេះ ភាពមិនប្រាកដប្រជាដែលបានកើតឡើងអាចប៉ះពាល់ទិសដៅពាណិជ្ជកម្ម និងការវិនិយោគនៅអាមេរិកឡាទីន ព្រមទាំងប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោក ។ វាក៏ប្រឈមនឹងសម្ពាធពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបែងចែកផលប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់នានាលើពិភពលោក ។
សភាពាណិជ្ជកម្មថៃបានតាមដានស្ថានការណ៍សេដ្ឋកិច្ចពិភពលោកយ៉ាងដិតដល់ ជាពិសេស តម្លៃប្រាក់បាត, តម្លៃថាមពល និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ហើយថៃត្រៀមវិធានការដោះស្រាយបញ្ហាដើម្បីកុំឱ្យកត្តាខាងក្រៅប៉ះពាល់សេដ្ឋកិច្ចថៃ ។ ថៃរំពឹងថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាតានតឹងតាមរយៈការចរចាដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ដែលជាកត្តាសំខាន់សម្រាប់ទំនុកចិត្ត ពាណិជ្ជកម្ម វិនិយោគ និងការងើបឡើងវិញនៃសេដ្ឋកិច្ចគ្រប់ប្រទេស រួមទាំងថៃ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមករា ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិក និងវេណេស៊ុយអេឡា ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ដើម្បីកុំបញ្ហាកាន់តែរីករាលដាលខ្លាំងឡើង ។ ក្រសួងការបរទេសថៃអំពាវនាវឱ្យផ្តល់ភាពសំខាន់លើការការពារជនស៊ីវិល និងគោរពឆន្ទៈរបស់ពលរដ្ឋវេណេស៊ុយអេឡា ។
វាពិតជាគួរឱ្យអស់សំណើច ដែលថៃអំពាវនាវឱ្យអាមេរិក និងវេណេស៊ុយអេឡា ដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី ខណៈថៃខ្លួនឯងបែរជាឈ្លានពានដណ្តើមទឹកដីកម្ពុជាយ៉ាងកំរាល, ល្មើសច្បាប់អន្តរជាតិ និងបើកការវាយប្រហារកម្ពុជាម្តងហើយម្តងទៀត ។ ថៃបង្កសង្គ្រាមឈ្លានពានលើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
មេដឹកនាំថៃប្រកាសលាងទោសកំហុសរបស់ខ្លួនថា សកម្មភាពឈ្លានពានរបស់កងទ័ពថៃដើម្បីការពារអធិបតេយ្យរបស់ខ្លួន និងប្រឆាំងការឆបោកអនឡាញ ប៉ុន្តែហេតុអ្វីថៃចាំបាច់ប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជា រីឯកម្ពុជាមិនបានវាយចូលក្នុងទឹកដីថៃឡើយ ។ មេដឹកនាំថៃថា ធ្វើសង្គ្រាមដើម្បីផ្តល់សុវត្ថិភាពឱ្យពលរដ្ឋខ្លួន ប៉ុន្តែបើកដៃឱ្យកងទ័ពវាយប្រហារតំបន់ស៊ីវិលកម្ពុជាបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ និងរបួសជាច្រើននាក់ ។
ថៃអំពាវនាវឱ្យអាមេរិកដោះស្រាយបញ្ហាជាមួយវេណេស៊ុយអេឡាដោយសន្តិវិធី ប៉ុន្តែថៃខ្លួនឯងមិនស្តាប់ការអំពាវនាវរបស់អន្តរជាតិឱ្យឈប់វាយកម្ពុជា និងដោះស្រាយជម្លោះដោយសន្តិវិធី ។ ការអំពាវនាវរបស់ថៃគ្មានប្រយោជន៍ទេ បើថៃមិនគោរពច្បាប់អន្តរជាតិ ថែមទាំងតម្រៀបកុងទឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជាដោយខុសច្បាប់ ៕










