ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaoded កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពជើងគោកថៃបានចោទប្រកាន់កម្ពុជាបង្ហោះដ្រូនជាង២៥០គ្រឿងរំលោ.ភចូលដែនអធិបតេយ្យថៃ ព្រមទាំងចោទប្រកាន់កម្ពុជាល្មើសវិធានការកាត់បន្ថយភាពតានតឹងក្នុងកិច្ចប្រជុំ GBC ។ ក្រៅពីចោទប្រកាន់បង្ហោះដ្រូន កងទ័ពថៃក៏បានលាបពណ៌ទម្លាក់កំហុសលើកម្ពុជារឿងបង្កប់មីនថ្មីជាបន្តបន្ទាប់នៅតំបន់ព្រំដែន ដើម្បីយកលេសមិនដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ នេះ ។
កាលពីយប់ថ្ងៃទី២៨ ខែធ្នូ កងទ័ពថៃភូមិភាគទី២ បានធ្វើរបាយការណ៍ចោទប្រកាន់គ្មានមូលដ្ឋានថា កម្ពុជាបង្ហោះដ្រូនរហូតដល់ជាង២៥០គ្រឿងរំលោ.ភចូលដែនអធិបតេយ្យថៃ រួមមាន ៖ នៅច្រកអានសេះ ភ្នំសាត់តាសូម ជាំតែ ប្រាសាទតាមាន់ធំ ច្រកព្រំដែនសាយតាគូ និងតំបន់មួយចំនួនទៀត ។ កងទ័ពថៃចាត់ទុកនេះជាសកម្មភាពញុះញង់ និងល្មើសវិធានការកាត់បន្ថយភាពតានតឹងក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងផ្ទុយនឹងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ។
អ្នកនាំពាក្យកងទ័ពជើងគោក លោក វីនឆ័យ ស៊ុវ៉ារី ចោទប្រកាន់ថា កម្ពុជាបង្ហោះដ្រូនដើម្បីញុះញង់ និងបង្ហាញពីអរិភាពចំពោះភាគីថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពកងទ័ព រួមទាំងពលរដ្ឋថៃនៅព្រំដែន ។ ហេតុនេះ កងទ័ពថៃអាចពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប ដោយសារចាំបាច់ត្រូវពិនិត្យមើលនីតិវិធីនៃការដោះលែងឡើងវិញយោងតាមស្ថានការណ៍ និងសកម្មភាពដែលបានកើតឡើង ។
ទោះយ៉ាងណា កងទ័ពថៃនៅតែប្តេជ្ញាចិត្តប្រកាន់យកសន្តិភាព និងផ្តល់ភាពសំខាន់លើការកាត់បន្ថយភាពតានតឹងតាមរយៈយន្តការដែលមានស្រាប់ ។ ប្រសិនបើមានការល្មើសកិច្ចព្រមព្រៀង និងអធិបតេយ្យថៃជាបន្តបន្ទាប់ កងទ័ពថៃចាំបាច់ត្រូវតែចាត់វិធានការដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់ជាតិ ។
គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ មានប្រសាសន៍ថា បើមិនមានអ្វីប្រែប្រួលទេនោះ នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូនេះ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨រូបដែលថៃចាប់ខ្លួនកន្លងមក ត្រឡប់មកកម្ពុជាវិញ ។ ការសម្រេចដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ស្របតាមស្មារតីកិច្ចប្រជុំកន្លងមក ជាពិសេស កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា និងក្រោយរយៈពេល៧២ម៉ោងដែលបទឈប់បាញ់បានចូលជាធរមាន ។
ចំណែកក្រសួងការពារជាតិបានបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ដែលថា «ខ្លួនរកឃើញយានគ្មានមនុស្សបើក (UAV) ជាង២៥០គ្រឿងហោះចេញពីកម្ពុជារំលោ.ភចូលក្នុងដែនអធិបតេយ្យថៃ» ។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់នេះទាំងស្រុង រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព អនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនពលរដ្ឋនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្ត ជាពិសេស បណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយាន គ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ ៕










