ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានប្រកាសវិធានការដាក់ទណ្ឌក.ម្មក្រុមហ៊ុនអាមេរិកក្នុងផ្នែកឧស្សាហកម្មសន្តិសុខចំនួន២០ រួមទាំងក្រុមហ៊ុន Boeing’s St. Louis branch និង Anduril Industries ព្រមទាំងដាក់ទណ្ឌក.ម្មនាយកក្រុមហ៊ុន ចំនួន១០រូប ដោយសារលក់អាវុ.ធជាច្រើនឱ្យតៃវ៉ាន់ កាលពីសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៥ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៦ ខែធ្នូ ។

ប្រសិនបើសភាអាមេរិកអនុញ្ញាតឱ្យក្រុមហ៊ុនទាំង២០ លក់អាវុធជាច្រើនទៅឱ្យតៃវ៉ាន់ ចិននឹងចាត់ទុកថា គឺជាការលក់អាវុធឱ្យតៃវ៉ាន់ក្នុងទ្រង់ទ្រាយធំបំផុត ដែលស្មើទឹកប្រាក់រហូតដល់ជាង១ម៉ឺនលានដុល្លារ រួមទាំងការលក់មីស៊ីលចម្ងាយមធ្យម កាំភ្លើងធំ និងដ្រូនផងដែរ ។

ចិននឹងអនុវត្តវិធានការដាក់ទណ្ឌកម្មដោយការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាមេរិក និងនាយកក្រុមហ៊ុនអាមេរិកមួយចំនួននៅប្រទេសចិន ហើយមិនអនុញ្ញាតឱ្យក្រុមហ៊ុនចិនសហការជាមួយក្រុមហ៊ុនអាមេរិក ។ លើសពីនេះ បុគ្គលដែលត្រូវបានចិនដាក់ទណ្ឌកម្ម មិនអាចចូលប្រទេសចិនបានទេ ។

តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន តៃវ៉ាន់មានសារៈសំខាន់សម្រាប់ផលប្រយោជន៍ជាតិរបស់ចិន និងជាបន្ទាត់ក្រហមដែលអាមេរិកមិនអាចឆ្លងកាត់។ ចិនចាត់ទុកនេះជាសកម្មភាពញុះញង់របស់អាមេរិកពាក់ព័ន្ធនឹងឯករាជ្យតៃវ៉ាន់ ចិននឹងសងសឹកវិញយ៉ាងខ្លាំងក្លា បើអាមេរិកល្មើសបន្ទាត់ក្រហម ។

រដ្ឋាភិបាលចិនមើលឃើញថា តៃវ៉ាន់ជាទឹកដីរបស់ចិន និងត្រូវបង្រួបបង្រួមទឹកដីជាមួយចិនឡើងវិញ ខណៈប្រទេសជាច្រើន រួមទាំងអាមេរិក ក៏មិនទទួលស្គាល់តៃវ៉ាន់ជាប្រទេស ។ ប៉ុន្តែអាមេរិកប្រឆាំងនឹងការប្រើប្រាស់កម្លាំទ័ពដើម្បីដណ្តើមយកតៃវ៉ាន់ បើតាមច្បាប់ គឺអាមេរិកមានកាតព្វកិច្ចផ្តល់អាវុធឱ្យតៃវ៉ាន់ដើម្បីការពារខ្លួន ។

ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកលើកនេះ នៅតែជាបញ្ហាសំខាន់ក្នុងទំនាក់ទំនងរវាងអាមេរិក-ចិនក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ រវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump ។ លោក Xi បញ្ជាក់ទៅលោក Trump ថា ចិននឹងបញ្ចូលតៃវ៉ាន់ជាប្រទេសតែមួយ គឺជាផ្នែកសំខាន់នៃសណ្តាប់ធ្នាប់ពិភពលោកក្រោយបញ្ចប់សង្គ្រាម ។

ទោះយ៉ាងណា ចិន និងអាមេរិក ព្យាយាមរក្សាទំនាក់ទំនងឱ្យរឹងមាំ ដែលមហាអំណាចទាំងពីរព្រមព្រៀងបញ្ចប់ជម្លោះពាណិជ្ជកម្មរយៈពេល១ឆ្នាំ ។ ចិនយល់ព្រមឱ្យអាមេរិកស្វែងរករ៉ែកម្រដែលមានសារៈសំខាន់ក្នុងឧស្សាហកម្មអាមេរិក ដូចជា ៖ ការផលិតស្មាតហ្វូន និងប្រព័ន្ធមីស៊ីល ខណៈអាមេរិកនឹងកាត់បន្ថយពន្ធទំនិញនាំចូលពីប្រទេសចិន ៕