ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា បានលើកឡើងពីការមិនពេញចិត្តចំពោះការចេញផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ដែលតែងសម្ដែងបំភ្លៃការពិត ដើម្បីបង្កើតការយល់ច្រលំសម្រាប់ប្រជាជនខ្លួន។

តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ទៀ សីហា នាយប់ថ្ងៃពុធ ទី២៤ ខែធ្នូនេះ លោកបានសរសេថា៖ សារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវការ បានយកលិខិតផ្លូវការ (ផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ) ទៅបង្ហោះសម្តែងដូចជាការបែកធ្លាយ។ តែសម័យនេះហើយ មានទាំងGoogle Translate,ទាំងChatGPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបាន តែអត្ថន័យដូចមិនមានខ្លឹមសារដូចដែលខាងសារព័ត៌មានថៃបានយកទៅផ្សាយជូនប្រជាជនថៃ បានជ្រាបពិតប្រាកដសោះ។ ខ្ញុំឆ្ងល់ឡើងលែងឆ្ងល់ហើយ។
ការលើកឡើងរបស់ឯកឧត្តម ទៀ សីហា ធ្វើឡើងបន្ទាប់ពីមានការក្លែងបន្លំព័ត៌មានពីសំណាក់សារព័ត៌មានក្នុងស្រុកថៃ ជុំវិញសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ដោយបញ្ចេញបញ្ចូលអត្ថន័យ ធ្វើយ៉ាងណាឲ្យប្រជាជនរបស់ខ្លួនជឿថាកម្ពុជាចុះចា.ញ់ និងសុំថៃចរចា។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលសារព័ត៌មានថៃបានប្រព្រឹត្តខុសវិជ្ជាជីវៈបែបនេះ។ តាមការសង្កេតកន្លងមក ថៃតែងប្រើប្រាស់ការចុះផ្សាយព័ត៌មានមិនពិតដើម្បីអុចអាលឲ្យប្រជាជនពួគគេជឿទុកចិត្តរដ្ឋាភិបាល និងជឿថាកម្ពុជាជាអ្នកគំរាមកំហែងលើថៃមុន ខណៈការពិតបែបណាប្រជាជនថៃលែងដឹងអស់ទៅហើយ។
កត្តានេះហើយដែលជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ទទូចឲ្យសាធារណជនទាំងអស់កុំយកខ្លឹមសារនៃអត្ថបទព័ត៌មានដែលមានប្រភពមកពីប្រទេសថៃមកចុះផ្សាយ ឬចែករំលែកបន្តឲ្យសោះ ព្រោះវានឹងបង្កើតឲ្យមានការយល់ច្រលំ បាក់ទឹកចិត្ត និង បែ.កបាក់សាមគ្គីភាពនៅក្នុងប្រទេស៕










