ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានជំរុញឱ្យសារព័ត៌មាននានាបង្កើនការផ្សព្វផ្សាយដើម្បីឱ្យពិភពលោកកាន់ជើងថៃក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ដោយលោកទទួលស្គាល់ថា ថៃខ្វះទំនាក់ទំនងការទូតជាមួយអន្តរជាតិ ទើបពិភពលោកមិនកាន់ជើងថៃ ។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកប្រកាសថា ថៃជាប្រទេសចាប់ផ្តើមបង្កសង្គ្រា.មឈ្លា.នពានកម្ពុជា ហើយអាមេរិកត្រូវតែដោះស្រាយបញ្ចប់សង្គ្រា.មនេះ ។
កាលពីថ្ងៃទី២២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា ថៃបានចាប់ផ្តើមបង្កសង្គ្រា.វាយប្រ.ហារកម្ពុជាជាថ្មី ដែលបង្កឱ្យមានការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនអស់រយៈពេលជាច្រើនថ្ងៃ ។ លោកបានជួយសម្របសម្រួលបញ្ចប់សង្គ្រា.ម ចំនួន៨ ហើយជម្លោះរវាងកម្ពុជា-ថៃ គឺជាអាទិភាពកណ្ដាលដែលលោកត្រូវតែដោះស្រាយបន្ត ។ ក្រៅពីនេះ លោកបង្ហាញក្តីបារម្ភដោយមើលឃើញថា បច្ចុប្បន្ន ការស្អ.ប់ខ្ពើម និងគុំគួនគ្នាកំពុងកើនឡើងយ៉ាងខ្លាំងរវាងពលរដ្ឋទាំងសងខាង ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon បាននិយាយនៅវិមានរដ្ឋាភិបាលនៅថ្ងៃនេះ (ថ្ងៃទី២៣) ថា ថៃខ្វះទំនាក់ទំនងការទូតជាមួយអន្តរជាតិ ពីព្រោះគ្មានប្រទេសណាមួយកាន់ជើងថៃក្នុងជម្លោះព្រំដែន បើទោះជាថៃព្យាយាមរៀបចំគម្រោងទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសក្តី ។ ប្រទេសនានាប្រកាន់យកគោលជំហរអព្យាក្រឹត្យ មិនគាំទ្រថៃ បើទោះជាថៃផ្សព្វផ្សាយការបង្កសង្គ្រាមជាថ្មីដើម្បីការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ដោយអន្តរជាតិយល់ថា ថៃជាប្រទេសធំឈ្លានពានប្រទេសតូច ។
លោកក៏បានបង្ហាញក្តីបារម្ភ គឺគ្មានប្រទេសណាមួយថ្កោលទោសកម្ពុជាឡើយ ទោះជាថៃព្យាយាមចោទប្រកាន់ និងលាបពណ៌បង្កប់មីនថ្មីជាច្រើនលើកក្តី ។ លោកអន់ចិត្តដែលប្រទេសនានាអំពាវនាវឱ្យថៃកាត់បន្ថយការវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលលោកយល់ថា ចំណុចចាញ់ប្រៀបរបស់ថៃ គឺថៃជាប្រទេសធំជាង មានកងទ័ពច្រើនជាង ទៅវាយប្រហារកម្ពុជាជាប្រទេសតូច និងមានកងទ័ពតិច ។
ចំណែកកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែធ្នូ ដែលថៃទាមទារឱ្យរៀបចំនៅខេត្តចន្ទបុរី ប្រសិនបើមិនទទួលលទ្ធផលដូចការរំពឹងទុក លោកនឹងមិនចុះហត្ថលេខាលើឯកសារដាច់ខាត ហើយនឹងបន្តចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព និងច្បាប់អន្តរជាតិ ។ លើសពីនេះ ថៃបន្តចោទប្រកាន់កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា, យកប្រាសាទបុរាណជាទីតាំងកងទ័ព, បាញ់ចេញពីទីតាំងប្រជុំជន, យកកាស៊ីណូធ្វើឃ្លាំងអាវុធ និងយកពលរដ្ឋធ្វើខែល ។
ចុងក្រោយ លោកបានជំរុញឱ្យសារព័ត៌មានថៃទាំងអស់ង្កើនការផ្សព្វផ្សាយឱ្យខ្លាំងក្លាដើម្បីឱ្យពិភពលោកកាន់ជើងថៃក្នុងជម្លោះព្រំដែន ពីព្រោះការធ្វើសង្គ្រាមព័ត៌មានមិនចាញ់សង្គ្រាមនៅសមរភូមិប្រយុទ្ធទេ សារព័ត៌មានថៃត្រូវតែធ្វើសង្គ្រាមព័ត៌មានឱ្យឈ្នះ ។
គួរបញ្ជាក់ថា សង្គមថៃអន់ចិត្តយ៉ាងខ្លាំងដែលលោកប្រធានាធិបតី Trump និយាយច្បាស់ៗថា ថៃបានចាប់ផ្តើមបង្កសង្គ្រា.មវាយប្រ.ហារកម្ពុជាជាថ្មី ដែលបង្កឱ្យមានការប្រយុ.ទ្ធគ្នានៅតាមបណ្តោយព្រំដែនអស់រយៈពេលជាច្រើនថ្ងៃ ។ លោកនិយាយបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការផលិតនាវាចម្បាំងខ្នាតយក្សជំនាន់ថ្មី ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក ។
ប្រសាសន៍របស់លោកប្រធានាធិបតី Trump បង្ហាញពីគោលជំហរអន្តរជាតិដ៏សំខាន់របស់មហាអំណាចអាមេរិក ស្របពេលស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ កំពុងស្ថិតក្នុងភាពតានតឹង ដែលទាមទារឱ្យមានចំណាត់ការជាបន្ទាន់ពីសហគមន៍អន្តរជាតិ ។ កម្ពុជាជាប្រទេសតូចជាង មានកងទ័ព និងពលរដ្ឋតិចជាង បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ ជាពិសេស ការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើនកន្លែង ៕










