ជាច្រើនថ្ងៃនេះ មហាជនថៃបានរិះគ.ន់ស្ត្រីថៃម្នាក់ជាជាងកាត់សក់នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលហ៊ាននិយាយការពិតថា ការរស់នៅធម្មតា គ្មានការធ្វើបា.បពីអាជ្ញាធរកម្ពុជា ឬកងទ័ពចាប់ធ្វើចំណាប់ខ្មាំ.ងទេ និងសំណូមពរទៅក្រុមជ្រុលនិយម រួមទាំងសារព័ត៌មានថៃនានាឈប់ផ្សព្វផ្សាយព័ត៌មានមូលបង្កាច់ និងលាបពណ៌ប៉ោយប៉ែតជាតាំងឆបោ.កអនឡាញ ។ ស្ត្រីថៃថា ការរស់នៅមានក្តីសុខ មិនដូចការចុះផ្សាយរបស់សារព័ត៌មានថៃដែលធ្វើឱ្យមានការយល់ច្រឡំប៉ោយប៉ែតគ្មានសុវត្ថិភាព ប៉ុន្តែត្រូវមហាជនរិះគ.ន់យ៉ាងចាស់ដៃថា កាន់ជើងកម្ពុជា ។

ស្ត្រីថៃនិយាយថា ការរស់នៅទីក្រុងប៉ោយប៉ែតធម្មតា គ្មានការធ្វើបាបពីអាជ្ញាធរកម្ពុជាដូចការផ្សព្វផ្សាយលាបពណ៌របស់សារព័ត៌មានថៃនានាទេ នៅប្រទេសណាក៏ដោយ សុទ្ធតែមានបញ្ហាដូចគ្នា ប៉ុន្តែពលរដ្ឋថៃញុះញង់តាមបណ្តោយសង្គមឱ្យកងទ័ពប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកលើទីក្រុងប៉ោយប៉ែត ។ ស្ត្រីរូបនេះថា គ្រប់ប្រទេសលើពិភពលោក គឺមានទាំងមនុស្សល្អ មនុស្សអាក្រក់ សូមអ្នករិះគន់ទាំងឡាយយកពេលវេលានេះទៅថែទាំងគ្រួសាររបស់ខ្លួន ឬរកស៊ីចិញ្ចឹមជីវិតប្រសើរជាង ថាតើគ្រួសារខ្លួនមានអាហារហូបចុកគ្រប់គ្រាន់ឬនៅ និងឈប់លាបពណ៌ប្រទេសជិតខាង ។

សារព័ត៌មាននៅប្រទេសថៃពូកែលាបពណ៌ទីក្រុងប៉ោយបែតជាទីតាំង Scammer បើដូចការផ្សព្វផ្សាយមែននោះ នាងជាជនជាតិថៃរស់នៅទីនេះច្បាស់ជាមានបញ្ហាមិនខាន ប៉ុន្តែនាងរស់នៅធម្មតា គ្មានអាជ្ញាធរដេញចាប់ជនជាតិថៃធ្វើជាចំណាប់ខ្មាំងទេ ។ ការរស់នៅសព្វថ្ងៃ នាងមិនធ្លាប់ឃើញកងទ័ពកម្ពុជាណាម្នាក់សោះ ប៉ុន្តែពលរដ្ឋថៃខ្លះរស់នៅក្នុងត្រឡោក ញុះញង់ឱ្យកងទ័ពប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ។ ពួកគេគួររៀនសូត្របន្ថែមតាមអ៊ីនធើរណេត មិនមែនចាំតែញុះញង់ក្នុងបណ្តាញសង្គម ពីព្រោះជនជាតិថៃដែលមកធ្វើការនៅប៉ោយប៉ែត មិនមែនជា Scammer ទេ ។

មនុស្សជាច្រើនបានរិះគន់ពាក្យសម្តីរបស់ស្ត្រីថៃរូបនេះថា កាន់ជើងកម្ពុជា និងជំរុញឱ្យនាងស្នើសុំសញ្ជាតិខ្មែរ ប៉ុន្តែនាងឆ្លើយតបទៅវិញថា ហេតុអ្វីមិនទទួលស្គាល់ការពិត និងរិះគន់អ្នកនិយាយការពិត ។ ពលរដ្ឋថៃរស់នៅតែក្នុងប្រទេសខ្លួនមិនដែលចេញក្រៅ មិនស្គាល់ទីក្រុងប៉ោយប៉ែតច្បាស់លាស់ទេ ដោយសារជឿសារព័ត៌មានថៃផ្សព្វផ្សាយលាបពណ៌ ។

គួរបញ្ជាក់ថា សារព័ត៌មានថៃនានាបានព្យាយាមលាបពណ៌ទីក្រុងប៉ោយបែតជាសំបុក Scammer និងទីតាំងប្រព្រឹត្តបទល្មើស តាំងពីមុនពេលផ្ទុះសង្គ្រាមម៉្លេះ ក្នុងគោលបំណងធ្វើឱ្យជនបរទេសញញើតមិនហ៊ានមកទីក្រុងប៉ោយប៉ែត ។ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មី ពលរដ្ឋថៃក៏ញុះញង់ឱ្យកងទ័ពប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើអគារនានា ក្រោមលេសជាទីតាំង Scammer ទោះជាដឹងថា មានពលរដ្ឋថៃស្នាក់នៅទីនេះច្រើនក្តី ។

ទីក្រុងប៉ោយប៉ែតបានរងការវាយប្រហារពីយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋកម្ពុជាជម្លៀសចេញពីលំនៅឋានជាច្រើនលើកច្រើនសារ ដោយកងទ័ពថៃយកលេសថា ទម្លាក់គ្រាប់បែកកំទេចសំបុក Scammer ដែលលាក់ខ្លួនក្នុងអគារនានា ។

តាមការក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ នាម៉ោង១០និង៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើអាគារ និងផ្ទះរបស់ពលរដ្ឋស៊ីវិលកំពុងរស់នៅ ប្រមាណ ៣០គ្រាប់ (កាំភ្លើងដៃ) នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ សកម្មភាពនេះជាការវាយប្រហារដ៏កំរោលមិនរើសគោលដៅរបស់យោធាថៃ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ៕