មហាអំណាចអាមេរិកបានអំពាវនាវជាថ្មីម្តងទៀតកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ និងដកអាវុ.ធធុនធ្ងន់ចេញពីព្រំដែនប្រទេសទាំងពីរជាបន្ទាន់ ដែលនេះជាការអំពាវនាវលើកចុងក្រោយបង្អស់ បន្ទាប់ពីមើលឃើញកងទ័ពថៃនៅតែផ្គើនសម្រុកផ្លោងគ្រាប់ និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កតាមទំនើងចិត្តក្នុងទឹកដីកម្ពុជា ដោយមិនស្តាប់ការសម្របសម្រួលរបស់មហាអំណាចនានា និងទាត់ចោលការអំពាវនាវរបស់សហគមន៍អន្តរជាតិ ។

មហាអំណាចអាមេរិកបានព្យាយាមសម្របសម្រួលម្តងហើយម្តងទៀតឱ្យបញ្ចប់សង្គ្រាមអូសបន្លាយ ដែលបង្កឡើងជាថ្មីដោយកងទ័ពថៃកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យប្រទេសទាំងពីរដកអាវុធធុនធ្ងន់ចេញពីព្រំដែន និងឈប់ចោទប្រកាន់ការបង្កប់មីនថ្មីដែលធ្វើឱ្យសង្គ្រាមកាន់តែក្តៅគគុកខ្លាំងឡើង ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott និយាយកាលពីថ្ងៃទី២១ ខែធ្នូ ថា «យើងរីករាយដែលមេដឹកនាំអាស៊ាននឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស នៅថ្ងៃទី២២ ខែធ្នូ នេះ ដើម្បីជំរុញឱ្យកម្ពុជា-ថៃបញ្ចប់សង្គ្រាមជាថ្មី និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពយ៉ាងពេញលេញ» ។

ការអំពាវនាវរបស់មហាអំណាចអាមេរិកលើកចុងក្រោយនេះ គឺមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ដែលពិភាក្សាពីការបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃបានអូសបន្លាយជាច្រើនថ្ងៃ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

ចំណែកលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយមុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំថា បណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសនានាមិនអាចដាក់សម្ពាធថៃបានទេ ដោយសារថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាមរហូតមក ។ លោកបាននិយាយទម្លាក់កំហុសលើកម្ពុជាបង្កសង្គ្រាមមុន ដើម្បីកុំឱ្យរងការស្តីបន្ទោសពីអន្តរជាតិក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួរ ។

លោកបន្តថា ក្រសួងការបរទេសថៃបានដាក់លក្ខខណ្ឌ ៣ចំណុចសម្រាប់កម្ពុជា ទើបថៃយល់ព្រមបញ្ចប់សង្គ្រាមឈ្លានពានលើកនេះ រួមមាន ៖ ១-កម្ពុជាត្រូវតែប្រកាសឈប់បាញ់មុន ២-ត្រូវតែឈប់បាញ់ពិតប្រាកដ ឈប់បាញ់ជារៀងរហូត និងមានក្រុមសង្កេតការណ៍ត្រួតពិនិត្យ និង៣-កម្ពុជាត្រូវសហការដោះមីនជាមួយថៃដោយស្មោះត្រង់ ។

កាលពីថ្ងៃទី១៩ ខែធ្នូ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថា នឹងជំរុញឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃឱ្យបាន យ៉ាងយូរត្រឹមថ្ងៃទី២២ ឬ២៣ ខែធ្នូ (ជាអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស) ពីព្រោះមេដឹកនាំថៃបានសន្យាជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។ បច្ចុប្បន្ន ថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងចោទប្រកាន់កម្ពុជាមិនឈប់ឈរ ដូច្នេះ អាមេរិកមានតួនាទីជំរុញឱ្យប្រទសទាំងពីរចរចាឡើងវិញ ។

គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ រីឯភាគីថៃទៅចូលរួមកិច្ចប្រជុំ គឺលោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេស ដោយលោកថា កិច្ចប្រជុំនេះ ថៃនឹងដាក់លក្ខខណ្ឌ ៣ចំណុច បើកម្ពុជាមិនទទួលយកទេ កងទ័ពថៃនឹងមិនបញ្ចប់សង្គ្រាមឡើយ ។

ថៃចោទប្រកាន់អស់ពីរឿងមួយចូលរឿងមួយទម្លាក់កំហុសលើកម្ពុជា ដើម្បីយកលេសធ្វើសង្គ្រាមទន្ទ្រានទឹកដីដោយការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកតាមទំនើងចិត្តក្នុងដែនអធិបតេយ្យកម្ពុជា បែរជាដាក់លក្ខខណ្ឌឱ្យកម្ពុជាប្រកាសឈប់បាញ់មុន ។ ថៃចោទប្រកាន់កម្ពុជាឈ្លានពាន ប៉ុន្តែសង្គ្រាមជាច្រើនថ្ងៃនេះ ឃើញតែកងទ័ពថៃយកទង់ជាតិមកដោតក្នុងទឹកដីកម្ពុជា ហើយត្រូវបានវីរកងទ័ពកម្ពុជាបណ្តេញទៅវិញ ។ ថៃថាខ្លួនការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ប៉ុន្តែប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងជ្រៅ បំផ្លាញវត្តអារ៉ាម សាលារៀន ផ្លូវ ស្ពាន និងផ្ទះសម្បែងពលរដ្ឋ ។

កងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ឈ្លានពានចូលទឹកដីកម្ពុជារាល់ថ្ងៃ ដែលនេះជាទង្វើផ្គើន និងចំអកឡកឡឺយចំពោះអន្តរជាតិ ជាពិសេស ផ្គើនមហាអំណាចអាមេរិក-ចិន សហគមន៍អឺរ៉ុប និងអាស៊ាន ដែលបានអំពាវនាវឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពាន និងងាកមកគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាព ៕