កញ្ញា សាន្ត កុសុមៈ ដែលជាតារាសម្តែងនិងគ្រូបង្រៀនមួយរូបបាននិយាយថាសកម្មភាពរបស់ថៃគឺចង់ឱ្យខ្មែរមានអារម្មណ៍បាក់ស្បាតជាមួយនឹងសង្គ្រាមគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។ កុសុមៈ ថាកំឡុងពេលនេះប្រសិនជាចង់ធ្វើអ្វីឱ្យបន្តសកម្មភាពនោះចុះដូចជាការរៀបការ ការរកស៊ី ជាដើមខណៈនាងដាស់ស្មារតីឱ្យកូនខ្មែរខិតខំសិក្សារៀនសូត្រចូលបណ្ណាល័យឱ្យច្រើនជាងចូលក្លិប។
.png)
ការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាបានបំពានកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើឡើងនៅម៉ាឡេស៊ីឈានដល់៩ថ្ងៃហើយគិតត្រឹមថ្ងៃទី១៥ ខែធ្នូ នេះ។ មិនត្រឹមតែប៉ុណ្ណោះ ថៃបន្តឈ្លានពានទាំងកំរោលមិនរើសទីតាំងខណៈពេលនេះមានជនស៊ីវិលបានស្លាប់កើនដល់ ១២នាក់ក្នុងនោះមានទារកម្នាក់ , រងរបួស ៧៤ នាក់ ជនភៀសសឹកកើនដល់ជាង ៤០ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ស្របពេលសង្គ្រាមកលើកនេះអូសបន្លាយជាច្រើនថ្ងៃពុំទាន់មានសញ្ញាថមថយ កញ្ញា សាន្ត កុសមៈ បានចេញវីដេអូកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ដោយនិយាយថាអ្វីដែលថៃកំពុងតែធ្វើគឺចង់ឱ្យប្រជាជនខ្មែរមានអារម្មណ៍បាក់ស្បាតលែងចង់ទៅមុខ លែងចង់រកស៊ី អង្គុយសេដកើតស្រ្តេស បាក់ទឹកចិត្ត។ តារាសម្តែងនិងជាគ្រូបង្រៀនរូបនេះបាននិយាយមិនចំឈ្មោះប៉ុន្តែមហាជនដឹងថាជាថៃ ជាប្រទេសដែលមានគំនិតអាក្រក់ពេលឃើញប្រទេសខ្មែរងើបទាញទម្លាក់។ ស្ថានភាពនេះ សាន្ត កុសុមៈ លើកទឹកចិត្តឱ្យអ្នកដែលគ្រោងរៀបការ គ្រោងយកកូនឱ្យបន្តដូចដើមមិនមែនត្រូវមកបញ្ឈប់ពេលមានបញ្ហានោះទេ។
ការលើកឡើងខាងនេះ កុសុមៈ បានបន្តពន្យល់ថាជីវិតមិនចាំបាច់ទាល់តែសប្បាយបានបន្តទៅមុខនោះទេពីព្រោះជារៀងរាល់ឆ្នាំតែងតែមានរឿងផ្សេងៗ បញ្ហាតែងតែមាន ហើយការធ្វើនេះមិនមែនតែដើម្បីខ្លួនឯងតែក៏ធ្វើដើម្បីជាតិ។ តារាសម្តែងរូបនេះថា ថៃចង់បានប្រាសាទអង្គរវត្តជាយូរមកហើយ ហើយការដែលឈ្លានពានរករឿងកម្ពុជាពេលនេះដោយសារតែសម្លឹងឃើញថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្មែរលូតលាស់លឿនមានថ្នាក់ដឹកនាំពូកែៗ។ អ្នកគ្រូ កុសុម៉ា បានបង្ហាញពីសមិទ្ធផលធំៗដូចជាព្រលានថ្មី ដែលទេសចរមកលេងកម្ពុជាហើយមិនសូវមានអារម្មណ៍ថាអន់ជាងប្រទេសដទៃក្នុងអាស៊ាននោះទេ។
កញ្ញា សាន្ត កុសុម៉ា ថាប្រសិនជាយើងភ័យ យំ បាក់ស្បាត លែងចង់បន្តទៅមុខមានន័យថាយើងចាញ់ថៃពិតប្រាកដដូច្នេះអ្នកពូកែរកស៊ីត្រូវរកស៊ីឱ្យខ្លាំងជាងមុន ហើយអ្វីដែលយើងបាត់បង់គឺវាឈឺចាប់ហើយបណ្ណាល័យមួយៗគួរតែមានមនុស្សទៅច្រើនជាងក្លិប។ ត្រង់ចំណុចនេះ កុសុម៉ា បានលើកពាក្យមួយថា «សត្រូវយើងមើលដឹងពីសមត្ថភាពយើងមុនពេលយើងមើលដឹងខ្លួនឯង» ដូច្នេះក្នុងការជួយអភិវឌ្ឍជាតិគឺចេញពីប្រជាជនគ្រប់រូប ឱ្យតែមានការសាមគ្គីប្រឹងស្មើដៃគ្នានាងជឿថានឹងអាចធ្វើបានទោះបីជាអ្នកផ្សេងមករង្គើយ៉ាងណាក៏ដោយព្រោះយើងមានឈាមជ័រជាខ្មែរ៕










