ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចៅហ្វាយស្រុកឃុនហាន ខេត្តស៊ីសាកេត (ដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ) បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានជាបន្ទាន់ និងដាក់ទោស.តាមច្បាប់សម្រាប់អ្នកមិនអនុញ្ញាតតាម ។ សេចក្តីប្រកាសបញ្ជាក់ថា ពលរដ្ឋត្រូវទៅស្នាក់នៅជំរំភៀសសឹក ជម្រកបណ្តោះអាសន្ន ឬទីកន្លែងមានសុវត្ថិភាព រហូតដល់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាលឡើងវិញ ។
អាជ្ញាធរថៃប្រកាសឱ្យពលរដ្ឋខ្លួនជម្លៀសចេញជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ នៅតំបន់ជាច្រើនតាមបណ្តោយព្រំដែន ហើយកងទ័ពថៃបានធ្វើសង្គ្រាមកាន់តែខ្លាំងក្លាបណ្តាលឱ្យខូចខាតប្រាសាទបុរាណ ស្ពាន និងលំនៅឋានពលរដ្ឋកម្ពុជាជាច្រើនខ្នង ។ អាជ្ញាធរខេត្តស៊ីសាកេតប្រកាសថា ពលរដ្ឋណាដែលមិនព្រមជម្លៀសតាមសេចក្តីប្រកាសនេះនឹងមានទោសតាមច្បាប់ ផ្ទុយនឹងមាត្រា៥២ ។
ក្រៅពីប្រកាសឱ្យពលរដ្ឋជម្លៀសចេញជាបន្ទាន់ ចៅហ្វាយស្រុកឃុនហាន ខេត្តស៊ីសាកេត បានហាមឃាត់ពលរដ្ឋមិនឱ្យធ្វើដំណើរត្រឡប់មកភូមិស្រុកវិញដាច់ខាត ដោយឱ្យស្នាក់នៅជំរំភៀសសឹកជាបណ្តោះអាសន្នក្នុងអំឡុងពេលកងទ័ពថៃបង្កើនការវាយប្រហារកម្ពុជាមិនដកដៃ ដែលការហាមឃាត់នេះអនុវត្តចាប់ពីថ្ងៃទី១៥ ខែធ្នូ តទៅ ។
គួរបញ្ជាក់ថា សង្គ្រា.មឈ្លានពា.នរបស់កងទ័ពថៃមកលើកម្ពុជាបានឈានដល់ថ្ងៃទី៩ហើយ បើគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ហើយរហូតមកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា សង្គ្រាមនឹងបញ្ចប់ពេលណាទេ ក្រោយនាយករដ្ឋមន្ត្រីថៃចាំផ្ទះល្មោ.ភសង្គ្រា.មទាត់ចោលការអន្តរាគមន៍ឱ្យមានបទឈប់បា.ញ់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ លោក Anutin Charnvirakul កំពុងប្រើប្រាស់ការប្រយុទ្ធគ្នានៅព្រំដែនជាមួយកម្ពុជាដើម្បីរកសំឡេងគាំទ្រ ខណៈការបោះឆ្នោតនៅថៃអាចនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ។
លោក Anutin បានរំលាយសភាកាលពីថ្ងៃទី១២ ខែធ្នូ ប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមុនពេលកំណត់ ដែលការសម្រេចចិត្តនេះស្របពេលកងទ័ពថៃកំពុងវាយប្រហារឈ្លានពានកម្ពុជាជាថ្មីនៅតាមបណ្តោយព្រំដែនយ៉ាងខ្លាំងក្លា បន្ទាប់ពីលោក Anutin ទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។ ប៉ុន្តែអ្នកវិភាគថា ការរំលាយសភាយ៉ាងតក់ក្រហល់ គឺជាលេសគេចមិនចរចាជាមួយប្រធានាធិបតីអាមេរិក និងបើកដៃឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀតដែលព្រះមហាក្សត្រថៃគាំទ្រផែនការនេះ ។
កាលពីថ្ងៃទី១៣ ខែធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារក្រោយពីពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកប្រធានាធិបតី Trump ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងឱ្យភាគីទាំងពីរវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។ សម្តេចបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ដែលបណ្តាលឱ្យផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ គឺកងទ័ព និងស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ីអាចប្រមូលព័ត៌មានដូចជារូបភាពផ្កាយរណបដែលថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ដែលនេះជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ។
នៅថ្ងៃទី១៥ ខែធ្នូ ក្នុងកម្មវិធីមួយ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin បានបដិសេធមិនឱ្យមានការផ្ទៀងផ្ទាត់រូបភាពតាមផ្កាយរណបដើម្បីបញ្ជាក់ថាភាគីណាបង្កសង្គ្រាមមុនដាច់ខាត ដោយលោកនិយាយបំភ្លៃថា ថៃមិនធ្លាប់ឈ្លានពានប្រទេសណាទេ ថៃស្រឡាញ់សន្តិភាព ។ តើមានសិទ្ធិអ្វីក្នុងការប្រើប្រាស់ផ្កាយរណបដើម្បីតាមដានប្រតិបត្តិការរបស់កងទ័ពថៃ? លោកចោទប្រកាន់ថា ការប្រើប្រាស់ផ្កាយរណបនេះដើម្បីចាប់កំហុសថៃដែលចាប់ផ្តើមបង្កហិង្សា ហើយលោកថា ដើម្បីកុំឱ្យសង្គ្រាមកាន់តែតានតឹង ត្រូវតែដកថយទាំងសងខាង ហើយកម្ពុជាត្រូវដកថយដោយស្មោះត្រង់សិន ៕










