ជិតដល់ថ្ងៃមង្គល នាយព្រែក និង ឈិន មុន្នីនាថ បានទៅទទួលសាច់ញាតិដែលរស់នៅក្រៅប្រទេសជាបន្តបន្ទាប់រហូតចុងក្រោយនេះគឺជាវត្តមានឪពុករបស់នាយព្រែក ដែលត្រូវជាសា្វមីរបស់ យាយយ៉យ។ កម្រនឹងបង្ហាញមុខលើបណ្តាញសង្គមឪពុករបស់ នាយព្រែក ទទួលបានមតិសរសើរថានៅតែសង្ហានិងមើលទៅក្មេងជាងវ័យ។
អ្នកគាំទ្រមួយចំនួនប្រាកដជាជ្រាបមកហើយថា នាយព្រែក កម្រនឹងបង្ហាញមុខឪពុករបស់ខ្លួនណាស់ខណៈដែលគាត់គឺបានទៅរស់នៅឯសហរដ្ឋអាម៉េរិក។ កន្លងមក នាយព្រែក និង មុន្នីនាថ បានទៅទទួលបានថ្លៃស្រីដែលត្រូវជាកូនបង្កើតរបស់លោកព្រហ្មម៉ាញ និងក្មួយៗ ដើម្បីចូលរួមកម្មវិធីមង្គលការអ្នកទាំងពីរ។ នៅថ្ងៃទី៣ ខែធ្នូ នេះ នាយព្រែក បានបង្ហោះវីដេអូមួយទៀតបង្ហាញពីវត្តមានឪពុករបស់លោកបានមកដល់ស្រុកខ្មែរហើយកាលពីថ្ងៃទី២ខែធ្នូ។
ក្នុងវីដេអូ នាយព្រែក និង មុន្នីនាថ បានទៅទទួលដោយផ្ទាល់ ខណៈនាយព្រែក បានបង្ហាញថាលោកនិងឪពុកបានបែកគ្នាអស់រយៈពេល៣ឆ្នាំហើយ ហើយការមកដល់របស់គាត់ធ្វើឱ្យលោកសប្បាយចិត្តខ្លាំង។ ការមកដល់យឺតជាងគេក្នុងចំណោមសមាជិកគ្រួសារនាយព្រែកបានបង្ហាញថាដោយសារតែឪពុករបស់ខ្លួនជាប់ការងារនៅទីនោះ។
បន្ទាប់ពី នាយព្រែក បង្ហាញមុខឪពុកនៅលើបណ្តាញសង្គមហើយអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ដោយទស្សនិកជនខ្លះបង្ហាញថាទើបតែស្គាល់មុខឪពុករបស់នាយព្រែកទេ ខណៈអ្នកខ្លះក៏បានសរសើរថាឪពុកនាយព្រែកនៅក្មេងជាងវ័យផងដែរ។ មតិមួយផ្នែកថានាយព្រែកនិងឪពុកមើលយូរៗដូចគ្នា ខណៈអ្នកខ្លះថា នាយព្រែក កាត់ទៅតាមយាយយ៉យ ច្រើនជាង។.png)
គួរបញ្ជាក់ផងដែរថា នាយព្រែក និង ឈិន មុន្នីនាថ នឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៧ ខែធ្នូ នេះបន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នារយៈពេល៦ឆ្នាំ៕










