ប្រទេសសិង្ហបុរី ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសសិង្ហបុរីនឹងហាមឃាត់កូនសិស្សប្រើប្រាស់ទូរស័ព្ទដៃ (ស្មាតហ្វូន) នៅសាលារៀន ចាប់ពីឆ្នាំ២០២៦ ដោយសារបារម្ភពីផលប៉ះពាល់សុខភាពយុវជន និងលទ្ធផលការសិក្សាធ្លាក់ចុះ ។ សិង្ហបុរី គឺជាប្រទេសចុងក្រោយបង្អស់ដែលបានហាមយុវជនលេងបណ្តាញសង្គម ខណៈម៉ាឡេស៊ី និងអូស្ត្រាលី ទើបតែប្រកាសហាមឃាត់នាពេលមុននេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Qla6M9o7t_7ROeDWuBNHVLCh7JOIzct2hXcAhBLqnuloFGfRpiaQZnHErWqQZQwREvpQugtETny9PiyL4dToPRXljkodlmkhiNbR3hB_xyQ1JscUkmStmqvXDZJZfbd7XeEPxlV0OrQtcr7vTC3Oo-8nKIHNA7OI0LWPMAHP8WewrblDVY843VQEIv77/s1000/image_2025-12-04_09-26-15.png
ក្រសួងអប់រំសិង្ហបុរីបានប្រកាសពីការហាមឃាត់កូនសិស្សរៀនកម្រិតមធ្យមសិក្សាទាំងអស់ប្រើប្រាស់ទូរស័ព្ទដៃក្នុងអំឡុងពេលនៅសាលារៀន ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ ។ នេះជាវិធានការមួយក្នុងការលើកកម្ពស់ទម្លាប់ប្រើប្រាស់ទូរស័ព្ទដៃកុំឱ្យប៉ះពាល់សុខភាព និងជាការបន្តពីវិធានការអនុវត្តបច្ចុប្បន្ន ដែលបានហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃតែក្នុងបន្ទប់រៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1UglH3ihYGGmjfS40mo2K0ZV3o1I3-yC5ZT-0MEaxkyQeNCI_CgtaGBYp1cAuSVTvDm2Rm2G1A-GcuQQajc_ACtANi3tVNKSiBet46ak7-ZdVjJTNyc_nXXwhDLX2gX6lFl5AfOxiXcw6lQNoCzWs5Q0eRnnGB73yWbZ7bsrYCWCJfoFhOWfnuTDgu17P/s1200/image_2025-12-04_09-26-16.png
មន្ត្រីក្រសួងអប់រំសិង្ហបុរីបញ្ជាក់ថា ការហាមឃាត់នេះនឹងកំណត់ឱ្យកូនសិស្សត្រូវទុកទូរស័ព្ទដៃ និងនាឡិកាទំនើប (Smart Watch) នៅទីកន្លែងដែលសាលារៀនកំណត់ ឬទុកក្នុងកាបូបរបស់ពួកគេពេញមួយថ្ងៃ ប៉ុន្តែសាលារៀនក៏មានការលើកលែងដែរ ប្រសិនបើកូនសិស្សត្រូវការប្រើប្រាស់ទូរស័ព្ទដៃក្នុងករណីចាំបាច់ ។ ការប្រើប្រាស់ទូរស័ព្ទដៃ និងនាឡិកាទំនើប (Smart Watch) របស់សិស្សសាលាធ្វើឱ្យប៉ះពាល់សុខភាព រំខានការសម្រាក ហាត់ប្រាណ និងចូលរួមជាមួយសង្គម ឬគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_A9VFajrFHyimQNXELTcXuxEiAaj3vYe_81dDINn3d_jof5-W_pL_Ax6RRUwIUP3UWomTRPhT10bDIIMZVEai-XyTh1aOMW-KYqyuuK8xBkMPk-50zA3lSuTDrrTQAx2CjMArNjrFtvV61ThuNVL2F3AS9hdb3xjr63cnNEh5HEkQg0rN0k6fIRuV4k6/s758/image_2025-12-04_09-26-52.png
ថ្មីៗនេះ ម៉ាឡេស៊ីបានហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមចាប់ពីឆ្នាំ២០២៦ ដោយសារបារម្ភពីផលប៉ះពាល់ផ្លូវចិត្ត និងរងការគំរាមកំហែង ខណៈអូស្ត្រាលីនឹងហាមយុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមមួយចំនួន ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយពេលវេលានៅជាមួយបណ្តាញសង្គម ។ ចំណែកបារាំង អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និងក្រិក កំពុងសាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់អាយុអ្នកលេងបណ្តាញសង្គមក្រោយពីការគំរាមកំហែង និងការឆបោកតាមអនឡាញកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2A77QG8ZzHrZ62WVBGsued9IgiZ1UWSWcR1S7uTSN8CpClPZtOPoLiz3_klZZ5LHFgJrIT-luWklg1_avAuXp3E0XsGWrKcTl1t9L0LDGR7ziu4IsT8AuEK2L4k7EOaCOKd-Vc0cyNSP3ADsYZd7fd1pn0KP3unWjkyP0wVT1qGjYFIvi0H95CHDr01vS/s1920/image_2025-12-04_09-26-15%20(2).png

គួរបញ្ជាក់ថា ការញៀនបណ្តាញសង្គមរបស់យុវជនជាបញ្ហាមួយដែលពិភពលោកបារម្ភខ្លាំង ដោយសារការមើលខ្លឹមសារមិនសមរម្យ ចាញ់បោកជនខិលខូច ប៉ះពាល់សុខភាពផ្លូវកាយ-ផ្លូវចិត្ត អារម្មណ៍តានតឹង ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ទទួលបានព័ត៌មានសុខភាពមិនត្រឹមត្រូវ បោះបង់ការហាត់ប្រាណ និងនៅដាច់ឆ្ងាយពីសង្គម ៕