ប្រទេសថៃ ៖ បើទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump អំពាវនាវឱ្យរដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលបានចុះហត្ថលេខារួមគ្នានៅម៉ាឡេស៊ី និងឈប់ធ្វើសង្គ្រា.មឈ្លានពា.ន ក៏រដ្ឋាភិបាលថៃនៅតែផ្អាកកិច្ចព្រមព្រៀងសន្តិភាពដដែល ។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថែមទាំងមានផែនការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ ខណៈកងទ័ពថៃបន្តប្រឌិតរឿងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីដើម្បីទម្លាក់កំហុសមិនឈប់ឈរ និងត្រៀមធ្វើសង្គ្រា.មមិនញញើតអាមេរិក ។

«កិច្ចប្រជុំ GBC នាដើមឆ្នាំ២០២៦ ថៃនឹងស្នើឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិណងចាន់ (ភូមិជោគជ័យរបស់កម្ពុជា) ឱ្យបានមុនពេលថៃរំលាយសភានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ហើយកងទ័ពថៃក៏ត្រៀមធ្វើសង្គ្រា.មផងដែរ ខណៈលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នឹងទៅខេត្តសុរិន្ទនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យស្ថានការណ៍» ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី៣ ខែធ្នូ ។

នៅថ្ងៃទី៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា បច្ចុប្បន្ន ថៃបអនុវត្តតាមផែនការរបស់ខ្លួន៣ចំណុច រួមមាន ៖ ១-ការដោះមីន ២-ការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅបរិវេណភូមិណងយ៉ាកែវ និងភូមិណងចាន់ (ភូមិព្រៃចាន់ និងភូមិជោគជ័យ) និង៣-ធ្វើរបងព្រំដែននៅខេត្តចន្ទបុរី និងត្រាត ។ ប្រសិនបើកម្ពុជាល្មើសអធិបតេយ្យ ភាគីថៃនឹងមិនព្រមជាដាច់ខាត ។

លោក Natthaphon បន្តថា ថៃបានដោះមីននៅភូមិណងយ៉ាកែវរួចហើយ រីឯការដោះមីននៅភូមិណងចាន់ នៅសល់តែបន្តិចប៉ុណ្ណោះ ។ ការបោះបង្គោលព្រំដែន គឺគ្រាន់តែបណ្តោះសន្ន មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែនអចិន្ត្រៃយ៍ទេ ត្រូវរង់ចាំឱ្យគណៈកម្មការ JBC កម្ពុជា-ថៃទទួលស្គាល់ បន្ទាប់មក ទើបប្រទេសទាំងពីរចូលរួមកិច្ចប្រជុំ GBC ពេលនោះ ថៃនឹងស្នើឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិណងចាន់ (ភូមិជោគជ័យ) ឱ្យបានមុនពេលរំលាយសភាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ ទោះជារំលាយសភាក្តី ប៉ុន្តែរដ្ឋាភិបាលចាំផ្ទះអាចធ្វើការពាក់ព័ន្ធនឹងសន្តិសុខប្រទេសតាមធម្មតា ពេលនេះ អ្វីៗដំណើរការយ៉ាងរលូន គ្មានឧបសគ្គទេ និងរំពឹងថា កិច្ចប្រជុំ JBC និង GBC ធ្វើឡើងនាដើមឆ្នាំ២០២៦ ។

ចំណែកករណីមេបញ្ជាការកងទ័ពជើងគោកថៃរាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី Anutin ថា កងទ័ពថៃបានត្រៀមខ្លួនធ្វើសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃរួចរាល់ហើយ រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា កងទ័ពថៃត្រូវតែត្រៀមខ្លួនគ្រប់ស្ថានការណ៍ ដោយផ្តោតលើគោលនយោបាយចម្បងឈានទៅរកសន្តិភាព ប៉ុន្តែប្រសិនបើមានការល្មើសអធិបតេយ្យ ឬល្មើសផលប្រយោជន៍ជាតិ ថៃនឹងប្រតិបត្តិការកងទ័ពភ្លាមៗដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា មានការញុះញង់នៅតំបន់ព្រំដែនកម្ពុជា-ថៃ បើទោះជាប្រទេសទាំងពីរបានប្រជុំជជែកគ្នារហូតមក ទើបធ្វើឱ្យថៃត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ។ ពេលនេះ គ្មានហេតុការណ៍ប៉ះទង្គិច ណាមួយកើតឡើងគួរឱ្យបារម្ភទេ ។

គួរបញ្ជាក់ថា ភូមិជោគជ័យ គឺជាភូមិរបស់កម្ពុជាស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋខ្មែរបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០ ពលរដ្ឋភូមិជោគជ័យមិនបានរស់នៅលើទឹកដីថៃដូចការចោទប្រកាន់របស់ភាគីថៃនោះទេ ៕