ឃ្លាដែលនិយាយអំពីការស្វែងរក«ឈើច្រត់» ឬ បាត់ឈើច្រត់ ដែលល្បីល្បាញនៅអំឡុងពេលថ្មីៗនេះ កំពុងទទួលរងនូវមតិប្រតិកម្មចម្រុះនៅក្នុងបណ្ដាញសង្គម។ ក្នុងនោះអង្គការជនពិការ យល់ឃើញថា ការលេងសើចទាក់ទងនឹងឈើច្រត់ដូចនេះ គឺបង្ហាញពីរើសអើងដែលអាចប៉ះពាល់អារម្មណ៍ដល់ជនដែលមានពិការភាព ដូច្នេះបានអំពាវនាវបញ្ឈប់ការយកពាក្យទាំងនេះមកលេងសើចតទៅទៀត។
.jpg)
អង្គការជនពិការកម្ពុជា (CPDO) ស្នើឱ្យបញ្ឈប់ការប្រើពាក្យលេងសើច«ឈើច្រត់» ព្រោះនេះជាការរើសអើង ដល់ជនមានពិការភាព ដែលជាទង្វើមួយប្រាសចាកពីច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានដាក់ឲ្យប្រើប្រាស់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩។ ការស្នើសុំនេះ ធ្វើឡើងក្រោយពេលដែលពាក្យទាំងនោះ ត្រូវបានប្រើប្រាស់ម្រាប់លេងសើចយ៉ាងពេញនិយមនៅក្នុងបណ្ដាញសង្គម។.jpg)
អង្គការជនពិការកម្ពុជា ចាត់ទុកថា ទង្វើទាំងនេះគឺជាការរើសអើង ដល់ជនមានពិការភាព ដែលជាទង្វើមួយប្រាសចាកពីច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានដាក់ឲ្យប្រើប្រាស់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩ ក្នុងជំពូកទី១ បទប្បញ្ញត្តិទូទៅនៃច្បាប់នេះ៖
– មាត្រា ១- ច្បាប់មានគោលដៅការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជា។
– មាត្រា ២- ច្បាប់នេះ មានគោលបំណងដូចតទៅ៖ ការពារសិទ្ធិ និងសេរីភាពរបស់ជនមានពិការភាព ការពារផលប្រយោជន៍ជនមានពិការភាព ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើងជនមានពិការភាព ស្តារកាយសម្បទា សតិបញ្ញា និងវិជ្ជជីវៈដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពនៃជនមានពិការភាពក្នុងសកម្មភាពនានារបស់សង្គម។
– មាត្រា ៣- ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះជនមានពិការភាព និងសកម្មភាពទាំងឡាយណាដែលទាក់ទងនឹងជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា។.jpg)
អង្គការជនពិការ(CDPO) ស្នើឱ្យអ្នកផលិតមាតិកាបញ្ឈប់ការប្រើពាក្យសម្ដី«ឈើច្រត់»ដែលចេញពីបទចម្រៀងមួយរបស់ អ្នកនាង សុគន្ធ នីសា តារាចម្រៀងម្នាក់ មកលេងសើចនៅលើបណ្ដាញសង្គម។ អង្គការមិនគាំទ្រ ការប្រើប្រាស់ពាក្យពេចន៍ទាំងឡាយណា ដែលមិនសមរម្យចំពោះជនមានពិការភាព ក្នុងគោលបំណងលុបបំបាត់ភាពរើសអើង មាក់ងាយដល់ជនមានពិការភាព ដើម្បីមានសិទ្ធិពេញលេញនិងស្នើភាពគ្នា ក្នុងការចូលរួមសកម្មភាពសង្គមផ្សេងៗ នឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមបន្តក្នុងគោរព ផ្តល់សិទ្ធិ នឹងឲ្យតម្លៃដល់ជនមានពិការភាព៕










