ថ្មីៗនេះយុវជនជាច្រើនបានចូលក្លិបរាំសប្បាយខណៈបុគ្គលល្បីមួយចំនួនយកមកធ្វើជាមាតិកា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមដទៃទៀតបង្ហាញការព្រួយបារម្ភដែលឃើញយុវជនហាក់ឈ្លក់វង្វេងនឹងការសប្បាយបែបនេះ។ ស្របពេលរឿងចូលក្លិបល្បីកក្រើកអ្នកបង្កើតមាតិកា Rick Kh បានចេញវីដេអូដាស់តឿនស្មារតីនិងព្រមានដល់ក្មេងៗរស់នៅក្រោមសហគមន៍របស់លោកបន្ទាប់ពីអាណាព្យាបាលផ្ញើសារមកលោកទាំងទឹកភ្នែកឱ្យជួយមើលកូនពួកគាត់ព្រោះកូនគាត់ដើរលេងដាច់យប់។
នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ Rick Kh បានចេញវីដេអូមួយរយៈពេលជាង៣នាទីដោយបានដាក់ចំណងជើងថា «ប្លុកខ្ញុំចោលចុះ អាណិតម៉ែឪឆាតមកយំ សួររកកូនទាំងយប់»។ Rick Kh ក៏បាននិយាយនៅក្នុងវីដេអូនេះដែលថាបើប្អូនៗមិនពេញចិត្តអាច Unfollow លោកបាន។ Rick Kh បាននិយាយថាលោកបានបើកបណ្ណាល័យអស់ជាង១ម៉ឺនដុល្លារ ទិញសៀវភៅអស់ជាង៣ម៉ឺនដុល្លារ ផ្តល់អាហារូករណ៍ដល់សិស្សក្នុងការសិក្សាគឺលោកគាំទ្រខ្លាំងនៅក្នុងការសិក្សា។ លោកបានព្រមានអ្នកដែលរស់នៅសហគមន៍របស់ខ្លួនចាប់ពីពេលនេះតទៅបើសិនជាចូលក្លិប ដើរដាច់យប់ តែពីរបីដង លោកចាប់បាននឹងដេញចោល។

អ្នកបង្កើតមាតិការូបនេះបាននិយាយទៀតថា ហ្វេនរបស់លោកដូចគ្នា គួរតែភ្ញាក់ខ្លួនឡើង យើងក្រខ្លាំងណាស់ មិនទាន់មានលុយទាំងបាច់សល់លុយខ្ជះខ្ជាយដល់ថ្នាក់ទៅក្លិបរាល់ថ្ងៃនោះទេ។ ម្តាយឪពុកលំបាកខ្លាំងទើបមករស់នៅកន្លែងលោក តស៊ូមកសិក្សានៅភ្នំពេញ ហើយការដើរលេងឱ្យមានកម្រិត មិនមែនដើរលេងរាល់ថ្ងៃ យប់ឡើងមិនទាន់ផឹកដាច់យប់រាល់ថ្ងៃ យកលុយម្តាយឪពុករាល់ថ្ងៃទៅចូលក្លិបនោះទេ។ Rick Kh និយាយទៀតថាចង់បានអនាគតដូចលោកដើរលេងក្រៅប្រទេសចង់មានលុយទាំងបាច់កាន់នៅនឹងដៃប៉ុន្តែមានសួរខ្លួនឯងថាបានតស៊ូអ្វីខ្លះ?។ លោកបន្តទៀតថា លោកចង់ឱ្យយុវជនចេះភ្ញាក់ខ្លួនឡើង ចង់ឱ្យសង្គមជាតិល្អ ចង់ឱ្យអនាគតខ្លួនឯងល្អមិនឱ្យឪពុកម្តាយពិបាកចិត្ត ប៉ុន្តែយប់ឡើងបាត់ដល់ភ្លឺរាល់ថ្ងៃទាំងខ្លួនឯងនៅក្មេង។
Rick Kh ថាបើខ្លួនឯងមិនចេះភ្ញាក់ខ្លួនទេគ្មានអ្នកណាមកភ្ញាក់ខ្លួនចំពោះយើងទេ ចង់បានជីវិតល្អដូចគេត្រូវខំពីឥឡូវទៅ មិនមែនជាការសប្បាយរាល់ថ្ងៃទាំងដែលខ្លួនឯងមានជីវភាពខ្វះខាតហើយដើរលេងផឹកស៊ីឱ្យឪពុកម្តាយពិបាកចិត្ត។
វីដេអូរបស់ Rick Kh ដាស់តឿនដល់យុវជនកុំឱ្យសប្បាយភ្លេចខ្លួន ទូលវែកការឈឺចាប់ឪពុកម្តាយបានធ្វើឱ្យបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងមានការចែករំលែកបន្តលើសពី១៩០០០នាក់៕










