ថ្លើមមានមុខងារសំខាន់ៗដូចជាការបន្សាបជាតិពុល ការរំលាយអាហារ ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងការផលិតទឹកប្រមាត់ ដើម្បីជួយរំលាយអាហារ។ បើតាមកាសែតTimes of India ការខ្សោយថ្លើមអាចបង្កឱ្យមានប្រតិកម្មខ្សែសង្វាក់ដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតជាច្រើន ។
ហេតុនេះ ជម្រើសនៃរបៀបរស់នៅគឺមានសារៈសំខាន់ណាស់សម្រាប់សរីរាង្គផ្សេងៗ រួមទាំងថ្លើមផងដែរ ក្នុងការរក្សាវាឱ្យមានសុខភាពល្អ។ 
ខាងក្រោមនេះគឺជាទម្លាប់ពេលព្រឹកសាមញ្ញៗមួយចំនួនដែលអាចជួយដល់មុខងារថ្លើម៖
១. ហាត់ប្រាណជាប្រចាំ៖ ភាពសកម្មគឺជាវិធីងាយស្រួលបំផុតមួយដើម្បីការពារសុខភាពថ្លើម។ ការចាប់ផ្តើមថ្ងៃដ៏អស្ចារ្យជាមួយនឹងការហាត់ប្រាណស្រាលៗដូចជាការដើរ ឬរត់ហាត់ប្រាណ រយៈពេល ២០ នាទីជារៀងរាល់ថ្ងៃអាចជួយបន្ថយទ្រីគ្លីសេរីដ និងការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម។
២. ផឹកកាហ្វេ៖ កាហ្វេអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម ជំងឺសរសៃ ជំងឺក្រិនថ្លើម និងហានិភ័យនៃជំងឺមហារីកថ្លើម។ អ្នកជំនាញបានណែនាំឲ្យផឹកកាហ្វេខ្មៅបីពែងដោយគ្មានជាតិស្ករ ឬទឹកដោះគោក្នុងមួយថ្ងៃ ព្រោះបើដាក់គ្រឿងផ្សំបន្ថែមអាចកាត់បន្ថយផលវិជ្ជមានរបស់កាហ្វេខ្មៅ។ ការទទួលទានកម្រិតមធ្យម និងវិធីសាស្ត្រញ៉ាំកាហ្វេត្រឹមត្រូវអាចធ្វើអោយសុខភាពថ្លើមប្រសើរឡើងបន្ថែមទៀត។

៣. បន្ថែមផ្លែប៊្លូបឺរីទៅក្នុងអាហារពេលព្រឹក៖
ផ្លែប៊្លូបឺរីមានផ្ទុកសារធាតុ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារថ្លើមពីភាពតានតឹងអុកស៊ីតកម្ម និងការរលាក។ ពួកវាជួយកាត់បន្ថយជំងឺសរសៃ និងអាចជួយបញ្ច្រាស NAFLD។ ការបន្ថែមផ្លែប៊្លូបឺរីមួយក្តាប់តូចទៅក្នុងអាហារ ឬទឹកដោះគោជូរសម្រាប់អាហារពេលព្រឹកអាចជួយជំរុញមុខងារថ្លើមយ៉ាងមានប្រសិទ្ធភាព។

៤. ញ៉ាំគ្រាប់ធញ្ញជាតិ៖ ធញ្ញជាតិមួយក្តាប់តូច ឬប្រហែល ២៨ ក្រាម ដូចជាគ្រាប់ Walnut ឬអាល់ម៉ុន ផ្តល់នូវខ្លាញ់ដែលមានសុខភាពល្អ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E។ គ្រាប់ Walnut គឺជាអាហារសំខាន់នៅក្នុងរបបអាហារមេឌីទែរ៉ាណេ ដែលត្រូវបានគេស្គាល់ថាជាទម្លាប់នៃការញ៉ាំអាហារដែលមានសុខភាពល្អបំផុតមួយនៅក្នុងពិភពលោក។
៥. រក្សាអនាម័យល្អ៖ អនាម័យល្អជួយការពារជំងឺទាក់ទងនឹងថ្លើម ខណៈពេលដែលកង្វះអនាម័យអាចរីករាលដាលជំងឺរលាកថ្លើមប្រភេទ A និង B ដែលជាមេរោគដែលបណ្តាលឱ្យរលាកថ្លើម និងដំបៅ។ ដូច្នេះ ដើម្បីកាត់បន្ថយការឆ្លងមេរោគ ត្រូវមានអនាម័យជានិច្ចដោយការលាងដៃឱ្យបានស្អាតជាមួយសាប៊ូយ៉ាងហោចណាស់ ២០ វិនាទីបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹករួច មុនពេលញ៉ាំអាហារ និងបន្ទាប់ពីចម្អិនអាហាររួច៕










