ថ្មីៗនេះ អាយរីស បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងពីទឹកដមសំឡេងស្រទន់របស់នាងបន្ទាប់ពី Cover ចម្រៀងពីដើមមានចំណងជើងថា «ច័ន្ទចាកមេឃ»។ លើសពីនេះទៅទៀតកូនស្រីថៅកែហង្សមាសក៏សរសើរ អាយរីសចំៗថានាងមានទេពកោសល្យពីកំណើត ច្រៀងបែបធម្មជាតិពិតៗ។
អាយរីស បានបង្ហាញខ្លួនក្នុងផលិតកម្ម GenMusix នាពេលថ្មីៗនេះដែលបង្កឱ្យមានការចាប់អារម្មណ៍ជាសាធារណៈជាពិសេសទៅលើទឹកដមសំឡេងរបស់នាងផ្ទាល់តែម្តងដែលកំពុងទទួលបានមតិវិជ្ជមានពីសាធារជន។ ផលិតកម្មនេះគឺបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហង្សមាសផងដែរ។
នៅលើបណ្តាញសង្គមរបស់ អាយរីស ទាំងនៅលើហ្វេកប៊ុកទិកតុក នាយប់ថ្ងៃទី២១ ខែវិច្ឆិកា អ្នកចម្រៀងចំណូលថ្មីនេះបានបង្ហើរសំឡេងយ៉ាងពីរោះរណ្តំតាមរយៈបទចម្រៀងពីដើមមានចំណងជើងថា «ច័ន្ទចាកមេឃ»។ ទស្សនិកជនបានបញ្ចេញមតិកោតសរសើរយ៉ាងច្រើនមិនថានៅលើទិកតុកឬហ្វេកប៊ុកឡើង។
អ្នកទស្សនាបានសរសេរលើហ្វេកប៊ុកថា «គ្មានសំឡេងអ្វីពីរោះជាងសំឡេងស្ត្រីនោះទេ, ច្រៀងពីរោះអត់ប្រឹងសោះ,មើលមុខគាត់នឹកស្រមៃដល់ សុគន្ធ និសា ច្រៀងដំបូងទាំងស្អាតទាំងពីរោះ, ទឹកមុខស្រទន់សមនឹងបទម្រៀង ស្ដាប់ហើយអារម្មណ៍ប្រាប់មិនត្រូវ »។ ចំណែក មតិនៅលើគណនីទិកតុករបស់ អាយរីស វិញ មានការសរសើរនាងថា «ស្អាតហើយ ច្រៀងពីរោះទៀត, សុខៗTikTok លោត favorite singerថ្មីឱ្យហ្មង, សំឡេងល្អណាស់ប្អូនស្រី …។
មុននឹងលេចមុខក្នុងគម្រោងរបស់ផលិតកម្ម GenMusix អាយរីស ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតតាមរយៈការ Cover ចម្រៀងរបស់នាងទាំងជាភាសាខ្មែរ ចិន និង អង់គ្លេស ជាដើម។ ពន្លកថ្មីនៃវិស័យកម្សាន្តរបស់ អាយរីស កំពុងចាប់ផ្តើមឆ្ពោះទៅមុខមានការទទួលស្គាល់ពីទស្សនិកជនបណ្តើរៗហើយ៕










