មរណភាពរបស់តារាសម្តែងដ៏មានប្រជាប្រិយភាពលោក អ៊ុន សិទ្ធា បានធ្វើឱ្យអ្នកគាំទ្រនិងអ្នកសិល្បៈរំជួលចិត្តទទួលយកមិនបាននិងភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងតែមិនចង់ជឿថានេះជាការពិត។ ទោះបីជាមានជំងឺមហារីកដំណាក់កាលចុងក្រោយប៉ុន្តែលោកបានរក្សាភាពស្ងៀមស្ងាត់មិនបង្ហាញឱ្យសាធារណជនដឹងសូម្បីតែមិត្តក្នុងវិថីសិល្បៈក៏មិនដឹងដូចគ្នា។ ៦ថ្ងៃមុនឃ្លាតលោក អ៊ុន សិទ្ធា បានបង្ហាញអារម្មណ៍រំជួលចិត្តថាលោកទទួលអម្រែក២០ឆ្នាំ មានសម្ពាធផ្លូវចិត្ត ថែមទាំងផ្តាំទស្សនិកជនអ្នកគាំទ្រឱ្យញញឹមឱ្យបានច្រើនៗទៀត។
កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា មហាជននិងអ្នកសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតថាតារាសម្តែង អ៊ុន សិទ្ធា បានលាចាកលោកដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយក្នុងវ័យ៤០ឆ្នាំ។ អ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបបានបង្ហាញការសោកស្តាយនិងនិយាយថាមិនអាចទទួលយកបានចំពោះការចាកចេញដ៏លឿនបែបនេះរបស់តារាសម្តែង អ៊ុន សិទ្ធា។ មិនត្រឹមតែប៉ុណ្ណោះតារាៗជាច្រើនរូបបាននិយាយព្រមៗគ្នាថាលោកគឺជាអ្នកសិល្បៈដ៏ល្អមួយរូប ដឹងគុណម្តាយ សម្តីសុភាពរាបសារ ចូលចិត្តជួយការងារសង្គម ជាអ្នកសិល្បៈគួរឱ្យគោរព។ មរណភាពរបស់តារាសម្តែង អ៊ុន សទ្ធា សម្តេចតេជោ ហ៊ុន សែន បានចាត់អ្នកតំណាងចូលរួមពិធីបុណ្យសពចំនួន៣០លានរៀលផងដែរ។.png)
បើតាមសម្តីរបស់ក្រុមគ្រួសាររបស់តារាសម្តែងរូបនេះបានបញ្ជាក់ថាលោកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះមុនលាចាកលោក និងបានផ្តាំផ្ញើដល់សមាជិកគ្រួសារលោកកុំបង្ហោះរូបភាពវីដេអូលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទន្ទឹមនឹងភាពសោកសៅចំពោះមរណភាពរបស់លោក អ៊ុន សិទ្ធា អ្នកលេងបណ្តាញសង្គមបានចាប់អារម្មណ៍សំណេររបស់លោកបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីភាពសោកសៅអម្រែកដែលលោករែកជាង២០ឆ្នាំហើយលោកនឹងរែកអម្រែកដ៏ធ្ងន់នោះទៀតហើយ។
នៅថ្ងៃទី១៣ ខែវិច្ឆិកា លោក អ៊ុន សិទ្ធា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ឈប់រែកទៀតហើយ យូរៗទៅកាន់តែធ្ងន់ រែកទៀតដើម្បីអ្នកណា ឯងខ្លួនមួយសោះហ្នឹង រកអីដែលជាសេចក្តីសុខដាក់ខ្លួនឯងម្តងមើល តើវាធ្ងន់ជាងអំរែកចាស់ទេ។ បើវែកសម្រាប់ខ្លួនឯងខ្ញុំគិតថាមិនធ្ងន់ហើយសប្បាយកាយទៀត ខ្ញុំយល់ចឹងមែនទេបងប្អូន បើបងៗខ្ញុំគេមានគ្រួសារអស់ហើយហ្នឹង»។
.png)
លោកបន្តទៀតថា « ចាប់ពីពេលនេះទៅខ្ញុំរែកតែអំរែកខ្ញុំទេ ហាមបងប្អូនកូនក្មួយណាមកសុំផ្ញើ។ ប្អូន ពូ តា រែកអំរែកគ្រួសារនេះជាង២០ឆ្នាំមកហើយ យូរៗទៅវាទៅធ្ងន់ផ្លូវចិត្តខ្ញុំខ្លាំងទៅៗ ទៅជាសម្ពាធផ្លូវអារម្មណ៍ ចង់គិតផ្តេសផ្តាស់ម្តងៗដែរ តែទង្វើបែបនេះខ្ញុំស្អប់ណាស់និងហាមខ្លួនឯងគ្រប់ពេល ធ្វើបែបនេះមិនមែនជាដំណោះស្រាយទេ វាជាអំពើឆោតល្ងង់ និងគេចវេសពីការពិតខ្លួនឯងទៅវិញទេ។ ពីមុនមកយើងឆ្លងកាត់បានគ្រប់ឧបសគ្គបានទាំងអស់ទាំងគ្មានការជួយពីនរណាម្នាក់យើងអាចជំនះបាន ហើយនេះគ្រាន់តែរឿងសម្ពាធផ្លូវអារម្មណ៍ដែលអូសទាយយើងពេលទំនេរសោះ មកទន់ជ្រាយអី ស៊ូៗបន្តទៀត អ៊ុន សិទ្ធា ញញឹមឱ្យច្រើន ក្តីសង្ឃឹមនឹងមកយើងដោយស្នាញញញឹមនេះឯង»។
ក្នុងសំណេរចុងក្រោយតារាសម្តែង អ៊ុន សិទ្ធា បានអរគុណដល់បងៗ និងអ្នកគាំទ្រតែងតែ ផ្ញើសារលើកកម្លាំងចិត្ត និងផ្តាំកុំភ្លេចញញឹមឱ្យបានច្រើន៕










