ប្រទេសឥណ្ឌូណេស៊ី ៖ Semeru គឺជាភ្នំភ្លើងមានកម្ពស់ខ្ពស់បំផុតនៅលើកោះឆាវ៉ា ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ចេញផ្សែងផេះយ៉ាងក្តៅឡើងទៅលើអាកាស និងហូរកំអែភ្នំភ្លើងតាមជម្រាលភ្នំក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ ។ ភូមិជាច្រើនគ្របដណ្តប់ដោយផេះចេញពីភ្នំភ្លើង រហូតដល់អាជ្ញាធរជម្លៀសពលរដ្ឋចំនួន៣ភូមិពីតំបន់គ្រោះថ្នា.ក់ និងប្រកាសអាសន្នកម្រិតខ្ពស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែវិច្ឆិកា ។

ការិយាល័យភូមិសាស្ត្រឥណ្ឌូណេស៊ីប្រកាសថា ភ្នំភ្លើង Semeru នៅខេត្តជ្វាខាងកើតបានផ្ទុះដោយបញ្ចេញផ្សែងផេះយ៉ាងក្តៅឡើងលើអាកាសកម្ពស់ជាង២គីឡូម៉ែត្រ ខណៈកំអែភ្នំភ្លើងមានថ្ម និងឧស្ម័ន បានហូរតាមជម្រាលភ្នំចុះមកក្រោមប្រវែងជាង៧គីឡូម៉ែត្រ ចាប់ពីថ្ងៃត្រង់រហូតដល់ព្រលប់ ។ ភ្នំភ្លើងនេះបានផ្ទុះពេញមួយថ្ងៃធ្វើឱ្យអាជ្ញាធរប្រកាសពីគ្រោះថ្នាក់ចំនួន២លើក ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីមនុស្សរងរបួស ឬបាត់បង់ជីវិតទេ ។

តាមលោក Abdul Muhari អ្នកនាំពាក្យភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ គឺភូមិទាំង៣ដែលមានគ្រោះថ្នាក់ខ្លាំងបំផុតនៅតំបន់ Lumajang មានពលរដ្ឋរស់នៅជាង៣០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ជម្រកស្នាក់នៅរបស់រដ្ឋាភិបាល ។ ក្រោយពីភ្នំភ្លើងផ្ទុះ អាជ្ញាធរក៏បានប្រកាសពីតំបន់គ្រោះថ្នាក់ចម្ងាយ៨គីឡូម៉ែត្រពីរណ្តៅភ្នំភ្លើង និងណែនាំឱ្យពលរដ្ឋនៅឆ្ងាយពីទន្លេ Besuk Kobokan ដែលជាផ្លូវកំអែភ្នំភ្លើងឆ្លងកាត់ ។

សារព័ត៌មានឥណ្ឌូណេស៊ីរាយការណ៍ថា អាជ្ញាធរព្យាយាមជួយសង្គ្រោះមនុស្សចំនួន១៧៨នាក់ ដែលជាប់ក្នុងតំបន់គ្រោះថ្នាក់ «រ៉ានូ ឃុមបូឡូ» នៅភាគខាងជើងភ្នំភ្លើង Semeru ដែលខ្ពស់ជាងកម្រិតទឹកសមុទ្រ ចំនួន៣,៦៧៦ម៉ែត្រ ។ មនុស្សចំនួន១៧៨នាក់នេះ រួមមាន ៖ អ្នកឡើងភ្នំ ១៣៧នាក់, អ្នកដឹកជញ្ជូន ១៥នាក់, មគ្គុទ្ទេសក៍ទេសចរណ៍ ៧នាក់, មន្ត្រីទេសចរណ៍ ៦នាក់ និងពលរដ្ឋមួយចំនួន ។
.jpg)
ភ្នំភ្លើង Semeru (ឬភ្នំភ្លើង Mahameru) បានផ្ទុះជាច្រើនលើកក្នុងរយៈពេល២០០ឆ្នាំមកនេះ និងស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន១២៩កន្លែងនៅប្រទេសឥណ្ឌូណេស៊ី ដែលមានពលរដ្ឋរាប់ម៉ឺននាក់នៅតែរស់នៅលើជម្រាលភ្នំភ្លើង ។ ភ្នំភ្លើងនេះបានផ្ទុះលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២១ បណ្តាលឱ្យពលរដ្ឋឥណ្ឌូណេស៊ីបាត់បង់ជីវិតចំនួន៥១នាក់ និងពលរដ្ឋរាប់រយនាក់ទៀតរងរបួសដោយសារភ្លើងឆេះ ខណៈភូមិនានាត្រូវកប់ក្រោមស្រទាប់ភក់ ដែលហេតុការណ៍ពេលនោះ អាជ្ញាធរបានជម្លៀសពលរដ្ឋជាង១ម៉ឺននាក់ ៕
Home ព័ត៌មានអន្តរជាតិ







