ទីភ្នាក់ងារសន្តិសុខរបស់ចិន បានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិតឆ្នាំ២០២០ ដែលបានលួច Bitcoin តម្លៃ១៥ពាន់លានដុល្លារពីអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi)។
ការវាយប្រហារតាមអ៊ីនធឺណិតនេះ កើតឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បណ្តាលឱ្យមានការលួចកាក់ Bitcoins រហូតដល់ទៅ១២៧ ២៧២ ដែលមានតម្លៃប្រហែល១៥ពាន់លានដុល្លារ។
តាមរបាយការណ៍របស់ទីភ្នាក់ងារសន្តិសុខរបស់ចិននេះអះអាងថា “បន្ទាប់ពីការវាយប្រហារនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានព្យាយាមយកមកវិញតែមិនបានសម្រេចនោះទេ”។
ក្នុងរយៈពេលជិត៤ឆ្នាំ Bitcoins ដែលត្រូវបានលួចនោះត្រូវបានគ្រប់គ្រងដោយពួក Hacker មុននឹងត្រូវផ្ទេរចេញនៅខែមិថុនា ឆ្នាំ២០២៤។
លុះដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានធ្វើការចោទ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ពីបទក្លែងបន្លំរូបិយប័ណ្ណគ្រីបតូ និងការលាងលុយកខ្វក់ ដោយរកឃើញកាក់ Bitcoins១២៧ ២៧១។
រដ្ឋអាជ្ញាសហព័ន្ធអាមេរិក មិនបានបង្ហាញពីរបៀប ដែលពួកគេទទួលបានការគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូពីក្រុម Hacker នោះទេ ដែលជាហេតុធ្វើឱ្យទីភ្នាក់ងារសន្តិសុខរបស់ចិន ដាក់ការចោទប្រកាន់ថាអាមេរិកជាអ្នកលួចBitcoinsទាំងនេះ។.png)
តែយ៉ាងណាមិញ អាមេរិកបានច្រានចោលការចោទប្រកាន់របស់ប្រទេសចិន ដោយអះអាងថា ការរឹបអូសយក Bitcoin បានអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ៕










