ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបដិសេធនឹងការណែនាំរបស់គណបក្សប្រជាជន ឬគណបក្សប្រឆាំង ដែលចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យរដ្ឋាភិបាលថៃអនុវត្តការទូត ដោយទូរស័ព្ទជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាបន្ទាន់អំពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មីបំពានកិច្ចព្រមព្រៀងសន្តិភាព និងស្នើឱ្យអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា គណបក្សប្រជាជនបានណែនាំឱ្យរដ្ឋាភិបាលថៃអនុវត្តការទូតជាមួយអាមេរិក និងម៉ាឡេស៊ីជាបន្ទាន់ មុនពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូរស័ព្ទទៅប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីព្រោះការជជែកជាមួយមេដឹកនាំទាំង២រូប នឹងធ្វើឱ្យថៃមានប្រៀប ។ គណបក្សនេះណែនាំឱ្យរដ្ឋាភិបាលថៃប្រាប់មូលហេតុការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីកុំឱ្យរងការស្ទីបន្ទោសពីអាមេរិក និងស្នើអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា រួមទាំងប្រាប់ពិភពលោកពីការប្រើប្រាស់កម្លាំងទ័ពរបស់ថៃនៅព្រំដែន គឺថៃប្រើប្រាស់សិទ្ធិការពារខ្លួន ។
លោកនាយករដ្ឋមន្ត្រី Anutin បានធ្វើដំណើរទៅខេត្តស្រីអយុធ្យាកាលពីថ្ងៃទី១២ ខែវិច្ឆិកា និងផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកបានឃើញគ្រាប់មីនចំនួន៤គ្រាប់ដោយផ្ទាល់ភ្នែកដែលត្រូវបង្កប់ក្នុងដីថៃ កងទ័ពថៃមិនបានបង្កប់មីនថ្មីទេ ។ នាយករដ្ឋមន្ត្រីថៃនិយាយបំភ្លៃថា គ្រាប់មីនទាំង៤គ្រាប់នេះត្រូវបានកម្ពុជាបង្កប់ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ហេតុនេះ កិច្ចព្រមព្រៀងគ្មានប្រយោជន៍ឡើយ ។
គណបក្សប្រជាជនបានស្នើឱ្យលោកប្រញាប់ទូរស័ព្ទទៅជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ឱ្យបានមុនកម្ពុជា ដើម្បីឱ្យថៃមានប្រៀប និងបកស្រាយពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែលោកមិនទូរស័ព្ទទៅជជែកជាមួយមេដឹកនាំទាំង២រូបទេ លោកបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានចំនួន៥លើកហើយ ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃមិនហ៊ានប្រឈមមុខជាមួយលោក Trump ទេ ក្រោយពីបានបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលលោក Trump បានដាក់លក្ខខណ្ឌឱ្យប្រទេសទាំងពីរចុះហត្ថលេខានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ លោក Anutin ប្រកាសថា ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពពុំចាំបាច់រាយការណ៍ប្រាប់ប្រទេសណាឡើយ ពីព្រោះថៃមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ហើយលោកក៏មិនចាប់អារម្មណ៍នឹងលោក Trump ដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដែរ ថៃនឹងរកទីផ្សារថ្មី ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងមក មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់សារព័ត៌មានពីលោក Trump ប្តេជ្ញាចិត្តបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ ហើយអាមេរិករំពឹងរដ្ឋាភិបាលកម្ពុជា-ថៃនឹងគោរពយ៉ាងពេញលេញនូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នានាពេលថ្មីៗនេះ ។ អាមេរិកនៅតែរក្សាគៅលជំហររឹងមាំចង់ឃើញប្រទេសជិតខាងទាំងពីរទទួលបានសន្តិភាពយូរអង្វែង និងគោរពកិច្ចព្រមព្រៀងជាមួយគ្នា អាមេរិកបានប្រមូលព័ត៌មានបន្ថែមពីហេតុការណ៍កងទ័ពថៃជាន់មីននៅព្រំដែនដើម្បីជំរុញឱ្យកម្ពុជា-ថៃបន្តរក្សាស្ថិរភាព ៕










