អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិវែកញែកទៅលើរូបរាងរបស់តារាចម្រៀង ឆន សុវណ្ណរាជ អំឡុងពេលលោកឡើងសម្តែងជាមួយនឹងសំលៀកបំពាក់ពណ៌ខ្មៅរឹបរាង។ អ្នកមួយចំនួនបញ្ចេញមតិថាលោកស្លៀកពាក់មិនសមធ្វើឱ្យមានចំណុចលេចធ្លោ ចំណែកឯអ្នកមួយចំនួនបានការពារ។

កាលពីពេលថ្មីៗនេះ មានគណនីបណ្តាញសង្គមមួយបានចែករំលែកពីតារាចម្រៀង ឆន សុវណ្ណារាជ ដែលកំពុងតែសម្តែងបទដ៏ល្បីមានចំណងជើងថា «ទីក្រុងគ្មានមេឃ»។ បទចម្រៀងនិងទឹកដមសំឡេងរបស់លោកនៅតែទទួលបានការចាប់អារម្មណ៍ពីស្រទាប់មហាជនទោះបីជាបទនេះមានអាយុកាលច្រើនឆ្នាំយ៉ាងណានៅតែមានការពេញនិយមពីទស្សនិកជន។

ទោះយ៉ាងណា វីដេអូខ្លីដែលបានសាយភាពនៅលើបណ្តាញសង្គមបានឆាបឆក់ការបញ្ចេញមតិវែកញែកទៅលើរូបរាងរបស់តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស។ ការសម្តែងរបស់លោកគឺជ្រើសរើសពណ៌ខ្មៅមួយឈុតឱ្យសមនឹងថ្ងៃបុណ្យហូឡាវីនដោយអមដោយខ្សែក្រវ៉ាត់មានអក្សរ SVR ដែលដាំដោយពេជ្រមានតម្លៃ៨៧០០ដុល្លារ។ អ្នកនិយមលេងអ៊ីនធឺណិត បានបញ្ចេញមតិថា «បញ្ហាមកពីកាស្លៀកពាក់ច្រើនជាង, ការស្លៀកពាក់គាត់នៅបុរាណ,គាត់ក៏ចេះធាត់ដែរមិនមែនឱ្យតែតារាត្រូវតែស្គមស្អាតរហូតទេ, សុំខ្លាចម៉ងមនុស្សឥឡូវគ្រាន់តែរឿងប៉ុណ្ណឹងក៏ទើសដែរគាត់៤០ហើយឱ្យបានប៉ុនគាត់សិនទៅចាំទើសគេ, មនុស្សមិនមែនទេវតា ត្រូវ perfect រហូតទេ»។

ជាមួយគ្នានេះ តារាចម្រៀង ទីងតុង បានបញ្ចេញមតិដែរថា សម្លេងរបស់ ឆន សុវណ្ណារាជ ជារៀមច្បង នៅតែអស្ចារ្យហើយរាងកាយរបស់គាត់ក៏ល្អដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីតារាចម្រៀង ឆន សុវណ្ណារាជ រងការវែកញែកពីអ្នកលេងបណ្តាញសង្គមកន្លងមកនេះអ្នកបង្កើតមាតិកា ហ្វាសេង ក៏រងការបញ្ចេញមតិលើរាងកាយដូចគ្នានិងបានប្រដូចថាជាទឹកអំពៅកែវធំ៕
		
	









