ទីក្រុងបាងកក៖ លោក អនុទីន ឆាន់វីរៈគុល បានបញ្ជាក់ថា ដរាបណាលោកនៅកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ នោះនឹងគ្មានការច្រកព្រំដែនជាមួយកម្ពុជាដោយគ្មានការអនុញ្ញាតពីសាធារណជនឡើយ។ លោកអនុទីន បន្ថែមថា រដ្ឋាភិបាលថៃនឹងមិនបើកព្រំដែនឡើងវិញនោះទេ បើកង្វល់ទាំងអស់ ជាពិសេសទាក់ទងនឹងសុវត្ថិភាព និងសុខភាពរបស់ពលរដ្ឋនៅតាមព្រំដែននៅតែមាន។.jpg)
យោងតាមសារព័ត៌មាន The Naipn ក្រោយវិលត្រឡប់ពីកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអនុទីន បានថ្លែងទៅកាន់អ្នកសារព័ត៌មានដោយបញ្ជាក់ពីជំហររបស់ខ្លួនថា ការសម្រេចចិត្តណាមួយ ក្នុងការបើកព្រំដែនថៃជាមួយកម្ពុជាឡើងវិញ នឹងត្រូវធ្វើឡើងបានលុះត្រាតែមានការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ជាមួយសាធារណជន និងអាជ្ញាធរមូលដ្ឋានជាមុនសិន។.jpg)
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើលោកនៅតែមានតំណែងក្នុងរដ្ឋាភិបាល នោះនឹងមិនមានច្រកព្រំដែនណាមួយ នឹងបើកឡើងវិញដោយគ្មានការយល់ព្រមពីសាធារណជនឡើយ។ រដ្ឋាភិបាលថៃត្រូវតែស្ដាប់ប្រជាពលរដ្ឋជាមុនសិន ហើយត្រូវធានាថា ការសម្រេចចិត្តបើកព្រំដែនឡើងវិញនឹងមិនបង្កហានិភ័យដល់សន្តិសុខជាតិ»។
គួររំលឹកថា កាលពីសប្ដាហ៍មុន លោក អនុទីន បានច្រានចោលនូវរាល់ពាក្យចចាមអារ៉ាមដែលចេញផ្សាយថា រដ្ឋាភិបាលថៃនឹងបើកព្រំដែនជាមួយកម្ពុជាឡើងវិញក្នុងខែវិច្ឆិការនេះ ដោយលោកបានអះអាងថា លោកមិនបានពិភាក្សាពីបញ្ហានេះនោះទេ។

ដោយឡែកបើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកន្លងមកបានឲ្យដឹងថា ទាក់ទងនឹងការបើកព្រំដែនឡើងវិញ វាមិនមែនជារឿងអ្វីដែលស្មុគស្មាញឡើយ។ ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះថៃគ្រាន់តែបើកឡើងវិញដោយឯកតោភាគី នោះកម្ពុជានឹងធ្វើការបើកវិញដូចគ្នានៅប៉ុន្មានម៉ោងក្រោយ ដោយមិនចាំបាច់មានការចរចាអ្វីទាំងអស់។.jpg)
បើតាមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ដេត សុខឧត្តម បានកត់សម្គាល់ឃើញថា ប្រសិនបើរដ្ឋាភិបាលថៃមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្ត នោះថៃនឹងបើកព្រំដែនឡើងវិញ ព្រោះថៃមិនចង់ឃើញការខាតបង់ផ្នែកសេដ្ឋកិច្ចដោយសារការបន្តបិទព្រំដែនជាមួយកម្ពុជានោះទេ។ ប៉ុន្តែដោយសារយោធាថៃនៅតែចង់រក្សាឥទ្ធិពលនយោបាយនៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ ដូច្នេះទ្វារព្រំដែន នឹងមិនបើកឡើងវិញដោយងាយនោះទេ ហើយអ្វីដែលរដ្ឋាភិបាលថៃអាចធ្វើបាន គឺជំរុញឲ្យកម្ពុជាគោរពតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមដែលសម្រេចបានថ្មីៗនេះនៅក្នុងប្រទេសម៉ាឡេស៊ី ដូចជាការដកអាវុធធុនធ្ងន់ចេញពីព្រំដែន៕










