ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បាននិយាយទៅកាន់សារព័ត៌មានថា នេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទេនោះ នឹងមានអ្វីកើតឡើងមិនខាន ហើយថៃនឹងមិនបើកព្រំដែនឡើងវិញទេ ។
កាលពីថ្ងៃទី៣១ ខែតុលា នៅក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា នៅថ្ងៃនេះ (ថ្ងៃទី៣១ ខែតុលា) កងទ័ពភូមិភាគទី២ថៃបានធ្វើផដំណើរទៅចូលរួមកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ជាមួយយោធភូមិភាគទី៤កម្ពុជា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលកិច្ចប្រជុំថ្នាក់កងទ័ពនេះកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ។
ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាព កងទ័ពជើងគោកថៃបានប្រគល់ភារកិច្ចឱ្យកងទ័ពភូមិភាគទី២ថៃ ប្រជុំជាមួយកងទ័ពកម្ពុជា ដោយជជែកពីប្រធានបទ៤សំខាន់ ជាពិសេស ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នឹងប្រព្រឹត្តជា៣ដំណាក់កាល ដោយចាប់ផ្តើមដកអាវុធប្រភេទរ៉ុក្កែត និងកាំភ្លើងធំទំហំ១៥៥មីល្លីម៉ែត្រឡើងទៅក្នុងរយៈពេល២១ថ្ងៃ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ សង្កេតតាមដានថា តើភាគីទាំងពីរអនុវត្តតាមការព្រមព្រៀងដែរឬទេ ។ បើភាគីទាំងពីរអនុវត្តតាម ក្រុម AOT ប្រចាំកម្ពុជា-ថៃ នឹងបង្ហាញរបាយការណ៍លម្អិតថា តើភាគីទាំងពីរបានដកអាវុធអ្វីខ្លះ ។
ករណីពលរដ្ឋថៃនៅព្រំដែននិយាយថា ពួកគេជឿជាក់លើកងទ័ពថៃ ប៉ុន្តែមិនទុកចិត្តកម្ពុជាក្នុងកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីព្រំដែន គឺលោក Adul អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថា កម្ពុជាត្រូវតែដកអាវុធតាមការព្រមព្រៀងគ្នា ពីព្រោះនេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមទេ ចាំតែមើលចុះ នឹងមានអ្វីកើតឡើងមិនខាន ពីព្រោះភាគីទាំងពីរបានព្រមព្រៀងចាប់ពីថ្នាក់កំពូល (ថ្នាក់រដ្ឋាភិបាល) រហូតដល់ថ្នាក់កងទ័ពក្នុងការកំណត់ជំហានដកអាវុធ ។
ដោយឡែក រឿងព្រំដែន គឺថៃមិនបើកព្រំដែនដាច់ខាត ហើយពលរដ្ឋថៃមិនចាំបាច់ភ័យខ្លាចទេក្រោយពីអាវុធត្រូវបានដកចេញពីព្រំដែនរួចហើយ ភាគីទាំងពីរនឹងវាយតម្លៃរួមគ្នាម្តងទៀតថា តើភាពជាសត្រូវរវាងគ្នាដល់ពេលបញ្ចប់ហើយឬនៅ? ដើម្បីឱ្យភាគីទាំងពីរងាកមកសហការឆ្ពោះទៅរកសន្តិភាពនៅតំបន់ព្រំដែនយូរអង្វែង ។ ការដកអាវុធចេញពីព្រំដែនកម្ពុជា-ថៃ គឺត្រូវដកទាំងកងទ័ពផងដែរ ប៉ុន្តែមិនពាក់ព័ន្ធនឹងការដកកងកម្លាំងប្រយុទ្ធទ័ពសេះសំខាន់ ឬទ័ពថ្មើរជើងទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។
កិច្ចប្រជុំមានគោលបំណងពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ។ កិច្ចប្រជុំឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ៕










