ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែត្រូវរង់ចាំការត្រួតពិនិត្យបញ្ចប់ និងការអនុញ្ញាតពីខាងយោធាថៃជាមុនសិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែតុលា ក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសដុនមឿង លោក អនុទីន បានលើកឡើងពីការប្តេជ្ញាចិត្ត និងគោរពតាមសេចក្តីប្រកាសរួមរបស់ភាគីកម្ពុជា និងថៃ ជុំវិញការទាមទារលើ “តំបន់មានជម្លោះ” ដែលនៅតែស្ថិតក្រោមការចរចា។
បន្ថែមពីលើនោះ លោក អនុទីន ឆ្លៀតលើកឡើងអំពីប្រធានបទដ៏សំខាន់មួយទៀត ពាក់ព័ន្ធនឹងទាហានកម្ពុជាដែលថៃកំពុងបន្តឃុំខ្លួននៅក្នុងប្រទេសថៃថា ពួកគាត់ទាំងនោះ នឹងត្រូវដោះលែងឲ្យត្រឡប់មកផ្ទះវិញ នៅពេលណាដែលយោធាថៃបញ្ជាក់ពីភាពរួចរាល់ នៃការពិនិត្យសុខភាពមុនធ្វើមាតុភូមិនិវត្តន៍ ដើម្បីធានាបាននូវតម្លាភាព និងការប្រព្រឹត្តដោយមនុស្សធម៌។.png)
ទោះជាយ៉ាងណា នៅក្នុងការប្រកាសខាងលើនេះ នាយករដ្ឋមន្រ្តីថៃមិនបានបញ្ជាក់ពីពេលវេលាជាក់ស្ដែង ឬកំណត់កាលបរិច្ឆេទច្បាស់លាស់ក្នុងការដោះលែងទាហានកម្ពុជា ទាំង១៨នាក់ ឲ្យមានសេរីភាពវិញនៅពេលណាឡើយ បើទោះជាមានការទទូចឲ្យដោះលែងពីសហរដ្ឋអាមេរិក និងសមាគមន៍អន្តរជាតិយ៉ាងណាក៏ដោយ។
កាលពីថ្ងៃអង្គារ ទី២៨ សារព័ត៌មាន រ៉យទ័រ ដែលជាទីភ្នាក់ងារព័ត៌មានលំដាប់ថ្នាក់ពិភពលោកក៏បានចុះផ្សាយពីការទាមទាររបស់អាមេរិក ឲ្យថៃដោះលែងទាហានកម្ពុជា ចំនួនពីរដងក្នុងថ្ងៃតែមួយ ដែលហាក់ដូចជាការក្រើនរំលឹកដល់ថៃ ឲ្យគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ដលេខារួមគ្នា ព្រោះអន្តរជាតិ និងសូម្បីតែមហាអំណាចអាមេរិកក៏កំពុងតែចាប់អារម្មណ៍នឹងរឿងនេះផងដែរ។.png)
តាមរយៈអត្ថបទនេះ រ៉យទ័រ បានដកស្រង់ពាក្យសម្ដីរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមិនបញ្ចេញឈ្មោះម្នាក់ដែលបានគូសបញ្ជាក់ថា អាមេរិករំពឹងថាថៃនឹងធ្វើការជាមួយកម្ពុជា ដើម្បីឈានទៅដោះលែងជាបន្ទាន់នូវទាហានកម្ពុជាទាំង១៨រូប ដែលថៃបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ការបង្ហាញនូវក្ដីរំពឹងនេះ ធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា-ថៃ ដោយនាយករដ្ឋមន្ដ្រីប្រទេសទាំងពីរ ព្រមទាំងមានការចុះហត្ថលេខាធ្វើជាសាក្សី ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ផងដែរ។
យ៉ាងណាមានតែរង់ចាំមើលជាបន្តថា តើថៃនឹងអនុវត្តតាមពាក្យសម្ដីរបស់ខ្លួននៅពេលណា? ព្រោះប្រសិនបើថៃចង់ប្រែក្រឡាស់ ហើយមិនធ្វើតាមកិច្ចព្រមព្រៀងនោះទេ នោះការទូតថៃនឹងកាន់តែស្រុតចុះ ព្រោះពាក្យសម្ដីរបស់លោក ត្រាំ ដែលបានថ្លែងឲ្យដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះ បានចេញផ្សាយទូទាំងពិភពលោកបាត់ទៅហើយ៕










