បាងកក៖ ចូលរួមក្នុងកិច្ចប្រជុំតែមួយ ប៉ុន្តែលទ្ធផលចេញមកខុសគ្នា! ថៃបានបដិសេធចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ស្ដីពីការប្រើប្រាស់ផែនទីខ្នាត 1/20,0000 ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំ JBC ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលព្រំដែន ដោយថៃបានអះអាងថា ខ្លួនទទួលស្គាល់និងប្រើប្រាស់តែផែនទីខ្នាត 1/50,000 ដែលគូសដោយឯកតោភាគីរបស់ខ្លូនតែមួយគត់។

ក្រោយពីកិច្ចប្រជុំ JBC បានបញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន នៅយប់ថ្ងៃទី23 ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានចេញមកច្រានចោលនូវរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជាទាក់ទងនឹងបញ្ហាផែនទីខ្នាត 1:200,000 ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) កាលពីថ្មីៗនេះ ដោយបានបដិសេធថា៖ “ការពិភាក្សាទាំងនេះមិនពាក់ព័ន្ធ ឬទាក់ទងនឹងបញ្ហាផែនទីខ្នាត 1:200,000 ដូចសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។
លោក Nikorndej បានបញ្ជាក់ថា ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយស្ថានភាពព្រំដែនថៃ-កម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដោយផ្អែកលើគោលការណ៍អ្នកជិតខាងល្អ ខណៈពង្រឹងជំហរយ៉ាងរឹងមាំលើអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាជននៅតំបន់ព្រំដែន។ ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យព័ត៌មានបំភ្លៃធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះទេ”។
ការចេញមកឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃដូចខាងលើនេះ គឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងដែនអធិបតេយ្យ កម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំ JBC បានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។
គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃបានអូសបន្លាយ និងពិបាកក្នុងការដោះស្រាយរហូតមកទល់នឹងពេលនេះ គឺបណ្ដាលមកពីការប្រកាន់យកផែនទីខ្នាតខុសគ្នាមកប្រើប្រាស់។ ក្នុងនោះកម្ពុជាយើងបានសម្រេចប្រើប្រាស់ផែនទីខ្នាត 1/200,000 ដែលជាផែនទីរដ្ឋបាលមានភាពសុក្រឹតទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ខណៈថៃប្រកាន់ខ្ជាប់ប្រើប្រាស់នូវផែនទីខ្នាត1/50,000 ដែលគូសវាសដោយខ្លួនឯងមិនមានអ្នកណាទទួលស្គាល់ឡើយ៕










