ប្រទេសថៃ ៖ ក្រោយពីកម្ពុជានិងថៃឯកភាពលើឯកសារព្រាងស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីនាពេលដ៏ខ្លីខាងមុខនេះ អតីតអ្នកសារព័ត៌មានថៃនិយាយថា ប្រធានាធិបតីអាមេរិកពុំស័ក្តិសមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ ដោយលើកពីហេតុផលមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjcdABhGvbASYZ1kUYuBnZN3DIkN1PB3ueIZsNcAM2H_Ry-OebaXXW0u2cOEKOghLmG_o4qZrFLN3jD31acOSFzzN_HOVEl1Rs8GxRY4tRTm6QAUT5JEeuwd9F3V1cbmavQ0nRIXMrdajpQFfn6NlCQajBQ-pZ0QcBzB_l5nSAzoH03jbctsBUbwxsPZ6/s1000/photo_2025-10-24_09-21-24.jpg

តាមការលើកឡើងរបស់អតីតអ្នកសារព័ត៌មានថៃ លោក សុធីន វ៉ាន់ណាក់បាវន គឺលោក Trump គ្មានភាពស្របច្បាប់ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទេ ដោយសារមានអារម្មណ៍ថា ប្រធានាធិបតីអាមេរិករូបនេះម្តងល្អ ម្តងអាក្រក់ មិនទទួលខុសត្រូវពាក្យសម្តីរបស់ខ្លួន និងប្រែប្រួលគ្រប់ពេលវេលា ទើបមិនអាចបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍ប៉ាឡេស្ទីននៅតំបន់កាហ្សា ។

ជាមួយគ្នានេះ លោក Trump ពុំអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ីទេ ដោយសារលោកនិយាយត្រឡប់ត្រឡិន ដូចជា ៖ ក្នុងពេលរកសំឡេងឆ្នោត លោក Trump សន្យានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រឹមរយៈពេល២៤ម៉ោង ប៉ុន្តែតាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកម្តងទៀតរហូតមកដល់ពេលនេះ គឺនៅតែមានការបាញ់មីស៊ីល ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកដាក់គ្នាធ្វើឱ្យពលរដ្ឋអ៊ុយក្រែន-រុស្ស៊ីស្លាប់រាប់ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZggJYeI5hzjiFGXeM_jjYGdvYhK2O7FfyKOopd82Gh7q5XNqAStO-5MVeo4pfw6pdh7rYRYnxkd7vXoZwyjUlB2BAo1yah0G4zzrg7VRVrOIcUEUKxDlsZlrow61oRfWrvCF2EDxuCLrqMne1SuocTHPCt9x1oY_1AELnba56ppif02OcLuDaIAqemYo/s692/photo_2025-10-24_09-21-24%20(2).jpg

សង្គ្រាមនៅតំបន់កាហ្សាក៏ដូចគ្នាដែរ លោក Trump ប្រកាសបញ្ចប់ឱ្យឈប់បាញ់ជាបន្ទាន់ ប៉ុន្តែតាំងពីកាន់តំណែងជាប្រធានាធិបតីអាមេរិកបាន៩ខែ លោកទើបតែធ្វើឱ្យអ៊ីស្រាអែលនិងហាម៉ាស់ចុះហត្ថលេខាលើបទឈប់បាញ់ជារៀងរហូតកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។ លោក Trump អះអាងពីភាពជោគជ័យ ផ្ទុយទៅវិញ អ៊ីស្រាអែលនៅតែសម្លាប់ពលរដ្ឋប៉ាឡេស្ទីនបន្តទៀត គ្មានការឈប់បាញ់ពិតប្រាកដ ។

អតីតអ្នកសារព័ត៌មានថៃ លោក សុធីន បន្តថា វាដូចគ្នានឹងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលលោក Trump កំណត់ឱ្យប្រទេសទាំងពីរឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កងទ័ពថៃនៅតែដាច់ជើងដោយសារមីនកម្ពុជា ស្ថានការណ៍ព្រំដែននៅតែតានតឹង ហើយការប៉ះទង្គិចគ្នាអាចនឹងកើតឡើងគ្រប់ពេល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png

លោក សុធីន បានចោទប្រកាន់លោក Trump និយាយត្រឡប់ត្រឡិនគ្មានភាពប្រាកដប្រជា ក្រោយពីទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាច្រើនលើក រួចសន្និដ្ឋានថា រុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមបញ្ចប់សង្គ្រាម ដោយសារអ៊ុយក្រែនសុខចិត្តបាត់បង់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីដើម្បីប្តូរយកសន្តិភាព ។ មូលហេតុទាំងអស់នេះទើបពលរដ្ឋថៃ រួមទាំងខ្លួនលោកយល់ថា លោក Trump មិនស័ក្តិសម និងមិនគួរធ្វើជាអ្នកសម្របសម្រួលការចរចា ឬមិនគួរធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេស៊ីទេ ។

គួរបញ្ជាក់ថា តាំងពីឡើងកាន់តំណែងម្តងទៀត លោក Trump បានព្យាយាមចរចាបញ្ចប់សង្គ្រាមជាច្រើនកន្លែង រួមទាំងសង្គ្រាមកម្ពុជា-ថៃ ហើយត្រូវបានពិភពលោកចាត់ទុកលោកជាប្រធានាធិបតីសន្តិភាព ។ លោក Trump ថា នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេស៊ី ដោយសារលោកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសុខសន្តិភាពពិតប្រាកដ គោរពបទឈប់បាញ់ ជាពិសេស ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពឈ្លានពានបង្កជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKz5sFEpUiycddLAIw0f0evKyeeJN76XsYw3x-SFlrmyHh7CkVvTOQQ9uXGgm_QJdxyxbfVf_pukoYTuPukMOjTF3312inVrKNKr8KCtU9jdIvlnkNu_-fh0wwTA14VSZqO_g9lUP0bBv0EbrHtgLrNzFjvE3Y8N9mhfG-FzAoiamV2ngMftNE0ElSUX7n/s1024/image_2025-10-23_08-55-40%20(2).png

កាលពីថ្ងៃទី២២ ខែតុលា កន្លងមក ពលរដ្ឋថៃជាច្រើននាក់បានប្រមូលគ្នាធ្វើបាតុ.កម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីកុំឱ្យប្រធានាធិបតីអាមេរិកចូលពាក់ព័ន្ធនឹងជម្លោះកម្ពុជា-ថៃ និងចោទប្រកាន់ប្រធានាធិបតីអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃ ជាពិសេស ជម្លោះព្រំដែនជាមួយកម្ពុជា ។ ពលរដ្ឋថៃទាមទារឱ្យលោក Trump ដកខ្លួនចេញពីបញ្ហាជម្លោះព្រំដែន និងសុំដោះស្រាយបញ្ហាត្រឹមទ្វេភាគី មិនត្រូវការប្រទេសទី៣ ឬប្រទេសផ្សេងៗចូលមកពាក់ព័ន្ធទេ ៕